ព័ត៍មានទាន់​ហេតុការណ៏
Search

ក្មេង​ប្រុស​២​នាក់ ​ជិះ​ម៉ូតូ​ពី​ខេត្ត​ព្រៃវែង​ ដើម្បី​យក​ថ្នាំញៀន​មក​លក់​នៅ​ភ្នំពេញ​ ត្រូវ​ចូល​អន្ទាក់​សមត្ថកិច្ច

ភ្នំពេញ​ ៖ ​ក្មេង​ប្រុស​ពីរ​នាក់​ ដែល​មាន​វ័យ​ក្រោម​១៦​ឆ្នាំ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌ​ច្បារអំពៅ​ធ្វើការ​ឃាត់ខ្លួន​ខណៈ​ដែល​ពួកគេ​យក​ថ្នាំញៀន​ចំនួន​៤​ថង់​មក​លក់​ឲ្យ​ម៉ូយ។

យោង​តាម​ប្រសាសន៍​លោក​វរសេនីយ៍ទោ ម៉ៅ​សឿត អធិការ​រង​នគរបាល​ខណ្ឌ​ច្បារអំពៅ​បាន​ឲ្យ​ដឹង​ថា ​កាលពី​រសៀល​ថ្ងៃ​ទី​១៤ ​ខែឧសភា​នេះ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​ក្បាលកោះ​នៃ​អធិការដ្ឋាន​ខណ្ឌ​ច្បារអំពៅ ​បាន​ធ្វើការ​ឃាត់ខ្លួន​ក្មេង​ប្រុស​ពីរ​នាក់​ ខណៈ​ដែល​រូបគេ​បាន​យក​ថ្នាំញៀន​ចំនួន​៤​ថង់​មក​លក់​ឲ្យ​ម៉ូយ​នៅ​ចំណុច​ដី​ឡូតិ៍​គ្មាន​លេខ​ ភូមិ​ជ្រោយ​អំពិល​២​ សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារអំពៅ។

លោក​អធិការ​រង​បាន​បន្ត​ថា​ ក្នុង​ករណី​បង្ក្រាប​នេះ​ សមត្ថកិច្ច​បាន​ដកហូត​ថ្នាំញៀន​៤​ថង់​ និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្មាស់​រីវ៉ូ​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ព្រះសីហនុ​1A 7837​ ព្រមទាំង​ទូរស័ព្ទ​ដៃ​ម៉ាក​ណូគា​មួយ​គ្រឿង​ទៀត​ផង។

ក្មេងប្រុស​ទាំងពីរ​នាក់​មានឈ្មោះ​ជិន ហ៊ាង​និង​ម្នាក់ទៀត​ឈ្មោះ​ចន្ថា រក្សា ពួកគេ​មាន​អាយុ​ក្រោម​១៦​ឆ្នាំ​និង​មាន​ទីលំនៅ​ភូមិ​បាក់​ដោក​ ឃុំ​ព្រែក​ជ្រៃ ស្រុក​ពោធិ​រៀង​ ខេត្តព្រៃវែង។

តាម​ចម្លើយ​របស់​ពួកគេ​ គឺ​មុន​ពេល​សមត្ថកិច្ច​ចាប់ខ្លួន, ​ ​ពួកគេ​ត្រូវ​បាន​គេ​ទូរស័ព្ទ​ឲ្យ​យក​ថ្នាំញៀន​ឲ្យ​គេ។ តែ​ពេល​ដល់​កន្លែង​ណាត់​ ក៏ត្រូវ​នគរបាល​ចាប់ខ្លួន​។​ ពួកគេ​និយាយ​ទាំង​អួល​ដើមក​​ថា​ សព្វថ្ងៃ​ពួកគេ​កំពុង​សិក្សា​ តែដោយសារ​ជឿ​ទៅលើ​មេខ្លោង​ចែកចាយ​ឲ្យ​យក​ថ្នាំញៀន​មក​ឲ្យ​ម៉ូយ ​ក៏ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែម្តង​។

​អ្នកដឹង​ហេតុការណ៍​នេះ​គឺ​សំណូមពរ​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​ចាប់ខ្លួន​មេខ្លោង ​ដែល​យក​ក្មេង​មិន​គ្រប់​អាយុ​មក​លក់​ថ្នាំញៀន​ឲ្យ​ខ្លួន​បែបនេះ៕