ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​ក្រុមការងារ​ចលនា​យុវជន GOGO Cambdia អំពាវនាវ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ សូមអញ្ជើញ​មក​ចូលរួម​ត្បាញ​ក្រមា​វែង​ ១០០០​ ម៉ែត្រ​ឱ្យបាន​គ្រប់ៗ​គ្នា​

ភ្នំពេញ​៖ យុទ្ធនាការ​ក្រមា​វែង ១០០០ ​ម៉ែត្រ បំបែក​​ឯតទគ្គកម្ម​ជាប់​ជា​ក្រមា​វែង​ជាងគេ​បំផុត​នៅលើពិភពលោក បាន​ឈានចូល​ជិត​ដល់ពេល​បញ្ចប់​ហើយ នៅសល់​ពេល​តែមួយ​ខែ ឬ​ពីរ​ខែទៀត​ប៉ុណ្ណោះ ហើយ​បន្ទាប់​ពិធី​វាស់វែង​ក្រមា​វែង​រួច ក្រុមការងារ​យើង​នឹង​រៀបចំ​ពិធី​ដង្ហែ​ក្បួនក្រមា​វែង​ជាងគេ​បំផុត​លើ​ពិភពលោក​នេះ ដើម្បី​បង្ហាញ​ពី​មោទនភាពនៃ​ស្នាដៃ​បង្កើត​ថ្មី ដែលលេច​ចេញពី​ការរួបរួម​គ្នា​សម្រេចបាន​ដោយ​ជោគជ័យ​នេះ​បានដឹង​ទាំងអស់គ្នា​។ នេះ​បើតាមប្រសាសន៍​លោក​បណ្ឌិត សា​នវ​ឌ្ឍ​នា ប្រធាន​ក្រុមការងារ​ចលនា​យុវជន GOGO Cambdia បានលើកឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ថ្ងៃទី១០ ខែឧសភា​ នេះ​។

​លោក​ប្រធាន​ចលនា​យុវជន GOGO Cambdia រូបនេះ​បានបញ្ជាក់​ទៀតថា យុទ្ធនាការ​ក្រមា ១០០០ ម៉ែត្រ បំបែក​ឯតទគ្គកម្ម​ក្រ​មា​វែង​ជាងគេ​បំផុត​លើ​ពិភពលោក​នេះ បាន​បើក​ជា​សាធារណៈ​ឱ្យ​បងប្អូនប្រជាពលរដ្ឋ​គ្រប់​ស្រទាបវណ្ណៈ ដោយ​មិន​ប្រកាន់​និន្នាការ ដើម្បី​អញ្ជើញ​ចូលរួម​ត្បាញ​ក្រមាវែង​ដោយផ្ទាល់​ដៃ​នៅ​ទីតាំង​វាល​ព្រះមេរុ​ខាងជើង​ព្រះបរមរាជវាំង ចាប់ពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ២០១៨​មក​។ រយៈពេល​បី​ខែ​មកនេះ ចលនា​យុវជន GOGO Cambdia បានទទួល​អ្នក​ដែល​មកចុះឈ្មោះ​ត្រៀម​ត្បាញ​ក្រមា​វែង​ជាង ១​ ម៉ឺន​នាក់ អ្នក​ដែល​បាន​ចូលរួម​ត្បាញ​កី​ធំ ​១០០០ ​ម៉ែត្រ មាន​ជិត​ ១ ​ម៉ឺន​នាក់​។ ជា​លទ្ធផល​មកដល់ពេលនេះ ដំណើរការ​ត្បាញ​ក្រមា​វែង​បាន​ជាង ៦០០ ​ម៉ែត្រ​ហើយ​។ លទ្ធផល​ដ៏​ល្អ​នេះ​ គឺ​កើតឡើង​តាមរយៈ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​គ្រប់រូប ដែលអញ្ជើញ​មក​ត្បាញ​នៅទីនេះ​។

