ព័ត៍មានទាន់​ហេតុការណ៏
Search

អ៊ីរ៉ង់​ ងាក​ទៅ​រក​ផ្នែក​ការទូត​ចំ​ពេល​មាន​ភាព​តានតឹង​ខ្ពស់​នៅក្នុង​តំបន់

រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់​នឹង​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​ការទូត​មួយ​ដើម្បី​ព្យាយាម​ជួយសង្គ្រោះ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ចំ​ពេល​មាន​ភាព​តានតឹង​ខ្ពស់​ បន្ទាប់ពី​ការ​ដកខ្លួន​របស់​សហ​រដ្ឋ​អាមេរិក​និង​ភាព​ភ័យខ្លាច​ជា​ស​កល​ជុំវិញ​របាយការណ៍​នៃ​ការ​ប៉ះទង្គិច​មិន​ធ្លាប់​មាន​ពីមុន​ជាមួយ​អ៊ីស្រាអែល​នៅក្នុង​ប្រទេស​ស៊ី​រី។

អ្នកនាំពាក្យ​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា លោក Mohammad Javad Zarif នឹង​ចាកចេញ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​សម្រាប់​ដំណើរ​ទស្សនកិច្ច​ទៅ​ទីក្រុង​ប៉េកាំង មូ​ស្គូ​និង​ប្រ៊ុ​ស​សែ​លហើយ​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ភាគី​នៅសល់​ទាំង​៥​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ឆ្នាំ​២០១៥​។​

ប្រទេស​អ៊ីរ៉ង់​បានបង្ហាញ​ខ្លួន​ថា​មិន​ចង់​ចូលក្នុង​ជម្លោះ​ក្នុង​តំបន់​កាន់តែ​ទូលំទូលាយ​ជាមួយ​អ៊ីស្រាអែល​ទេ​ក្នុងអំឡុងពេល​នៃ​ការចរចា​ដ៏​រសើប​ថ្វីបើ​មានការ​អះអាង​របស់​អ៊ី​ស្រា​អ៊ែ​ល​ថា ខ្លួន​បាន​វាយប្រហារ​គោលដៅ​អ៊ីរ៉ង់​ជាច្រើន​នៅក្នុង​ប្រទេស​ស៊ី​រី​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ក៏ដោយ​។​

អ៊ីស្រាអែល​បាន​និយាយថា ការវាយប្រហារ​នោះ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​មី​ស៊ី​ល​ដែល​បាញ់​ចេញពី​ភាគខាងត្បូង​ប្រទេស​ស៊ី​រី​ដោយ​កងកម្លាំង Quds របស់​អ៊ីរ៉ង់​ដែល​បាន​វាយប្រហារ​ចំ​តំបន់ Golan Heights ប៉ុន្តែ​មិនបាន​បណ្តាល​ឲ្យ​មាន​អ្នកស្លាប់​និង​របួស​ទេ​។​

ប៉ុន្តែ​អ៊ីរ៉ង់​បាន​បដិសេដ​យ៉ាងខ្លាំង​ចំពោះ​ការលើកឡើង​របស់​អ៊ីស្រាអែល​ដោយនិយាយ​ថា ការវាយប្រហារ​របស់​អ៊ីស្រាអែល​ត្រូវបាន​អនុវត្ត​ដោយ​ប្រើ “​លេស​ខុសឆ្គង​”​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក Bahram Ghasemi បាន​និយាយថា “​ការវាយប្រហារ​ម្តង​ហើយ​ម្តងទៀត​ដោយ​របប Zionist នៅលើ​ទឹកដី​ស៊ី​រី​គឺ​ត្រូវបាន​អនុវត្ត​ក្រោមលេស​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ខ្លួនឯង​ហើយ​គ្មាន​មូលដ្ឋានគ្រឹះ​”​។​

គួរ​បញ្ជាក់ថា លោក Zarif នឹងធ្វើ​កិច្ចចរចា​ជាមួយ​ភាគី​ផ្សេងទៀត​ក្នុង​កិច្ចព្រមព្រៀង​នេះ​ដោយ​លើកដំបូង​នៅ​ទីក្រុង​ប៉េកាំង​និង​មូ​ស្គូ​ហើយ​បន្ទាប់មក​ជាមួយ​សមភា​គី​របស់លោក​មកពី​ចក្រ​ភាព​អង់គ្លេស បារាំង​និង​អាល្លឺម៉ង់​ក្នុង​ទីក្រុង​ប្រ៊ុ​ស​សែ​ល​នៅ​ថ្ងៃ​អង្គារ​។​

ភាគី​ទាំង​៥​បាន​ថ្កោលទោស​ទង្វើ​របស់លោក Trump ដែល​ដើរ​ចេញពី​កិច្ចព្រមព្រៀង​នេះ​និង​ដាក់​ដាក់ទណ្ឌកម្ម​ធ្ងន់ធ្ងរ​ជាថ្មី​ប៉ុន្ដែ​ក្រុមហ៊ុន​អឺរ៉ុប​គឺ​នឹង​ងាយ​រង​សម្ពាធ​សេដ្ឋកិច្ច​ពី​ទីក្រុង​វ៉ាស៊ីនតោន​៕ AFP