ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​ដើម្បី​ធាន​នូវ​សុខសន្តិភាព

​ភ្នំពេញ ៖ ខណៈដែល​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​៦ និង ចូលមក​ដល់​នៅ​ថ្ងៃទី ២៩ ខែ កក្កដា ដែល​នៅសល់​ប្រមាណ​ជាង ២ ខែ​ទៀត​នោះ​។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​និង ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​បានចេញ​សារ​នយោបាយ​ខ្លី​មួយ​បង្ហោះ​នៅលើ​ផេ​ក​ហ្វេ​ក​ប៊ុក​ផ្ទាល់​របស់​សម្តេច ដោយបាន​អំពាវនាវ​ឲ្យ​ប្រជាជន​កម្ពុជា​ទាំងអស់​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ធានាបាន​នូវ​សុខសន្តិភាព​និង​ការអភិវឌ្ឍ​សូម​ជនរួមជាតិ​និង​ក្មួយៗ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន នោះ​ប្រទេសជាតិ​យើង​កាន់​តែមាន​ស្ថិរភាព វិបុលភាព និង​សុខដ​មរ​មនា​ទៅមុខទៀត​ជាក់​ជាមិនខាន​។​

នៅក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​របស់​សម្តេច​នៅ​ថ្ងៃទី​១២ ខែ ឧសភា នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានសរសេរថា “​កូនក្មួយ​យុវជន​ជំនាន់​ក្រោយ​ពិតជា​មានសំណាង​ខ្លាំង​ណាស់ ដែល​បាន​កើត​ចំពេល​កម្ពុ​ជា​មាន​សន្តិភាព​។ ពេល​កូនក្មួយ​ធំ​ដឹងក្តី​ហើយ​មិន​បានឃើញ​ពី​អ្វីដែល​កម្ពុជា​ធ្លាប់បាន​ឆ្លងកាត់​ពីមុន​ដូចជា​សង្គ្រាម​និង​របប​កាប់សម្លាប់​ប្រល័យពូជសាសន៍​គឺ​កូនក្មួយ​មួយចំនួន​មិន​ជឿ​ឡើយ​។ កម្ពុជា​ទម្រាំ​បាន​ដូច​សព្វថ្ងៃ​គឺ​យើង​បាន​ខិតខំ​ខ្លាំងណាស់​ក្នុងនោះ​ក៏មាន​ចំណែក​នៃ​ការចូលរួម​របស់​ជីតា​និង​ជីដូន​របស់​ក្មួយៗ​ផងដែរ​”​។

​សម្តេច​តេ​ជោ​បាន​សរសេរ​ទៀត​ថា “​ពិត​ណាស់​ក្មួយៗ ប្រទេស​យើង​កាលពី​ជាង​៤០​ឆ្នាំមុន​គឺ​លំបាក​វេទនា​ខ្លាំង​បំផុត​ជីដូន​ជីតា​ក្មួយៗ​គឺជា​សាក្សី​រស់​ស្រាប់​។ ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត ពលរដ្ឋ​ត្រូវបាន​បង្ខំ​ឲ្យ​ធ្វើ​ការ​ជាង​សត្វ​ធាតុ​ទៅទៀត​គ្មាន​ផ្ទះ​រស់នៅ គ្មាន​អាហារ​ញាំ​គ្រប់គ្រាន់ គ្មាន​មន្ទីរពេទ្យ គ្មាន​សាលារៀន គ្មាន​វត្ត​អារាម គ្មាន​ផ្សារ គ្មាន​អា​ទំនើប ហើយ​ពលរដ្ឋ​គឺ​គ្មាន​សិទ្ធិ​សេរីភាព​អ្វី​ទាំងអស់​។ មាន​ពលរដ្ឋ​ជាង​៣​លាន​នាក់​ ត្រូវ​បាន​ស្លាប់​តែ​ក្នុង​រវាង​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​”​។