លោក​បន្តថា​ ពេលវេលា​នៅសល់តែ​មួយខែ ឬ​ពីរ​ខែ​ទៀត​ប៉ុណ្ណោះ យើង​នឹង​បញ្ចប់​យុទ្ធនាការ​ត្បាញក្រមា​ ១០០០ ​ម៉ែត្រ​នេះ លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង​អញ្ជើញ​មក​ត្បាញក្រមា​ឱ្យបាន​គ្រប់គ្នា នៅ​វាល​ព្រះមេរុ ដើម្បី​រួមគ្នា​ជំរុញ​ការ​បំបែក​ឯតទគ្គកម្ម​ត្បាញ​ក្រមា​វែងជាងគេ​បំផុត ១០០០​ ម៉ែត្រ​នេះ ​ឱ្យបាន​សម្រេច​ជោគជ័យ​តាម​កាលកំណត់​។ គោលបំណង​នៃការ​ត្បាញ​ក្រមា​វែង​ជាងគេ​បំផុត​លើ​ពិភពលោក​នេះ ១-​ចង់​លើកតម្កើង​នូវ​វប្បធម៌​មរតក​ដ៏មានតម្លៃ​របស់​ខ្មែរ ដែលមាន​ភាពសាមញ្ញ តែមាន​ភាព​ជិតស្និទ្ធ​ជាមួយ​ប្រជាជន​ខ្មែរ ហើយ​សរសៃនីមួយៗ​នៃ​ក្រមារ គឺជា​រឿង​រាវ​ច​រិ​តពិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ​យើង ទី​២-​ចង់​ជំរុញ​បរិយាកាសឱ្យមាន​ការចូល​រួមគ្នា ក្នុងការ​បង្កើត​ស្នាដៃ​អ្វីមួយ ដែល​លើកតម្កើង​មោទនភាព​ជាតិ​លើឆាក​អន្តរជាតិ ជា​ស្នាដៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់គ្នា​ធ្វើជា​ម្ចាស់ នៅក្នុង​ការចូលរួម​បំបែកឯតទគ្គកម្ម​ក្រមា​វែង​ជាងគេ​បំផុត​នៅលើ​ពិភពលោក​។ ទី​៣-​ដើម្បី​បញ្ជ្រាប​នូវ​ស្មារតី​ខ្មែរ​យើងតាមរយៈ​ការរួម​គ្នា​ធ្វើជា​ម្ចាស់​ស្នាដៃ​ឯតទគ្គកម្ម​នេះ ក៏ដូចជា​បំផុសស្មារតី​ខ្មែរ​យើង​រួបរួមគ្នាតទៅ​ថ្ងៃក្រោយ​ទៀត ដើម្បី​បង្កើត​ស្នាដៃ​ថ្មីៗ​ជាច្រើន​ថែមទៀត សម្រាប់​ជា​មោទនភាព​ជាតិលើ​ឆាក​អន្តរជាតិ​។ លោក​ក៏​សូម​អរគុណ​ដល់​អ្នកសារព័ត៌មាន ដែល​បាន​ចូលរួម​ជួយ​ផ្សព្វផ្សាយធ្វើឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​យើង មក​ចូលរួម​ត្បាញ​ក្រមា​វែង​យ៉ាង​ផុលផុស​ប្រកបដោយ​ក្តីស្រឡាញ់​វប្បធម៌​ខ្មែរ​លើសពី​មុនៗ​។

​លោក រិ​ន សុខុន អនុប្រធាន​ការិយាល័យ​អភិវឌ្ឍន៍​ធនធានមនុស្ស​កាកបាទ​ក្រហម​កម្ពុជា​ បានបញ្ជាក់ថា វត្តមាន​របស់លោក​នា​ថ្ងៃនេះ ​ដើម្បី​មក​ចូលរួម​ត្បាញ​ក្រមា​បំបែក​ឯតទគ្គកម្មពិភពលោក ១០០០​ ម៉ែត្រ ដែល​រៀបចំ​ដោយ​ក្រុមការងារ​ចលនា​យុវជន ​GOGO Cambdia ជាមួយនឹង​សមាជិក​កាកបាទក្រហមកម្ពុជា​ដ​ទៃទៀត​ប្រមាណ ៣០ ​នាក់ ដើម្បី​បង្ហាញ​ពីការស្រឡាញ់​វប្បធម៌​ជាតិ​របស់​យើង​។ ពិសេស​បង្ហាញ​អោយ​ពិភពលោក​ដឹងថា ខ្មែរ​យើង​មានវប្បធម៌​ប្រពៃណី​ដ៏​យូរលង់​ណាស់​មកហើយ​។ ក្នុងនាម​ជា​យុវជន ​លោក​សូម​អំពាវ​អោយ​យុវជនដទៃ​ទៀត ក៏​ដូច​ប្រជាជន​ខ្មែរ​នៅ​ទូទាំងប្រទេស​ បើ​មាន​ពេលវេលា​អាច​អញ្ជើញ​មក​ចូលរួមត្បាញ​ក្រមា​ម្នាក់​បន្តិចៗ ដើម្បី​រួមចំណែក​បំបែក​ឯតទគ្គកម្ម​ក្រមា​វែង​ ១០០០ ​ម៉ែត្រ ឆាប់សម្រេច​លទ្ធផល​ទៅតាម​ការគ្រោងទុក​រប​ស់​ក្រុមការងារ​ចលនា​យុវជន​ GOGO Cambdia៕ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114