ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រទេស​ចិន​រម្លឹក​ខួប​១០​ឆ្នាំ​នៃ​ការ​រញ្ជួយ​ដី​ដ៏​បំផ្លិចបំផ្លាញ

នៅ​ថ្ងៃ​សៅរ៍ ប្រទេស​ចិន​ បាន​រម្លឹក​ខួប​១០​ឆ្នាំ​នៃ​ការ​រញ្ជួយ​ដី​ដ៏​ធំ​មួយ ​ដែល​បាន​សម្លាប់​មនុស្ស​រាប់​ម៉ឺន​នាក់​នៅ​ខេត្ត​ស៊ី​ឈួន ​ភាគ​និរតី​ និង​បាន​បន្សល់ទុក​នូវ​ស្នាមរបួស​លើ​ប្រទេស​នេះ​ ដែល​មិន​ទាន់​បាន​ជាសះស្បើយ​យ៉ាង​ពេញលេញ​នៅឡើយ​ទេ។

មនុស្ស​ជាង​៨៧,០០០​នាក់​បាន​ស្លាប់​ឬ​បាត់​ខ្លួន​នៅពេល​ការរញ្ជួយ​ដី​កម្រិត​៧,៩​រ៉ិ​ច​ទ័​រ​វាយប្រហារ​ខេត្ត​ស៊ី​ឈួន​នៅ​រសៀល​ថ្ងៃទី​១២​ខែឧសភា​ឆ្នាំ​២០០៨​។ ចំនួន​អ្នកស្លាប់​និង​រងរបួស​ក៏​រួមមាន​ទាំង​សិស្សសាលា​តូចៗ​ចំនួន​៥,៣៣៥​នាក់​ផងដែរ។

គ្រោះមហន្តរាយ​នេះ​បាន​បណ្តាល​ឲ្យ​មាន​ភាព​សោកសៅ​យ៉ាង​ធំធេង​នៅក្នុង​ប្រទេស​ចិន​ប៉ុន្តែ​ក៏មាន​ការខឹង​សម្បារ​ផងដែរ​បន្ទាប់ពី​មាន​ព័ត៌មាន​លេចឮ​ថា សាលារៀន​ចំនួន​៧,០០០​សាលា​ត្រូវ​រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដោយ​បង្ក​ឲ្យ​មានការ​ចោទប្រកាន់​ពី​ការសាងសង់​ដែលមាន​គុណភាព​ខ្សោយ​និង​អំពើពុករលួយ។

អស់​រយៈពេល​មួយ​ទសវត្សរ៍​មកហើយ រដ្ឋាភិបាល​នៅតែ​មិនបាន​បង្ហាញ​លទ្ធផល​អំពី​ការស៊ើបអង្កេត​ជា​ផ្លូវការ​លើ​ការចោទប្រកាន់​នេះ​។​

ឥឡូវនេះ សូម្បីតែ​អ្នកធ្វើ​យុទ្ធនាការ​និង​ឪពុកម្តាយ​ក៏​នៅតែ​ស្វែងរក​ចម្លើយ​ផងដែរ​អំពី​ថា​តើ​ការរញ្ជួយ​ដី​នោះបាន​បំផ្លិចបំផ្លាញ​សាលារៀន​យ៉ាងច្រើន​ដោយ​របៀប​ណា​បើទោះបីជា​វា​វាយប្រហារ​ក្នុងអំឡុងពេល​វេន​រៀន​ពេល​ថ្ងៃ​ក៏ដោយ​។​

ការរញ្ជួយ​ដី​នោះ​ប្រហែលជា​ព្រឹត្តិការណ៍​មួយ​ក្នុងចំណោម​ព្រឹត្តិការណ៍​សំខាន់បំផុត​នៅក្នុង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​ចិន​។​

សព្វថ្ងៃនេះ ទីក្រុង​និង​ភូមិ​ដែល​ត្រូវបាន​បំផ្លិចបំផ្លាញ​ភាគច្រើន​គឺ​ត្រូវបាន​ស្ថាបនា​ឡើងវិញ​ហើយ​បន្ទាប់ពី​រដ្ឋាភិបាល​ចំណាយ​ប្រាក់​រាប់ពាន់​លាន​ដុល្លារ​ទៅក្នុង​កិច្ចប្រឹងប្រែង​ជួយសង្គ្រោះ​។​

ផ្លូវថ្នល់ ខ្សែ​អគ្គីសនី​និង​ប្រព័ន្ធ​ទំនាក់ទំនង​ថ្មីៗ​ត្រូវបាន​ត​ភ្ជាប់​ពី​តំបន់​ដាច់ស្រយាល​ទៅកាន់​ទីក្រុង Chengdu ។​

ជីវភាព​រស់នៅ​របស់​អ្នក​រស់រានមានជីវិត​គឺមាន​ភាពល្អ​ប្រសើរឡើង​យ៉ាងខ្លាំង​ដោយសារតែ​ពួកគេ​ទទួលបាន​ផលប្រយោជន៍​ពី​ភ្ញៀវទេសចរ​ដែល​ចូលក្នុង​តំបន់​នេះ​ដើម្បី​មើល​អំពី​ការបំផ្លិចបំផ្លាញ​៕ AFP