សម្តេច​តេ​ជោ​បន្ត​ទៀត​ថា “​ពេល​ដែល​ពូ​បាន​ដឹកនាំ​កងកម្លាំង​វាយ​រំដោះប្រទេស​ពេល​ចូល​ដល់​ទីក្រុង​ភ្នំពេញ​នា​ឆ្នាំ ១៩៧៩ ពេលនោះ​ទីក្រុង​ភ្នំពេញ​យើង​មាន​មនុស្ស​តែ​៧០​នាក់​ប៉ុណ្ណោះ ហើយ​ទីក្រុង​ទាំងមូល​ត្រូវ​បាន​បោះបង់ចោល​គ្មាន​មនុស្ស​រស់នៅ​ក្លាយជា​ចំការ​ចេក ដែល​គួរ​ឲ្យ​អាណោចអាធ័ម​បំផុត​។ យើង​មិន​ចង់​ឲ្យ​ស្រមោល​អតីតកាល​វិលត្រឡប់​មកវិញ​ឡើយ​”​។

សម្តេច​សរសេរ​បន្ត​ថា “​ពូ​បាន​រួម​រស់នៅ​ជាមួយ​បងប្អូន​ជនរួមជាតិ​គ្រប់​រស់ជាតិ​លំបាក​ស្រណុក​ហើយ​ពូ​នៅតែ​បន្ត​នៅ​ជាមួយ​បងប្អូន​កូនក្មួយ​គ្រប់​កាលៈទេសៈ​ដើម្បី​ថែរក្សា​ការពារ​សន្តិភាព​ឲ្យ​នៅ​គង់វង្ស​យូរអង្វែង​។ ដើម្បី​ធានា​បាន​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ សូម​ជនរួមជាតិ និង​ក្មួយៗ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន នោះ​ប្រទេសជាតិ​យើង​កាន់​តែមាន​ស្ថិរភាព វិបុលភាព និង​សុខដុមរមនា​ទៅ​មុខ​ទៀត​ជាក់​ជាមិនខាន​។

​មកដល់ពេលនេះ​មាន​គណបក្ស​៣ ដែល​រួមមាន​គណបក្ស​ប្រជាជន​កម្ពុជា ,​គណបក្ស​យុវជន​កម្ពុជា​និង​គណបក្ស​សញ្ជាតិ​កម្ពុជា​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​ដើម្បី​ឲ្យ​ចូលរួម​ប្រកួតប្រជែង​ក្នុង​ការ​បោះឆ្នោត​នៅ​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​។

​បើ​តាម គ​.​ជ​.​ប​. គណបក្ស​មួយ​ចំនួន​ទៀត​ដូចជា គណបក្ស​ហ៊្វុនស៊ិនប៉ិច គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ជាដើម​កំពុង​បំពេញបែបបទ និង​ត្រៀម​យក​ទៅ​ដាក់​នៅ​គ​.​ជ​.​ប​.​។ ការ​ចុះឈ្មោះ​គណបក្ស​នៅ​គ​.​ជ​.​ប​. ដែល​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣០ ខែមេសា​មក នឹង​ត្រូវ​បិទ​បញ្ចប់​ទៅវិញ​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​នេះ​។

បើ​យោង​តាម​ប្រសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន អាច​មាន​គណបក្ស​ចំនួន ១៣ ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​និតិ​កាល​ទី​៦ នៅពេល​ខាងមុខ​។

​គណបក្ស​៤ គឺ​គណបក្ស​សិទ្ធិមនុស្ស​ដែល​បង្កើត​ដោយ​លោក កឹម សុខា ,​គណបក្ស​ភ្លើងទៀន ដែល​បង្កើត​ដោយ​លោក សម រង្ស៊ី​, គណបក្ស​អំណាច​ខ្មែរ ដែលមាន​លោក សួង សុ​ភ័​ណ្ឌ​ជា​ប្រធាន និង​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ​របស់​លោក ញ៉ែម វណ្ណ​ថន បានប្រកាស​ធ្វើ​ពហិការ​មិន​ចូលរួម​ការបោះឆ្នោត​នោះទេ​។

​បច្ចុប្បន្ន​កម្ពុជា​មា​នគ​ណ​បក្សនយោបាយ​ស្របច្បាប់​ចំនួន​៣៨​។ នេះ​បើ​តាម​បញ្ជី​ឈ្មោះ​គណបក្ស​នយោបាយ​ដែល​ចុះឈ្មោះ​នៅ​ក្រសួងមហាផ្ទៃ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684