ព័ត៍មានទាន់​ហេតុការណ៏
Search

អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក​ Najib ត្រូវ​ជាប់​បំរាម​ធ្វើដំណើរ​ក្រោយ​ចាញ់ឆ្នោត

នៅ​ថ្ងៃ​សៅរ៍ អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak ត្រូវ​ជាប់​បំរាម​ធ្វើដំណើរ​ ក្រោយ​ការ​ប្រកាស​ថា គាត់​នឹង “​សម្រាក​រយៈពេល​ខ្លី​” បន្ទាប់ពី​ការ​ចាញ់ឆ្នោត​ ខណៈ​ហ្វូងមនុស្ស​ដែលមាន​កំហឹង​បាននាំគ្នា​ទៅ​ព្រលានយន្តហោះ​ស្របពេល​មានការ​រំពឹងទុក​ថា គាត់​នឹង​ចាក​ចេញពី​ប្រទេស​។​

របាយការណ៍​បាន​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ថា លោក Najib និង​ភរិយា​របស់គាត់​ឈ្មោះ Rosmah Mansor គ្រោង​នឹង​ជិះ​យន្ដហោះ​ផ្ទាល់ខ្លួន​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី​។​

ក្រុមចម្រុះ Barisan Nasional (BN) របស់លោក Najib ដែល​កាន់អំណាច​យូរអង្វែង​មកហើយ​នោះ​គឺ​ទទួលរង​បរាជ័យ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក្នុងការ​បោះឆ្នោត​ក្រោម​ថ្វីដៃ​របស់​សម្ព័ន្ធភាព​មួយ​ដែល​ដឹកនាំ​ដោយ​លោក Mahathir Mohamad អាយុ​៩២​ឆ្នាំ​ដែលជា​អតីត​នាយករដ្ឋមន្ត្រី​វិល​ត្រឡប់មក​ប្រជែង​ជាមួយ​លោក Najib វិញ​។​

ចាប់តាំងពី​បរាជ័យ​របស់គាត់​, មានការ​រំពឹងទុក​ថា លោក Najib និង​ប្រពន្ធ​របស់គាត់​អាច​ព្យាយាម​គេច​ចេញពី​ប្រទេស​ខណៈពេលដែល​រដ្ឋាភិបាល​ថ្មី​បាន​ប្តេជ្ញា​ស៊ើបអង្កេត​លើ​រឿងអាស្រូវ​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​ដែល​អតីត​មេដឹកនាំ​រូបនេះ​មាន​ជាប់​ពាក់ព័ន្ធ​។​

នៅក្នុង​ការ​បង្ហោះ Twitter ពេលព្រឹក​ព្រលឹម​ជា​បន្តបន្ទាប់ លោក Najib បាន​និយាយថា “​ខ្ញុំ​នឹង​សម្រាក​រយៈពេល​ខ្លី​ដើម្បី​ចំណាយពេល​ជាមួយ​គ្រួសារ​របស់ខ្ញុំ​ដែល​ខ្ញុំ​មិនបាន​មើលថែ​គ្រប់គ្រាន់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ ខ្ញុំ​សូម​អធិស្ឋាន​ថា បន្ទាប់ពី​រយៈពេល​បែកបាក់​នេះ ប្រទេស​នេះ​នឹង​បង្រួបបង្រួម​។ ខ្ញុំ​សុំទោស​ចំពោះ​គុណ​វិបត្ដិ​និង​កំហុសឆ្គង​ណាមួយ​ហើយ​ខ្ញុំ​សូម​អរគុណ​ដល់​ប្រជាជន​សម្រាប់​ឱកាស​ក្នុងការ​ដឹកនាំ​ប្រទេស​ដ៏​អស្ចារ្យ​របស់​យើង​”​។​

