ភ្នំពេញ ៖ ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី គម្រប់ ៦៥ ព្រះវស្សា យាងចូល ៦៦ ព្រះវស្សា នាថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៨ ដូចរៀងរាល់ឆ្នាំរាជរដ្ឋាភិបាលកម្ពុជាបានរៀបចំព្រះរាជពិធីបុណ្យរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ ២០១៨។ ពិធីបុណ្យជាតិនេះត្រូវបានអនុញ្ញាតឲ្យមន្ត្រីរាជការនិងវិស័យឯកជនទូទាំងប្រទេសបានឈប់សម្រាកផងដែរ។
រាជរដ្ឋាភិបាលក៏បានតម្រូវឲ្យនៅមុខក្រសួងមន្ទីរគ្រឹះស្ថាប័នរដ្ឋ និងឯកជន តាំងព្រះឆាយាលក្ខណ៍របស់ព្រះករុណា លម្អដោយផ្កា ទង់ជាតិ និងបដាពាក្យស្លោក ថ្វាយព្រះពរព្រះអង្គជាដើម។ ចំណែកនៅតាមបណ្តាខេត្តក៏មានប្រារព្ធពិធីអបអរសាទរពិធីចម្រើនព្រះជន្មព្រះករុណា ព្រះមហាក្សត្រផងដែរ។
យោងតាមប្រភពឯកសារបានឲ្យដឹងថា ព្រះករុណា ព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ប្រសូត្រ នាថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៥៣ នៅរាជធានីភ្នំពេញព្រះរាជាណាចក្រកម្ពុជា។ ទ្រង់ជាព្រះរាជបុត្រច្បងរបស់សម្ដេចព្រះនរោត្តម សីហនុ និង ព្រះមាតាព្រះនាម នរោត្តម មុនិនាថ សីហនុ ។ ព្រះអនុជព្រះអង្គ ព្រះនាម នរោត្តម នរិន្ទ្រពង្ស (សោយទិវង្គត)។ ព្រះអង្គជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយបន្តរាជសម្បត្តិពីព្រះរាជបិតា។
អំឡុងរដ្ឋប្រហារឆ្នាំ ១៩៧០ ដោយលោកសេនាប្រមុខ លន់ នល់ ព្រះអង្គស្តេចគង់នៅប្រទេសឆេកូស្លូវ៉ាគី។ ក្នុងឆ្នាំ១៩៧៥ ព្រះអង្គទ្រង់យាងចាកចេញពីទីក្រុងប្រាគ ប្រទេសឆេកូស្លូវ៉ាគី និងបានចាប់ផ្តើម ការសិក្សាទាក់ទងនឹងវិស័យភាពយន្ត នៅប្រទេសកូរ៉េខាងជើង។ នៅក្នុងឆ្នាំ១៩៧៧ ព្រះអង្គយាងមាតុភូមិនិវត្តន៍មកកាន់ប្រទេសកំណើតវិញ។ ភ្លាមៗនោះខ្មែរក្រហមដែលកំពុងកាន់អំណាចបានប្រឆាំងនឹងរាជានិយមនិងបានឃុំព្រះអង្គ នៅក្នុងព្រះបរមរាជវាំង ជាមួយព្រះរាជវង្សានុវង្សដទៃទៀត រហូតដល់ឆ្នាំ១៩៧៩ ក្រោមការអន្តរាគមន៍ពីសំណាក់បរទេសខណៈប្រទេសកម្ពុជា ត្រូវបានរណសិរ្យរំដោះជាតិ និង កងទ័ពស្ម័គ្រចិត្តវៀតណាមវាយរំដោះផងនោះព្រះអង្គបានភៀសព្រះកាយចេញពីកម្ពុជា។ នៅឆ្នាំ១៩៨១ ព្រះអង្គទ្រង់យាងទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីបង្ហាត់បង្រៀនរបាំបាឡេ និង បានទទួលព្រះតួនាទីជាប្រធានសមាគមរបាំខ្មែរ។
ព្រះអង្គទ្រង់គង់នៅប្រទេសបារាំងជិត ២០ ឆ្នាំ ប៉ុន្តែព្រះអង្គបានយាងទៅទីក្រុងប្រាគជារឿយៗ ជាទីដែលព្រះអង្គបានចំណាយពេលយ៉ាងច្រើនក្នុងព្រះជន្មក្មេងវស្សា។ ព្រះអង្គជាព្រះមហាក្សត្រតែមួយគត់ ដែលចេះភាសាឆេក។
នៅក្នុងឆ្នាំ១៩៩៣ ព្រះអង្គត្រូវបានតែងតាំងជាប្រតិភូកម្ពុជាប្រចាំអង្គការយូណេស្កូ ដែលមានទីស្នាក់ការនៅទីក្រុងប៉ារីសជាទីដែលព្រះអង្គមានប្រជាប្រិយភាព ចំពោះការតស៊ូធ្វើការយ៉ាងស្វិតស្វាញ និងភក្តីភាពចំពោះវប្បធម៌កម្ពុជា។
នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០០៤ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ត្រូវបានជ្រើសរើសដោយសមាជិកទាំង៩ នៃក្រុមប្រឹក្សារាជសម្បតិ្តជាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាផ្នែកមួយនៃដំណើរការយ៉ាងឆាប់រហ័សនិងសមស្របក្រោយពីដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលនៃការដាក់រាជ្យរបស់សម្តេចព្រះ នរោត្តម សីហនុ។ ការជ្រើសរើសនេះគឺស្របតាមការយល់ព្រមពីសំណាក់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និង សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានរដ្ឋសភា ដែលជាព្រះរាមម្តាយទីទៃនៃព្រះមហាក្សត្រដែលឥស្សរជនទាំងពីរសុទ្ធតែជាសមាជិកនៃក្រុមប្រឹក្សារាជសម្បត្តិ ។ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់ឡើងគ្រងរាជសម្បត្តិ នៅថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០០៤។
ពីឆ្នាំ១៩៥៩ ដល់ឆ្នាំ១៩៦២ ព្រះអង្គ បានចូលសិក្សានៅសាលាបឋមសិក្សានរោត្ដម វិទ្យាល័យដេកាត នៅរាជធានីភ្នំពេញ។ បន្ទាប់មក ព្រះអង្គត្រូវបានព្រះរាជបិតាបញ្ជូនទៅសិក្សាទីក្រុងប្រាគ ប្រទេសឆេកូស្លូ វ៉ាគី នាឆ្នាំ១៩៦២។ នៅទីនោះ ព្រះអង្គបានចូលរៀននៅសាលាបឋមសិក្សា វិទ្យាល័យ និង សាលាតូរ្យតន្ត្រី ដែលទ្រង់បានសិក្សាផ្នែកតន្ត្រី និង របាំបុរាណ រហូតដល់ឆ្នាំ១៩៧៥។ ព្រះអង្គស្ទាត់ជំនាញខាងភាសាសាស្ត្រ ដោយទ្រង់ចេះភាសាបារាំង និងឆែកយ៉ាងស្ទាត់ជំនាញ។ ក្រៅពីនេះ ទ្រង់ក៏អាចប្រាស្រ័យទាក់ទងជាភាសាអង់គ្លេស និងរុស្ស៊ីបានយ៉ាងប្រសើរផងដែរ។ នៅក្នុងឆ្នាំ១៩៧៥ ព្រះអង្គបានចាកចេញពីប្រាគ ដើម្បីទៅសិក្សាផ្នែកខ្សែភាពយន្តនៅប្រទេសកូរ៉េខាងជើង ហើយបន្ទាប់មកទ្រង់បានត្រឡប់ចូលមាតុភូមិវិញនៅឆ្នាំ ១៩៧៧។
មុនពេលដែលទ្រង់ក្លាយជាព្រះមហាក្សត្រ ព្រះអង្គមានគោរម្យងារជា “ស្ដេចក្រុមឃុន” ដែលព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ ទ្រង់ព្រះរាជប្រទាន នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ១៩៩៤ បន្ទាប់មកត្រូវបានដំឡើងជា “សម្ដេចព្រះបរមនាថ” នាថ្ងៃទី៣១ខែសីហា ឆ្នាំ២០០៤។
ព្រះបរមនាម ក្នុងរាជ្យរបស់ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី គឺ “ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯក រាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី” ប្រែសេចក្ដីថា “អ្នកបម្រើមាតុភូមិ សាសនា ប្រជាជាតិ និង ប្រជារាស្ត្រខ្មែរ ដោយស្វាមីភ័ក្តិ និង ភក្ដីភាព។ មហាក្សត្រដែលព្រះពុទ្ធ និង ព្រះឥន្ទ្រលោកឧបត្ថម្ភ។
អ្នករួបរួមខេមរជនទាំងអស់។ អ្នកការពារឯករាជ្យ បូរណភាពទឹកដី និងសន្តិភាពរបស់កម្ពុជា ព្រមទាំងសុភមង្គល សេរីភាព និងវិបុលភាពរបស់ប្រជារាស្ត្រខ្មែរ។ ព្រះនាមរបស់ព្រះអង្គ គឺបានមកពីការផ្សំគ្នារវាងព្រះនាមរបស់ព្រះមាតាបិតាព្រះអង្គគឺ សីហ (សីហនុ) និង មុនី (មុនីនាថ)។
ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ទទួលបានគ្រឿងឥស្សរិយយសជាច្រើន រួមមាន ឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ ឥស្សរិយយស មុនីសារាភ័ណ្ឌថ្នាក់មហាសេរីវឌ្ឍន៍ មន្ត្រីធំនៃកងពលកិត្តិយស (Grand Officier de la Légion d’Honneur) នៃសាធារណរដ្ឋបារាំង មេដាយប្រាក់ នៃក្រុងប៉ារីស (Médaille d’Argent de la Ville de Paris) នៃសាធារណរដ្ឋបារាំង៕