ព័ត៍មានទាន់​ហេតុការណ៏
Search

លី​គ​កំពូល​កម្ពុជា ត្រឡប់មកវិញ​នៅ​ចុង​សប្ដាហ៍​នេះ​ ក្រោយ​សម្រាក​ជិត​១​ខែ

ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បាន​ផ្លាស់ប្តូរ​កាលបរិច្ឆេទ​ខ្លះៗ​ក្រោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា សម្រេច​បញ្ជូន​ក្រុមយុវជន​ក្រោម​អាយុ​២១​ឆ្នាំ (U21) ចេញទៅ​ប្រកួត​ពានរង្វាន់​ព្រះមហាក្សត្រ​របស់​ប្រទេស​អាស៊ាន​មួយ​នេះ​ឈ្មោះថា ​2018 Hassanal Bolkiah Trophy អំឡុង​ចុងខែ​មេសា ឆ្នាំ​២០១៨​កន្លងទៅនេះ។

យោងតាម​ការបញ្ជាក់រ​ប​ស់លោក ឆាំង ពិសិដ្ឋ លេខាធិការ​ប្រតិបត្តិ​នៃ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា (CNCC) កាលបរិច្ឆេទ​ការប្រកួត​បាល់ទាត់​លី​គ​កំពូល​កម្ពុជា សប្ដាហ៍​ទី​៦ នឹង​ប្ដូរ​ទៅ​រៀបចំ​នៅ​ថ្ងៃទី​១៦ និង ១៧ មិថុនា ខណៈ សប្ដាហ៍​ទី​០៧ ធ្វើឡើង​នៅ​ថ្ងៃទី​២៣ និង ២៤ មិថុនា វិញ​។ ប៉ុន្តែ​ការលើក​ពេលនេះ​តែ​នៅ​សប្ដាហ៍​ទី​០៦ និង ទី​០៧ ខណៈ​សប្ដាហ៍​ទី​០៨, ទី​០៩, ទី​១០ និង ទី​១១ ត្រូវ​ចាប់ផ្ដើម​ជាធម្មតា​ពីថ្ងៃ​ទី​១៩ ខែឧសភា ដល់​ថ្ងៃ​បញ្ចប់​ជុំ​ទី​១​នៃ​ការប្រកួត​លី​គ​កំពូល ជុំ​ទី​១​។ កាលបរិច្ឆេទ​ដំបូង​ឡើយ​របស់​លី​គ​កំពូល​សប្ដាហ៍​ទី​០៦ និង ទី​០៧​កម្ពុជា គឺ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ ទី​២៨-២៩ មេសា និង ថ្ងៃទី​០៥-​ទី​០៦ ឧសភា​។​

សម្រាប់​ប្រកួត​បន្ទាប់​ពេល​លី​គ​កំពូល​កម្ពុជា ត្រឡប់មកវិញ​គឺ​នៅ​ថ្ងៃទី​១៩ ខែឧសភា ចុង​សប្ដាហ៍​នេះ​ដោយ​ក្រុម​ភ្នំពេញ​ក្រោ​ន ទទួល​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ លើ​ទីលាន​កីឡដ្ឋាន RSN វេលា​ម៉ោង​៦​ល្ងាច​ ខណៈ​ក្រុម​វិសាខា ជួប​ក្រុម​ក្រសួងការពារជាតិ វេលា​ម៉ោង​៦:៣០​នាទី​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ និង​ក្រុម​អាស៊ី​អឺរ៉ុប ប៉ះ​អង្គ​រថា​យ​ហ្គឺ​រ វេលា​ម៉ោង​៣​រសៀល​លើ​ទីលាន​កីឡដ្ឋាន AEU Park​។ ចំណែក​នៅ​ថ្ងៃទី​២០ ឧសភា វិញ​ក្រុម​ណាហ្គា​វើ​ល ប៉ះ​សូល​ទី​ឡូ​អង្គរ នៅ​ម៉ោង​៣:៣០​នាទី​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ហើយ​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ទទួល​ក្រុម​អគ្គីសនី​កម្ពុជា វេលា​ម៉ោង​៣​រសៀល និង​ក្រុម​បឹងកេត ប៉ះ​ព្រះខ័ន​រាជ​ស្វាយរៀង វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ.

ក្រឡេក​មក​មើល​ចំណាត់ថ្នាក់​បណ្ដោះអាសន្ន​ត្រឹម​សប្ដាហ៍​ទី​៥ នេះ​ឃើញថា​ក្រុម​ណាហ្គា​វើ​ល ឡើងឈរ​កំពូល​តារាង ២​សប្ដាហ៍​ជាប់​គ្នា​មាន​១៣​ពិន្ទុ តាម​ពីក្រោយ​ដោយ​ក្រុម​លេខ​២​បឹងកេត មាន​១៣​ពិន្ទុ​ដូចគ្នា​តែ​ខុស​គ្រាប់​បាល់​ចំណេញ​។ ក្រុម​លេខ​៣​គឺ​វិសាខា មាន​១០​ពិន្ទុ ស្មើគ្នា​ជាមួយ​ក្រុម​លេខ​៤​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ក្រុម​លេខ​៥​ក្រសួងការពារជាតិ មាន​៩​ពិន្ទុ ហើយ​ក្រុម​លេខ​៦​ព្រះខ័ន​រាជ​ស្វាយរៀង មាន​៨​ពិន្ទុ​។ ចំណែក​ក្រុម​លេខ​៧​ភ្នំពេញ​ក្រោ​ន មាន​៧​ពិន្ទុ ក្រុម​លេខ​៨​អាស៊ី​អឺរ៉ុប មាន​៦​ពិន្ទុ ក្រុម​លេខ​៩​អង្គ​រថា​យ​ហ្គឺ​រ មាន​៦ ពិន្ទុ ខណៈ​ក្រុម​សូល​ទី​ឡូ​អង្គរ ឈរ​លេខ​១០ មាន​៤​ពិន្ទុ​។ ចំណែក​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​១១ និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ឈរ​លេខ​១២ មិនទាន់មាន​ពិន្ទុ​ដូចគ្នា​។​

​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា រដូវ​កាល​នេះ​នឹង​ប្រើប្រាស់​រូបមន្ត​ប្រកួត​សន្សំ​ពិន្ទុ​វិលជុំ​ចំនួន​២​ជើងមាន​២២​សប្ដាហ៍ ដើម្បី​ស្វែងរក​ក្រុម​ខ្លាំង​ដែលមាន​ពិន្ទុ​ច្រើនជាងគេ​ដណ្តើម​ជើងឯក​ប្រចាំឆ្នាំ​។ ការប្រកួត​ចាប់ផ្តើម​ពីថ្ងៃ​ទី​៣​ខែមីនា ដល់​ថ្ងៃទី​៣០​ខែកញ្ញា ឆ្នាំ​២០១៨ ដែលមាន​សមាជិក​ចំនួន​១២​ក្រុម​។ ក្រុម​ជើងឯក​នឹង​ទទួលបាន​កៅអី​ទៅ​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់ AFC Cup 2019, ពានរង្វាន់ Mekong Club Championship និង​ពានរង្វាន់ Singapore Cup ជាដើម​៕​