ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ សម្តេច​នាយករដ្ឋមន្ត្រី​អញ្ជើញ​សម្ពោធ អគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ក្នុង​តម្លៃ​សាងសង់​ជាង​៧​លាន​ដុល្លារ

ភ្នំពេញ ​៖​ នៅវេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ឧសភា ឆ្នាំ ២០១៨ នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ បាន​អញ្ជើញ​សម្ពោធ​ដាក់​ឲ្យ​ប្រើ ប្រាស់ អគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ ដែល​ទើប​កែ​លម្អ​ថ្មី។

អគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ នេះ ត្រូវបាន​សាងសង់ និង​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​២២ ខែ​មករា ឆ្នាំ​២០០៧​កន្លងទៅ។ អគារ​នេះ​មាន​កម្ពស់ ៣ ជាន់ បណ្តោយ ៦៣​ម៉ែត្រ ទទឹង ២៦​ម៉ែត្រ និង​បំពាក់​ដោយ​ជណ្តើរយន្ត។

ដោយសារតែ​អគារ​មាន​សភាព​ទ្រុឌទ្រោម ទើប​រដ្ឋាភិបាល​កូរ៉េខាងត្បូង បានផ្តល់​ជំនួយ​ជួសជុល និង​កែលម្អ​សាជាថ្មី ចាប់ពី​ថ្ងៃទី​០១ ខែមេសា ឆាំ្ន​២០១៦ ដោយបាន​កែសម្រួល​ប្លង់​អគារ​ខាងក្រៅ និង បន្ទប់​នៅក្នុង​អគារ។ ជញ្ជាំង​នៅក្នុង​អគារ​នេះ​ ធ្វើ​ឡើងវិញ​អំពី​បេតុងអារម៉េ (​ជាន់​ផ្ទាល់​ដី ជាន់​ទី​១ ជាន់​ទី​២) និង​សាងសង់​បន្ថែម​មួយ​ជាន់​ទៀត ដំបូល​ប្រក់​ក្បឿង និង​បាន​សាងសង់​បន្ថែម​អគារ​ថ្មី​ទំហំ ២២០ ម៉ែត្រការ៉េ សម្រាប់​ផ្ទុក​ប្រព័ន្ធ​ភ្លើង ផ្ទុក​ទឹក និង កន្លែង​ផលិត​ខ្យល់​អុកស៊ីសែន រៀបចំ​ទីធ្លា​ជុំវិញ​អគារ​ដោយ​ចាក់​បេតុង និង​រៀបចំ​សួនច្បារ​សាជាថ្មី។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បាន​ឲ្យ​ដឹងថា ការ​ចំណាយ​ទាំង​ការ​បំពាក់​គ្រឿង​សង្ហារិម និង​សម្ភារៈ​បរិក្ខារ​ពេទ្យ​ថ្មីៗ​ទៀត សរុប​អស់​ទឹកប្រាក់ ៧.២៨០.០០០ ដុល្លារ។

មន្ទីរពេទ្យ​កុមារ​ជាតិ​មាន​មន្ត្រីរាជការ បុគ្គលិក​សរុប​ចំនួន ៤៨៥​នាក់ និង​មាន​គ្រែ​សរុប​ចំនួន ៣០០។ អគារ​ ដែល​កែលម្អ​សាជាថ្មី​នេះ ​អាច​បម្រើ​សេវា​ដូចជា​ ៖ ពិគ្រោះ​ជំងឺ​ទូទៅ និង​ឯកទេស​, សង្គ្រោះ​បន្ទាន់​, ឱសថ​ស្ថាន​, វិទ្យុ និង​អេកូ​សាស្ត្រ​, ព្យាបាល​ជំងឺ​ធ្ងន់ធ្ងរ​, ព្យាបាល​ជំងឺ​ទារក​, ព្យាបាល​ជំងឺ​ត្រចៀក ច្រមុះ និង​បំពង់ក ជំងឺ​ក្រពេញ និង​ជំងឺ​តម្រងនោម​, ព្យាបាល​ជំងឺ​លោហិតវិទ្យា និង​ជំងឺមហារីក​។ អគារ​នេះ​ក៏មាន​សេវា​ផ្នែក​មន្ទីរពិសោធន៍​ទំនើប និង​ព្យាបាល​ជំងឺគ្រុនឈាម និង​ជំងឺឆ្លង​ផងដែរ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684