ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន បង្ហាញ​ពី​មោទនភាព​ចំពោះ​វិស័យ​កសិកម្ម​កម្ពុជា

ភ្នំពេញ​ ៖​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បាន​បង្ហាញ​ពី​មោទនភាព​ចំពោះ​វិស័យ​កសិកម្ម​កម្ពុជា​ដោ​យស​ម្តេច​បាន​ធ្វើ​ការ​កត់​សំគាល់​ថា ​ក្នុង​ឆ្នាំ ២០១៧-២០១៨ វិស័យ​កសិកម្ម​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អប្រសើរ ក្នុង​នោះ​ផលិតផល​ស្រូវ​សរុប​ក្នុង​បរិមាណ​ប្រមាណ ១០,៥២ លាន​តោន កើន ៥,៧% ធៀប​នឹង​ឆ្នាំមុន​និង​អតិរេក​ស្រូវ​មាន​ច​នួំ​ន​ជាង ៥,៥៦ លាន​តោន ឬ គិត​ជា​អង្ករ​ស្មើនឹង ៣,៥៦ លាន​តោន​។

​ចំណែក​ដំណាំ​រួមផ្សំ និង ដំណាំ​ឧស្សាហកម្ម​ផ្សេងៗ​ ក្នុង​នោះ​ផលិតកម្ម​កៅស៊ូ​មាន​កំណើន​ប្រមាណ ៣៣%,​ផលិតកម្ម​សត្វ ១,៥% និង វារីវប្បកម្ម​កើន​ប្រមាណ ២០% ធៀប​នឹង​ឆ្នាំមុន ដែល​នេះ គឺជា​ជោគជ័យ​មួយ​ដ៏​ធំ​សម្រាប់​កម្ពុជា។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ដោយ​មោទនភាព​ចំពោះ​វិស័យ​កសិកម្ម​នេះ​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​កសិកម្ម​ឆ្នាំ ២០១៧-២០១៨ កាលពី​សប្តាហ៍​កន្ល​ទៅ នៅ​ក្រសួងកសិកម្ម។

លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង នេសាទ​បាន​ឲ្យ​ដឹង​ថា ​សម្រាប់​ឆ្នាំ​២០១៧ នេះ​ដោយសារ​អាកាសធាតុ​អំណោយផល គួបផ្សំ​នឹង​ការគ្រប់គ្រង​ប្រព័ន្ធ​ស្រោចស្រព​កាន់តែ​បានល្អ ព្រមទាំង​ការ​ផ្តល់សេវា​ផ្សព្វផ្សាយ​កសិកម្ម​កាន់តែ​មាន​ប្រសិទ្ធភាព បាន​ធ្វើ​ឲ្យ​ដំណាំ​កសិកម្ម មានការ​ដុះ​លូតលាស់​បាន​ល្អ​។ ជាក់ស្តែង​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ស្រូវ សម្រេចបាន​ចំនួន ៣,២១​លាន​ហិកតា បាន​កើន​លើស​ឆ្នាំ​២០១៦ ប្រមាណ ២,៩% ក្នុងនោះ ផ្ទៃដី​ប្រមូល​ផល​មាន​ចំនួន ៣,១៩ លាន​ហិកតា ស្រូវវស្សា​មាន ២,៦៤​លាន​ហិកតា និង​ស្រូវ​រដូវប្រាំង​មាន​ប្រមាណ ០,៥៥ លាន​ហិកតា បើ​ទិន្នផល​ស្រូវ​គិត​ជា​មធ្យម​ទាំង ប្រាំង និង​វស្សា​គឺ ៣,២៩៨ តោន ក្នុង​មួយ​ហិកតា កើន​លើសពី​ឆ្នាំ​២០១៦ ប្រមាណ ២,៧១%​។ បើ​គិត​ត្រឹម​រយៈពេល ៥​ឆ្នាំ បរិមាណ​ផល​ស្រូវ​បាន​កើនឡើង​ពី ៩,៣៩ លាន​តោន​នៅ​ឆ្នាំ​២០១៣ ដល់​ប្រមាណ​១ ០,៥២ លាន​តោន នៅ​ឆ្នាំ​២០១៧​នេះ ក្នុងនោះ​បរិមាណ​ផល​ស្រូវវស្សា​ទទួលបាន​ប្រមាណ​ជាង ៨,០៥​លាន​តោន និង​បរិមាណ​ផល​ស្រូវ​រដូវប្រាំង​ទទួលបាន​ប្រមាណ ២,៤៧​លាន​តោន ពោលគឺ​កើន​ប្រហែល ៥,៦៩% ធៀប​នឹង​ឆ្នាំ​២០១៦​។ នៅ​ឆ្នាំ​២០១៧​នេះ អតិរេក​ស្រូវ​មាន​ចំនួន​ជាង ៥,៥៦​លាន​តោន គិត​ជា​អង្ករ​ស្មើនឹង ៣,៥៦​លាន​តោន កើន​លើស​ឆ្នាំ​២០១៦ ប្រមាណ​៨,៧%​។ ម្យ៉ាងទៀត ដំណើរការ​វិវត្តន៍​នៃ​យ​ន្ដូ​ប​នីយកម្ម​កសិកម្ម កំពុង​មាន​និន្នាការ​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ជាក់ស្ដែង​ក្នុង​ឆ្នាំ​២០១៧​កន្លងមក​នេះ ការ​ភ្ជួរ​រាស់​ដាំ​ដុះ​ដំណាំ​ស្រូវ​ដោយ​គ្រឿងយន្ត​មាន​ប្រមាណ ៩៤,៤% កើន​លើស​ឆ្នាំមុន ២,៤%​។ ទន្ទឹម​នឹង​នោះ ផលិតកម្ម​ដំណាំ​រួមផ្សំ និង​ឧស្សាហកម្ម​រយៈពេល​ខ្លី ទទួលបាន​បរិមាណ​ផល​ប្រមាណ ១៦,៥៤ លាន​តោន នៅ​ឆ្នាំ​២០១៧ គឺ​បាន​កើន​ឡើងជា​មធ្យម​ប្រមាណ ៩,៦% បើ​គិត​ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​មក​នេះ។