ទោះបីជា​យ៉ាងណាក៏ដោយ គាត់​មិនបាន​ផ្តល់ព័ត៌មាន​លម្អិត​អំពី​ផែនការ​របស់គាត់​ទេ​។​
​មនុស្ស​ប្រហែល​៤០​នាក់​អមដំណើរ​ដោយ​អ្នកសារព័ត៌មាន​បាន​ទៅដល់​ព្រលានយន្តហោះ Subang ដែលជា​ព្រលានយន្តហោះ​ដ៏​តូច​មួយ​នៅ​ខាងក្រៅ​រាជធានី​។ ប៉ូលិស​កុបកម្ម​ត្រូវបាន​ដាក់ពង្រាយ​នៅ​ខាងក្រៅ​ខ្លោងទ្វារ​ដែលជា​កន្លែង​ពួកគេ​ជឿថា លោក Najib នឹង​ចូល​។​

ឡាន​ពណ៌​ស​មួយគ្រឿង​ដែលមាន​បង្អួច​មើលឃើញ​ព្រាលៗ​ត្រូវបាន​ព័ទ្ធជុំវិញ​ដោយ​ហ្វូងមនុស្ស​ដែលមាន​កំហឹង​ដែល​ទាមទារ​ឲ្យ​បើក​បង្អួច​ដើម្បី​ឲ្យ​ពួកគេ​អាច​មើលឃើញថា​តើន​រណា​នៅ​ខាងក្នុង។

មាន​មនុស្សម្នា​ក់បាន​បើក​បង្អួច​ឡាន​ដើម្បី​បង្ហាញថា លោក Najib មិន​នៅ​ខាងក្នុង​ទេ​ហើយ​ហ្វូងមនុស្ស​បាន​ដកថយ​និង​អនុញ្ញាត​ឲ្យ​ឡាន​ចូលទៅក្នុង​អាកាសយានដ្ឋាន​។​

លោក Mustafar Ali អគ្គនាយក​នៃ​នាយកដ្ឋាន​អន្តោប្រវេសន៍​បាន​ប្រាប់ AFP ថា “​នាយកដ្ឋាន​អន្តោប្រវេសន៍​ទើបតែ​ដាក់​លោក Najib និង​ភរិយា​ឈ្មោះ Rosmah ចូលក្នុង​បញ្ជីខ្មៅ​ពី​ការចាកចេញ​ពី​ប្រទេស​”​។​

លោក Najib បាន​និយាយ​នៅក្នុង Twitter ថា “​ខ្ញុំ​ទើបតែ​ត្រូវបាន​ជូនដំណឹង​ដោយ​នាយកដ្ឋាន​អន្តោប្រវេសន៍​ម៉ាឡេស៊ី​ថា គ្រួសារ​របស់ខ្ញុំ​និង​ខ្ញុំ​គឺ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ទៅ​ក្រៅប្រទេស​ទេ​។ ខ្ញុំ​គោរព​សេចក្តីសម្រេច​នេះហើយ​ខ្ញុំ​នឹង​នៅតែ​ស្នាក់នៅ​ក្នុងប្រទេស​ជាមួយ​គ្រួសារ​របស់ខ្ញុំ​”​។​

ជ័យជម្នះ​របស់លោក Mahathir បាន​បំបែក​អំណាច​នៃ​ក្រុមចម្រុះ Barisan Nasional (BN) របស់លោក Najib ដែល​គ្រប់គ្រង​ប្រទេស​ម៉ាឡេស៊ី​ដោយ​គ្មាន​ការរំខាន​ចាប់តាំងពី​ទទួលបាន​ឯករាជ្យភាព​ពី​ចក្រភព​អង់គ្លេស​ក្នុង​ឆ្នាំ​១៩៥៧​។​

តំណែង​នាយករដ្ឋមន្ត្រី​របស់លោក Najib ត្រូវបាន​រំខាន​ដោយ​ការចោទប្រកាន់ថា លោក​បានទទួល​ខុសត្រូវ​ចំពោះ​ការ​លួច​លុយរាប់​ពាន់​លាន​ដុល្លារ​ពី​មូលនិធិ​ទ្រព្យសម្បត្តិ 1MDB ៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684