ព័ត៍មានទាន់​ហេតុការណ៏
Search

យឹម តា​ស្រង់ ប្រៀបធៀប​ខ្មែរ​និង​ថៃ ​រឿង​ផលវិបាក​នៃ​ការ​ថតកុន​តំបន់​ប្រវត្តិសាស្ត្រ

ភ្នំពេញ ​៖ ​ថៃ​នៅតែ​ឆ្លាត​ជាង​ខ្មែរ​ក្នុង​រឿង​ ដែល​ចំណេញ​ដល់​ជាតិ ​ដល់​ខ្មែរ​អន់​ជាង​ថៃ​ត្រង់​ស្រឡាញ់​ជាតិ​មានតែ​មាត់ ថត​នៅ​អង្គរវត្ត​ និង​តាម​ប្រាសាទ​នានា​ម្តងៗ​វេទនា​ណាស់​ វា​ទុក​អង្គរវត្ត​ និង​ប្រាសាទ​នានា​ដូច​របស់​ម៉ែ​វា​ចែក​អោយ​អញ្ចឹង។ នេះ​ជាស​ម្តី​លើកឡើង​របស់​អ្នកនិពន្ធ​ល្បីឈ្មោះ​ប្រចាំ​ផលិតកម្ម​ថោ​ន។

លោក យឹម តា​ស្រង់ បាន​និយាយ​ថា កាលពី​ឆ្នាំ​២០១២​ ខ្ញុំ​បាន​ដាក់​ពាក្យសុំ​ថត​នៅ​ប្រាសាទ​នា​ខេត្ត​សៀមរាប ចម្លើយ​បានមក​វិញ​គេ​សួរ​ខ្ញុំ​ថា អោយ​លុយ​ប៉ុន្មាន​?​ គាត់​ថា​ព្រោះ​កាល​មុន​បរទេស​មកសុំ​ថត​គេ​អោយ​រាប់ម៉ឺន​ដុល្លារ ​ខ្ញុំ​ក៏​ជេរ​នៅ​ក្នុង​ចិត្ត​( រាប់ម៉ឺន​យក​ពី​ម៉ែ​ហែង​ទៅ ថត​ខារ៉ាអូខេ​សោះ​អា៎​) នេះ​បាន​គេ​ហៅថា តូច​ស៊ី​តាម​តូច ធំ​ស៊ី​តាម​ធំ។

អ្នកនិពន្ធ​លោក យឹម តា​ស្រង់ បាន​បន្តថា​ ពេលនោះ​ដោយ​គេ​ទារ​ថ្លៃ​ពេក​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​ខ្ញុំ​ក៏​សម្រេចចិត្ត​នាំ​ក្រុមការងារ​ទៅ​លួច​ថត​នៅ​ប្រាសាទ​មួយ​រាង​ស្ងាត់​ចម្ងាយ​រាង​ឆ្ងាយ​បន្តិច​ពី​អង្គរធំ​(​ដោយ​ខ្លឹមសារ​នៃ​សាច់រឿង​ថត​នោះ ​គឺ​គ្រាន់តែ​សាច់រឿង​ដើរលេង​ធម្មតា​តែប៉ុណ្ណោះ)។ គ្រាន់តែ​ទាញ​កាមេរ៉ា​ដាក់ Lock លើ​ជើង​មិនទាន់បាន​ថត​ផង​ ស្រាប់តែ​ក្រុមមន្ត្រី​ដែល​នៅ​យាម​ប្រសាទ​នោះ​នាំគ្នា​មកឃាត់ ហើយ​ប្រាប់​ថា​អត់អោយ​ថត​ដាច់ខាត ខ្ញុំ​ក៏​សួរ​ហេតុ​អី​អត់អោយ​ថត​? គាត់​ក៏​ឆ្លើយថា​កាលណា​ខ្ញុំ​ថត​បែបនេះ​រូបភាព​ប្រាសាទ​នឹង​បែក​ឃើញ​តាម​អ៊ី​ន​ធឺ​ណេ​ត​ច្រើន​ ដូច្នេះ​ធ្វើអោយ​បាត់​ភ្ញៀវ​ទេសចរ​​លែង​ចង់​មក​មើល​ផ្ទាល់ ​គឺ​មើល​តែ​តាម​អ៊ី​ន​ធឺ​ណេ​ត។

លោក យឹម តា​ស្រង់ បាន​និយាយទៀតថា ខ្ញុំ​ឮ​បែបនេះ​ក៏​សួរ​ទៀត ចុះ​ភ្ញៀវ​បរទេស​ដែល​កំពុង​ដើរ​នោះ​កាន់​កាមេរ៉ា និង​ឡេ​ន ​កាមេរ៉ា​ទំនើប​ជាង​ពួក​ខ្ញុំ​ទៀត​ ឈរ​ថត​សេរី​ហេតុ​អី​មិន​ឃាត់​? គាត់​ក៏​ឆ្លើយថា ​អត់​ដឹង​ទេ ហើយក៏​ប្រាប់​ខ្ញុំ​ថា​មិញ​គាត់​តេ​ទៅ​មេ​គាត់​ឥឡូវ​មេ​គាត់​មកហើយ​អោយ​ខ្ញុំ​ដើរទៅ​ជួប​បន្តិច ពេលនោះ​ខ្ញុំ​ក៏​ដើរទៅ​ជួប​ក៏​ឃើញ​មេនោះ​បើកឡាន​មកដល់​ល្មម ​ដែល​ឡាន​គាត់​ជិះ​ម៉ាក​កូរ៉ូឡា​អា​តទី​ស ខ្ញុំ​ក៏​ជម្រាបសួរ​ គាត់​និយាយ​អំពី​ការសុំ​ថត គាត់​ក៏​ឆ្លើយថា​ថ្នាក់លើ​ហាម​ដាច់ខាត​មិនអោយ​ថត​ទេ​ព្រោះ​ខ្លាច​ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​ ​តែ​បងអាច​សម្រួល​អោយបាន​បើ​ចង់​ថត​តែ​អោយតែ​២០​នាទី​ទេ។

