ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម តាំងចិត្ត​ធ្វើឱ្យ​ល្អ​បន្ថែមទៀត ខណៈ ចាន់ វឌ្ឍនាកា បន្ត​លើកទឹកចិត្ត​

​ក្រោយ​បញ្ចប់​កិច្ចសន្យា​ជាមួយ​ក្លិប​បាល់ទាត់ Negeri Sembilan FA សមាជិក​ពានរង្វាន់​លី​គ​កំពូលប្រទេស​ម៉ាឡេស៊ី (Malaysia Super League) កាលពីពេល​ថ្មីៗ ខ្សែប្រយុទ្ធ​ក្នុង​ក្រុម​ជម្រើសជាតិកម្ពុជា កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម បាន​តាំង​ចិត្តនឹង​ធ្វើឱ្យ​ល្អ​ថែមទៀត ក្រោយ​ខកចិត្តនៅក្រៅ​ប្រទេស​ជា​លើកដំបូង​នេះ​។​

​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម បានលើកឡើង​ក្រោយ​បញ្ចប់​កិច្ចសន្យានៅ​ម៉ាឡេស៊ីថា​ «​ពេលនេះ​អ្វីៗ​ត្រូវបាន​ចប់​ហើយ អ្វីដែល​សំខាន់​នោះ​ គឺ​ថ្ងៃ​តទៅ​ថ្ងៃមុខទៀត​ខ្ញុំ​នឹង​យក​បទ​ពិសោធ​ទាំងអស់នោះមក​ហាត់រៀន​បន្ថែមទៀត ព្រោះនេះ​ជា​លើកដំបូង ហើយ​ពាក្យ​ថា​កីឡាករ​ គឺ​គ្មាន​ថ្ងៃ​គ្រប់គ្រាន់​ឡើយ​។ ​ជួបគ្នា​ឆាប់ៗ​នេះ​»​។ យ៉ាងណាក្តី​កីឡាករ​រូបនេះមិនបាន​បញ្ជាក់​អំពី​ក្លិប​ថ្មី​ជា​បន្ត​របស់ខ្លួន​ ឬ​ត្រឡប់មក​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង វិញ​នោះទេ​។ ចំណែក​កីឡាករ ចាន់ វឌ្ឍនាកា វិញ​បាន​ចូល​ឆ្លើយតប​នៅក្នុង​ការ​បង្ហោះ​របស់ ប្រាក់ មុន្នី​ឧ​ត្ត​ម ថា​ «ត្រូវ​ព្យាយាម​ទៀត​បង​»​។​

​ប្រាក់ មុន្នី​ឧ​ត្ត​ម ម្ចាស់​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​ ២០១៧ ជា​កីឡាករ​កម្ពុ​ជាទី​៤​ ដែល​ចេញទៅ​ប្រកប​អាជីព​នៅ​លី​គ​កំពូល​ប្រទេស​ម៉ាឡេស៊ី បន្ទាប់ពី​កីឡាករ កែវ សុខ​ផេង ទៅកាន់​ក្លិប PKNP FC,ចាន់ វឌ្ឍនាកា ទៅ Panhag FA និង​កីឡាករ ធា​រី ចន្ថា​ប៊ី​ន ទៅកាន់​ក្លិប​ Terengganu FC​។ ប៉ុន្តែ​គិត​ត្រឹម​ពេលនេះ ​កម្ពុជា នៅសល់តែ ធា​រី ចន្ថា​ប៊ី​ន ប៉ុណ្ណោះ​ដែលបន្ត​លេង​នៅ​ម៉ាឡេស៊ី ចំណែកបី​នាក់​ផ្សេងទៀត​ចប់​កិច្ចសន្យា​អស់ហើយ​។​

​នេះ​ជា​ក្លិប​ទី​២​ ដែល ប្រាក់ មុន្នី​ឧ​ត្ត​ម សម្រេច​ប្រកប​អាជីព​បាល់ទាត់​របស់គេ​ហើយ ខណៈ​រូបគេ​មិនធ្លាប់​ប្តូរ​ក្លិប​ណា​ផ្សេង​ក្រៅពី​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង នោះទេ​គិតពី​ឆ្នាំ ​២០០៩ មក​។ រូបគេ​ធ្លាប់បង្ហាញខ្លួន​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា តាំងពី U19, U22, U23 និង​ឈុត​ធំ​ផងដែរ​។ បើនិយាយ​ពី​ពានរង្វាន់​ដែល​កីឡាករ​រូបនេះ​ធ្លាប់​ឈ្នះ​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀងវិញមានដូចជា ​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ឆ្នាំ​ ២០១៣ និង​ឈ្នះ​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន ឆ្នាំ ​២០១១, ២០១២,២០១៥ និង​ ២០១៧ ខណៈ​នៅ​ឆ្នាំ​ ២០១៥ ប្រាក់ មុន្នី​ឧ​ត្ត​ម ឈ្នះពានរង្វាន់​ស្បែកជើង​មាស ក្រោយ​រក​គ្រាប់​បាល់​បាន​ច្រើនជាងគេ​ និង​ឆ្នាំ​ ២០១៧ រូបគេ​ឈ្នះពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ពានរង្វាន់​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114