ព័ត៍មានទាន់​ហេតុការណ៏
Search

លោក ប្រាក់ សុវណ្ណារ៉ា កំពុង​ចូលរួម​វគ្គ​សិក្សា​ស្តីពី​បាល់ទាត់​នៅ​ប្រទេស​ជប៉ុន

លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា កំពុងតែ​ចូលរួម​វគ្គ​សិក្សា​ពិ​សេសមួយ​ស្ដីពី​បាល់ទាត់​ដែល​ធ្វើឡើង​នៅ​ប្រទេស​ជប៉ុន នៅក្នុង​សប្ដាហ៍​នេះ ខណៈ​កាលពី​ខែមីនា កន្លងទៅ​លោក ធ្លាប់បាន​ចូលរួម​វគ្គ​«1st AFC National Coaches Conference For Olympic Coaches 2018»​ដែល​មាន​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​នានា​មកពី​តាម​ប្រទេស​ក្នុង​ទ្វីបអាស៊ី នៅ​ទីស្នាក់ការ​កណ្ដាល​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី (AFC) នៅ​ទីក្រុង​កូ​ឡា​ឡំ​ពួរ​ប្រទេស​ម៉ាឡេស៊ី​។​

វគ្គ​សិក្សា​បាល់ទាត់​ដែល​រៀបចំឡើង​ដោយ​ម្ចាស់ផ្ទះ​ជប៉ុន នេះ​ធ្វើឡើង​ពីថ្ងៃ​ទី​១៤ ដល់​២០ ខែឧសភា ឆ្នាំ​២០១៨ នេះ​ ខណៈ​លោក ប្រាក់ សុវណ្ណារ៉ា និង​លោក Kazunori Ohara នាយក​បច្ចេកទេស​ប្រចាំ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​តំណាងឱ្យ​កម្ពុជា ទៅ​ចូលរួម​ក្នុង​វគ្គ​នេះ​។ សហព័ន្ធ​បាល់ទាត់​ជប៉ុន​បង្កើត​វគ្គ​សិក្សា​នេះ​ឡើង​ក្នុង​គោលបំណង​អញ្ជើញ​មន្ត្រី​គ្រប់គ្រង​ផ្នែក​បច្ចេកទេស​អភិវឌ្ឍន៍​ធនធាន​គ្រូ ដែល​ទទួលខុសត្រូវ​សំខាន់​ក្នុងការ​អភិវឌ្ឍ​បាល់ទាត់​ប្រទេសមួយៗ​ដើម្បី​ជជែក ណែនាំ​អំពី​គោល​គំនិត​ថ្មីៗ​ក្នុង​ការដាក់​ផែនការ​អភិវឌ្ឍ​យុវជន​។​

លោក ប្រាក់ សុវណ្ណារ៉ា ក្រៅពី​មាន​នាទី​ជា​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា បណ្តោះអាសន្ន​លោក​ក៏​ជា​គ្រូ​ឧទ្ទេស​របស់​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ផងដែរ​។ លោក ប្រាក់ សុវណ្ណារ៉ា បាន​ចូលខ្លួន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​ជំនួស​តំណែង​លោក Leonardo Vitorino ដែលជា​អតីត​គ្រូបង្វឹក​ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បណ្តេញចេញ​កាល​ចុងឆ្នាំ​២០១៧​។ ចុងក្រោយ​លោក​បាន​ដឹកនាំ​ក្រុម U21 កម្ពុជា ឈ្នះ​ជើងឯក​រង​ក្នុង​ពានរង្វាន់​ព្រះបាទ​ស៊ុ​លត​ង់ ក្នុងប្រទេស​ប្រ៊ុយណេ Hassanal Bolkiah Trophy កាលពីពេល​ថ្មីៗ​ក្រោយ​ចាញ់​ក្រុមទី​ម័​រ​ខាងកើត​។​

សូម​រំលឹកថា ​លោក ប្រាក់ សុវណ្ណារ៉ា ក្នុង​វ័យ​៤៥​ឆ្នាំ​ធ្លាប់​ដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា កាលពី​លើកដំបូង​លោក​ដឹកនាំ​ចាប់ពី​ខែសីហា ឆ្នាំ​២០០៨ ដល់​ខែឧសភា ឆ្នាំ​២០០៩ ហើយ​លើក​ទី​២​ដឹកនាំ​ពី​ខែធ្នូ ឆ្នាំ​២០១២ ដល់​ខែកញ្ញា ឆ្នាំ​២០១៣​។ ក្រៅពី​ក្រុម​ជម្រើសជាតិ​លោក​ក៏​ធ្លាប់​ដឹកនាំ​ក្លិប​អាជីព​នៅ​កម្ពុជា ផងដែរ​ដូចជា ព្រះខ័ន​រាជ​ស្វាយរៀង នៅ​ឆ្នាំ​២០០៩ ហើយ​ដឹកនាំ​ហ្គា​វើ​ល ២០១៣-២០១៤ គីរីវង់​សុខ​សែន​ជ័យ នៅ​ចុងឆ្នាំ​២០១៤ និង​បឹងកេត​អែ​ហ្វ​ស៊ី ពី​ឆ្នាំ​២០១៥​ដល់​២០១៧៕​