ការនាំចេញ​ផលិតផល​កសិកម្ម​សរុប​បាន​កើនឡើង​ពី ៤,៧​លាន​តោន​នៅ​ឆ្នាំ​២០១៦ ដល់ ៥,១៣​លាន​តោន​នៅ​ឆ្នាំ​២០១៧​។

បរិមាណ​អង្ករ​នាំចេញ ក្នុង​ឆ្នាំ​២០១៧ ក្នុង​ក្របខណ្ឌ​នៃ​ច្រកចេញ​-​ចូល​តែមួយ​សម្រេចបាន​ចំនួន ៦៣៥ ៦៩៧​តោន គឺ​កើនឡើង ១៧,៣០% ធៀប​នឹង​ឆ្នាំ​២០១៦​។ ក្នុងនោះ ប្រភេទ​អង្ករ​ក្រអូប​មាន​ចំនួន ៦១,៩៩% អង្ករ ស គ្រប់​ប្រភេទ​មាន​ចំនួន ២៤,៦៤% អង្ករ​ចំហុយ​មាន​ចំនួន ១៣,៣៧% និង​បាន​នាំចេញ​ទៅកាន់​ទិសដៅ ៦៣​ប្រទេស នៅលើ​សាកលលោក និង​មាន​ក្រុមហ៊ុននាំចេញ​អង្ករ​ចំនួន ៨៤​ក្រុមហ៊ុន​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្ត​ថា ក្នុង​បរិការណ៍​នេះ រាជរដ្ឋាភិបាល​នឹង​បន្ត​ផ្តោត​ការ​ផ្តល់​អាទិភាព​ខ្ពស់​ចំ​ញេះ​ការបង្កើត​ឲ្យ​មាន​ផែនការ​រយៈពេល​វែង ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ដើម្បី​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ដែល​មាន​ការចូលរួម​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ​ទាំងអស់​ក្នុង​ការ​ដោះស្រាយ​ប​ញ្ហា​ប្រ​ឈម​ទាំងឡាយ​ ដែល​បាន​នឹង​កំពុង​ជួបប្រទះ​ដូចជា​កង្វះ​ការ​ធ្វើ​ពិពិធ​កម្ម​កសិកម្ម និង ពា​ណិ​ជូ​ប​នីយកម្ម កសិកម្ម​នៅមានកម្រិត​,​កង្វះ​ការវិនិយោគ​លើ​វិស័យ​ក​សិ​-​ឧស្សាហកម្ម និង លើ​ការកែច្នៃ​ផលិតផល​ក​សិ កម្ម​, ការចិញ្ចឹម​សត្វ និង​វារីវប្បកម្ម​បែប​ពាណិជ្ជកម្ម​នៅមានកម្រិត និង​ការលំបាក​ក្នុង​ការរក​ទីផ្សារ​លក់​ផលិតផល​កសិកម្ម​ជាដើម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684