អ្នកនិពន្ធ​រូបនេះ​បាន​និយាយថា ខ្ញុំ​ក៏​ថា អរគុណ​ពូ​។ គាត់​ក៏​បន្តទៀតថា ​ការសម្រួល​នេះ​សុំអោយ​ខ្ញុំ​ជួយ​អោយ​ពួកគាត់​ជា​លុយ​១២០​ដុល្លារ​ដើម្បី​ជាការ​ជួយ​នេះ ខ្ញុំ​គិតក្នុងចិត្ត​ប្លង់​ហ្នឹង​ត្រូវការ​ចាំបាច់​ហើយក៏​តប​ចេតនា​ចង់​សម្រួល​តម្លៃ​ថា​៖ ពូ​! ឥឡូវ​ចេះ​ចុះ​ខ្ញុំ​មានតែ​៥០​សិប​ដុល្លារ​ទេ​ជូន​ពូ ព្រោះ​បើ​ពូ​យក​ច្រើនពេក​វា​លើស​ចំណាយ​ក្រុមហ៊ុន គាត់​ក៏​គ្រវី​ក្បាល​ថា​ អត់​ទេ​ដាច់​ប៉ុណ្ណឹង​ហើយ ដល់​ចឹ​ង​ខ្ញុំ​ក៏​ថា​អត់​អី​ទេ​ចឹ​ង​ខ្ញុំ​អត់​ថត​ទេ ដើរ​បាន​បន្តិច​គាត់​ក៏​ហៅថា​ ឥឡូវ​ចេះ​ចុះ​អោយ ១០០​ដុល្លារ​បាន​ហើយ​រួច​ថត​ទៅ ខ្ញុំ​ក៏​ងាក​ដើរ​ទៅវិញ​ព្រោះ​នឹកឃើញ​ចង់​សួរ​គាត់​មួយ​សំនួរ​វិញ​ដែរ។

ខ្ញុំ​ក៏​ថា​ពូ​អើយ​មានតែ​៥០​សិប​ដុល្លារ​ទេ​អោយ​ពូ គាត់​ក៏​ឆ្លើយ​ថា​អត់​បានទេ ពេលនោះ​ខ្ញុំ​ក៏​សួរ​នូវ​សំនួរ​​ថា ពូ​!​ខ្ញុំ​ឮ​អា​អូន​នោះ​ថា ​ការ​ហាម​ថត​ហ្នឹង​ ព្រោះ​ខ្លាច​បែក​រូប​ប្រាសាទ​ក្នុង​Internet ធ្វើអោយ​បាត់​ភ្ញៀវ​ទេសចរ​ ​ព្រោះ​គេ​មើល​តាម​Internet​ ហើយ​គេ​នឹង​លែង​ចង់​មក​មើល​ផ្ទាល់ គាត់​ក៏​ថា​មែនហើយ ខ្ញុំ​ឮ​អញ្ចឹង​ក៏​សួរ​ទៀត តែ​ខ្ញុំ​ឃើញ​រូបភាព​មាន​ពេញ​Internet​ហើយ​ហ្នឹង គាត់​ក៏​ថា​បន្តិចទៀត​ក្រសួង​នឹងមាន​វិធានការ​ទប់ស្កាត់ ខ្ញុំ​ឮ​អញ្ចឹង​ក៏​សួរ​បន្ថែមទៀត ទប់​យ៉ាងម៉េច​ខ្ញុំ​ឃើញ​ភ្ញៀវ​បរទេស​កាន់​កាមេរ៉ា​ វា​ថត​ចង់​ទំនើបៗ​ជាង​ពួក​ខ្ញុំ​ថត​ចម្រៀង​ទៀត​។​ សម្តី​លោក យឹម តា​ស្រង់​។​

លោក យឹម តា​ស្រង់ បាន​បន្ថែមថា គាត់​ឬក៏​ឆ្លើយថា ​ចំពោះ​បញ្ហា​រឿង​ភ្ញៀវ​ទេសចរ​​យក​កាមេរ៉ា​ចូល​ថត​ខាង​ពួកគាត់​កំពុង​ប្រជុំ​និង​មាន​វិធានការ​លុបបំបាត់​មិន​អោយ​មាន​ម៉ាស៊ីន​ថត​ក្នុង​ប្រាសាទ​នៅពេល​ខាងមុខ ខ្ញុំ​ឮ​ដូច្នេះ​ក៏​ឆ្លើយថា ​សង្ឃឹម​អញ្ចឹង​ង​ចុះ​ពូ​។​ អាន​ហត់​បន្តិច​ហើយ​តែ​ហេតុផល​ព្រោះ​ខ្ញុំ​ចង់​បញ្ជាក់​អោយ​បាន​ច្បាស់​ខ្ញុំ​រិះគន់​តែ​រឿងរ៉ាវ​ដែល​ខ្ញុំ​បាន​ជួប​ផ្ទាល់​ទេ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684