ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋបាលខេត្ត​ព្រះសីហនុ ប្រារព្ធ​ពិធី​ចម្រើន​ព្រះ​បរិត្ត​ជា​ពុទ្ធ​ជ័យ​មង្គល​ថ្វាយ​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ សីហមុនី ព្រះមហាក្សត្រ​ គម្រប់​ព្រះជន្ម ៦៥ យាង​ចូល ៦៦ ​ព្រះវស្សា​

​ព្រះសីហនុ​ ៖​ លោក យន្ត មីន អភិបាលនៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ នា​ព្រឹក​ថ្ងៃ​១១​ ខែឧសភា ២០១៨ ​នេះ​ បានដឹកនាំ​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ រៀបចំ​ពិធី​ចម្រើនព្រះ​បរិត្ត ជា​ពុទ្ធ​ជ័យមង្គល​ ថ្វាយព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ សីហមុនី ព្រះមហា​ក្សត្រ​ គម្រប់​ព្រះជន្ម​ ៦៥ យាងចូល ៦៦ ​ព្រះវស្សា នៅ​សាលា​ប្រជុំ​សាលាខេត្ត។​

​នៅក្នុង​ពី​ធី​នោះ លោក យន្ត មីន អាន​សារលិខិត​ថ្វាយព្រះពរដល់​ព្រះករុណា ព្រះបាទ ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះ មហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៃ​ព្រះរាជ​ពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៦៤ យាង​ចូល ៦៥ ​ព្រះវស្សា របស់​ព្រះ​ករុណា ជា​អម្ចាស់​ជីវិត​តម្កល់​លើ​ត្បូង ជាទី​គោរព​សក្ការ​ដ៏​ខ្ពង់ខ្ពស់ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទៅ​១៣-១៤ និង​ ១៥ ខែឧសភា ខាងមុខ តាងនាម​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាល​ខេត្ត មន្ត្រីរាជការគ្រប់លំដាប់​ថ្នាក់ និយោជិក បុគ្គលិក កម្មករ ព្រមទាំង​កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ សម្តែង​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការពរ​បវរ​សួស្តី សេរី​មង្គល​មហាប្រសើរ ថ្វាយ​ព្រះ​ព្រះករុណា ព្រះបាទ ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ព្រះអង្គ​មាន​ព្រះ​បញ្ញាញាណ​ឈ្លាសវៃ ព្រះកាយពល​មាំមួន ព្រះរាជសុខភាព​ល្អបរិបូរណ៍ និង​ព្រះ​ជន្មាយុ​យឺនយូរ ដើម្បី​គង់ប្រថាប់​នៅក្នុង​ព្រះ​បរម​រាជ្យ សម្បត្តិ ជា​ម្លប់​ត្រជាក់ត្រជុំ​ដល់​ប្រជារាស្ត្រ​ខ្មែរគ្រប់រូប​យូរអង្វែង​តរៀង​ទៅ។

ក្នុងឱកាស​ដ៏មហា​នក្ខត្ត​ ឬ​ក្យ​បវរ​ថ្លៃថ្លា ថ្វាយព្រះពរ​បវរ​មហា​ប្រសើរ សិរី​សួស្តី​ជ័យ​មង្គល វិបុល​សុខគ្រប់ប្រការ និង​សូមលើក​ហត្ថា​ទាំង​ទ្វេបួងសួង​គុណបុណ្យ​ព្រះ​រតនត្រ័យ​កែវ​ទាំងបី ទេវតា​រក្សា​ព្រះមហា​ស្វេតច្ឆត្រ និង​វត្ថុ​សក្ដិសិទ្ធិ​ក្នុង​លោក ព្រមទាំង​ព្រះ​វិញ្ញាណក្ខន្ធ​ អតីត​ព្រះមហាក្សត្រ ព្រះ​មហាក្សត្រី​យានី​ខ្មែរ​គ្រប់​ព្រះអង្គ ព្រះ​បរម​រតន​កោដ្ឋ សូមជួយ​ប្រោស​ប្រសិទ្ធពរ និង​បីបាច់​ថែរក្សាព្រះអង្គ​ជាទីគោរព និង​សក្ការៈ សូម​ព្រះអង្គ​មាន​ព្រះរាជ​ព្រះ​សុខភាព​បរិបូណ៌ ព្រះកាយ​ពល​មាំមួន ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ព្រះជន្ម​វស្សា​យឺនយូរ និង​ទ្រង់​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ក្នុង​ព្រះនាម​ព្រះមហាក្សត្រ​ជាតិខ្មែរ​ជានិច្ច​និរន្តរ​តទៅ៕​