ព័ត៍មានទាន់​ហេតុការណ៏
Search

សហ​រដ្ឋអាមេរិក​ ប្ដេជ្ញា​ធ្វើ​ឲ្យ​កូរ៉េខាងជើង​ក្លាយជា​ប្រទេស​អ្នក​មាន​ប្រសិនបើ​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ

សហរដ្ឋអាមេរិក​បាន​សន្យា​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​នឹង​ធ្វើការ​ដើម្បី​ស្តារ​សេដ្ឋកិច្ច​របស់​ប្រទេស​កូរ៉េខាងជើង​ឡើងវិញ​ ប្រសិនបើ​របប​លោក​គីម​ជុង​អ៊ុន​ព្រមព្រៀង​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​។​

ការសន្យា​របស់​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អាមេរិក​លោក Mike Pompeo បាន​ធ្វើឡើង​ខណៈដែល​ក្រុមមន្ត្រី​ជាន់ខ្ពស់​អាមេរិក​បានបង្ហាញ​ពី​សុទិដ្ឋិនិយម​កាន់តែខ្លាំង​មុន​កិច្ចប្រជុំ​កំពូល​ថ្ងៃទី​១២​ខែមិថុនា​រវាង​មេដឹកនាំ​កូរ៉េខាងជើង​គីម​ជុង​អ៊ុន​និង​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​។​

លោក Pompeo ដែល​បានធ្វើ​កិច្ចចរចា​ជាមួយ​មេដឹកនាំ​វ័យក្មេង​របស់​ក្រុង​ព្យុងយ៉ាង​កាលពី​ចុង​សប្តាហ៍​បាន​និយាយថា “​យើង​មានការ​យល់ដឹង​ដ៏​ល្អ​រវាង​ប្រទេស​របស់​យើង​ទាំងពីរ​អំពី​អ្វី​ដែលជា​គោលដៅ​រួម​”​។​

លោក​បាន​និយាយ​បែបនេះ​បន្ទាប់ពី​កិច្ចចរចា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង​លោកស្រី Kang Kyung-wha ដើម្បី​សម្របសម្រួល​អំពី​ការរៀបចំ​របស់​ទីក្រុង​វ៉ាស៊ីនតោន​និង​ក្រុង​សេ​អ៊ូ​ល​សម្រាប់​ការជួបប្រជុំ​ជា​ប្រវត្តិសាស្ត្រ​។​

លោក ត្រាំ និង​ប្រធានាធិបតី​ប្រទេស​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន នឹង​ជួបប្រជុំ​នៅ​ថ្ងៃទី​២២​ខែឧសភា​នៅ​សេត​វិមាន​សម្រាប់​ការធ្វើផែនការ​បន្ទាប់​។​

លោក Pompeo បាន​និយាយថា សហរដ្ឋអាមេរិក​នឹង​បន្ត​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កូរ៉េខាងជើង​ដែល​សេដ្ឋកិច្ច​នេះ​ត្រូវបាន​បំផ្លិចបំផ្លាញ​ដោយ​ការគ្រប់គ្រង​ខុសឆ្គង​របស់ខ្លួន​ដោយផ្ទាល់​និង​ការដាក់ទណ្ឌកម្ម​ពី​អន្តរជាតិ​។​

លោក​បាន​និយាយថា “​ប្រសិនបើ​កូរ៉េខាងជើង​ចាត់វិធានការ​តឹងរ៉ឹង​ដើម្បី​លប់បំបាត់​នុយក្លេអ៊ែ​រយ៉ា​ង​ឆាប់រហ័ស​នោះ សហរដ្ឋអាមេរិក​នឹង​ត្រៀមខ្លួន​ធ្វើការ​ជាមួយ​កូរ៉េខាងជើង​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ភាពរុងរឿង​ដូចគ្នា​ទៅនឹង​មិត្តភក្តិ​កូរ៉េខាងត្បូង​របស់​យើង​ដែរ​”​។​

ចាប់តាំងពី​បទ​ឈប់​បាញ់​ឆ្នាំ​១៩៥៣​បានបញ្ចប់​ការធ្វើ​សង្គ្រាម​រវាង​កូរ៉េខាងជើង​និង​កូរ៉េខាងត្បូង​មក​, កូរ៉េខាងត្បូង​បាន​ងើប​ចេញពី​ការបំផ្លិចបំផ្លាញ​ដើម្បី​ក្លាយទៅជា​ប្រទេស​សេដ្ឋកិច្ច​ឈានមុខ​គេ​មួយ​នៅក្នុង​ពិភពលោក​។​

ប៉ុន្តែ​កូរ៉េខាងជើង​នៅតែ​ជា​រដ្ឋ​ឯកោ​បំផុត​មួយ​ក្នុង​ពិភពលោក​ហើយ​សេដ្ឋកិច្ច​របស់ខ្លួន​ត្រូវបាន​រង​ការវាយប្រហារ​បន្ថែមទៀត​ដោយ​យុទ្ធនាការ “​បង្ខិតបង្ខំ​អតិបរមា​” ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​។​

លោក Pompeo បាន​ជិះ​យន្តហោះ​ទៅ​ទីក្រុង​ព្យុងយ៉ាង​ដើម្បី​ធ្វើការ​ចរចា​និង​ដោះលែង​ជន​ជាប់ឃុំ​អាមេរិក​ចំនួន​បីនាក់​ហើយ​ពេលនេះ កិច្ចប្រជុំ​កំពូល​មួយ​ត្រូវបាន​កំណត់​យក​ថ្ងៃទី​១២​ខែមិថុនា​នៅក្នុង​ប្រទេស​សិង្ហ​បុរី​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684