ព័ត៍មានទាន់​ហេតុការណ៏
Search

ទីបំផុត យូ ឌី​ស្កូ អាច​មាន​លទ្ធភាព​ចេញទៅ​ប្តូរ​ក្រលៀន​នៅ​ប្រទេស​ឥណ្ឌា

ភ្នំពេញ ​៖ បន្ទាប់ពី​ធ្លាក់ខ្លួន​ឈឺ​ជាច្រើន​ខែ​រហូត​ព្យាបាល​អស់​លុយ​ពី​ខ្លួន​នោះ ​ពេលនេះ​តារា​សម្តែង​ប្រុស​លោក យូ ឌី​ស្កូ កំពុងតែ​ស្ថិតក្នុង​សភាព​ស្លេកស្លាំង​ពោល​គឺ​មានតែ​ស្បែក​ដណ្ដប់​ឆ្អឹង។ ប៉ុន្តែ​អ្វី​ជា​ក្ដីសង្ឃឹម​ឡើងវិញ​នោះ​ គឺ​នៅ​យប់​ថ្ងៃទី​១៤ ខែឧសភា លោក​បាន​ចេញទៅ​ធ្វើការ​ផ្លាស់ប្ដូរ​ក្រលៀន​នៅ​ប្រទេស​ឥណ្ឌា​ដើម្បី​បន្តជីវិត​រស់​ និង​បន្ត​លើ​អាជីព​សិល្បៈ​។​

ថវិកា​ដែល​គ្រោង​និង​ចំណាយ​ខ្ទង់​ជាង​៥​ម៉ឺន​ដុល្លារ​ក្នុងការ​ដោះដូរ​ក្រលៀន​ពី​សំណាក់​តារា​ប្រុស​លោក យូ ឌី​ស្កូ ពេលនេះ​គឺ​បានមកពី​ការចូលរួម​ឧបត្ថម្ភ​និង​បរិច្ចាគ​ពី​សប្បុរសជន​ទាំង​ក្នុង​និង​ក្រៅប្រទេស និង​ក៏មាន​ថវិកា​របស់​ទេវតា​ទាំងពីរ​អង្គរ​ផងដែរ​ ក្រោយពី​មានការ​ប្រកាស​អំពាវនាវ រក​មូលនិធិ​សង្គ្រោះ​ជីវិត​លោក យូ ឌី​ស្កូ តាមរយៈ​សមាគម​សិល្ប​ករ​ខ្មែរ​។​

គូស្នេហ៍​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា គឺ​លោក ហេង ឡុង បាន​និយាយថា ​ទីបំផុត​ទេវតា​មាន​មែន​បងប្អូន ជួយ​ហើយ​មិនចាំបាច់​ប្រាប់អោយដឹង​ឈ្មោះ​ទៀត តើ​បងប្អូន​ណា​ដឹងថា​ព្រះនាម​អ្វី​ទេ​? ខ្ញុំ​ជឿថា​មាន​បងប្អូន​ទាយ​ត្រូវ​ច្រើន ហ្នឹង​បាន​ថា​ទេវតា​មាន​ពិតៗ ទេវតា​មាន​ភ្នែក មើលឃើញ​ទុក្ខវេទនា​មនុស្សលោក​។​

លោក ហេង ឡុង បន្ថែមថា ​កំពុង​ជួយ​ស្រោចស្រង់​គាត់​ហើយ​ពួកយើង​រង់ចាំ​ដំណឹង​នៅពេល​ទៅដល់​ប្រទេស​ឥណ្ឌា​ជួយ​ថតរូប​ផ្ញើ​ផង​សុំ​បងប្អូន​ជួយ​ស៊ែរ​អោយ​ទេវតា​រស់​ទាំងពីរ​អង្គ​បានឃើញ​ផង​។​ តាមរយៈ​នេះ ​ត្រូវបាន​មហាជន​យល់ឃើញថា​ ថវិកា​បង្គ្រប់​នៃ​ការ​ព្យាបាល​ជំងឺ​លោក យូ ឌី​ស្កូ គឺជា​ការជួយ​ស្រោចស្រង់​ពី​សំណាក់​សម្តេច​ទាំងពីរ។

ជាមួយគ្នានេះ​មាន​មហាជន​ជាច្រើន​បាន​សម្តែង​ការ​សាទរ និង​ជូនពរ​ព្រមជាមួយ​ការរង់ចាំ​លទ្ធផល​ក្រោយពេល​ធ្វើការ​វះកាត់​ដោះដូរ​ក្រលៀន​ពី​សំណាក់​លោក យូ ឌី​ស្កូ ថា​តើ​លោក​អាច​វិលត្រឡប់​មករក​សភាព​ដើម​ឬ​យ៉ាងណា​នោះ៕