ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ហា​របួស​ធ្វើឱ្យ​កីឡាករ​បរទេស​របស់​ក្រុម​ភ្នំពេញ​ក្រោ​ន ម្នាក់​ ត្រូវ​សម្រាក​ព្យាបាល​រហូតដល់​ចប់​រដូវ​កាល​

​កីឡាករ​Jorrin John (​ឈ្មោះ​ហៅ​ក្រៅ​ថា JJ) ដែលជា​អតីត​កីឡាករ​យុវជន​នៅក្នុង​ក្លិប​បាល់ទាត់ Leicester UTD ក្នុងប្រទេស​អង់គ្លេស បានធ្វើ​ដំណើរ​មកកាន់​ប្រទេស​កម្ពុជា កាលពីដើមឆ្នាំ​២០១៨ កន្លង​ទៅដោយ​ចូលរួម​ជាមួយ​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018)​។​

យោងតាម​ព័ត៌មាន​គួរឱ្យ​ទុកចិត្ត​មួយ​បញ្ជាក់ថា​កីឡាករ​រូបនេះ​បាន​រងរបួស​ពេល​ជួយ​ក្រុម​ភ្នំពេញ​ក្រោ​ន ក្នុង​បេសកម្ម​លី​គ​កំពូល​កម្ពុជា នាពេល​កន្លងទៅ​។ របួស​របស់គេ​តម្រូវឱ្យ​សម្រាក​ព្យាបាល​រហូតដល់​បញ្ចប់រ​ដូ​វ​កាល​ទើប​ជាសះស្បើយ​។ លោក​Sean Sainsbury គ្រូ​បង្គោល​ក្រុម​ភ្នំពេញ​ក្រោ​ន កំពុងមាន​វិបត្តិ​កីឡាករ ជាពិសេស​តំបន់​បម្រើ​កណ្តាល ខណៈ​ក្រុម​កំពុង​ធ្វើបាន​មិនល្អ​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​៧​បណ្តោះអាសន្ន​ក្នុងចំណោម​សមាជិក​ទាំង​១២ ក្រោយ​ប្រកួត​បាន​៥​លើក​មកនេះ​។​

កីឡាករ Jorrin John ធ្លាប់បាន​ឆ្លងកាត់​ការហ្វឹកហាត់ និង​បង្ហាញខ្លួន​ជាមួយ​ក្រុមយុវជន​រប​ស់​ក្លិប Leicester មួយ​លើក​បន្ទាប់មក​ត្រូវបាន​ខ្ចី​ជើង​ឲ្យ​ទៅ​ក្លិប Kettering Town កាលពី​ឆ្នាំ​២០១១ មុននឹង​ប្តូរ​មកលេង​ឲ្យ​ក្លិប Muangthong United របស់​ប្រទេស​ថៃ និង​បន្ត​ខ្ចី​ជើង​ទៅលេង​នៅ​ក្លិប Suphanburi នៅ​ប្រទេស​តំបន់​អាស៊ាន​មួយ​នេះ​។ សម្រាប់​រដូវ​កាល ២០១២-២០១៣​កន្លងមក រូបគេ​បាន​ទៅលេង​នៅ​ក្លិប​Nonthaburi លុះ​នៅ​ឆ្នាំ​២០១៤ បាន​ផ្ទេរ​ទៅ​ក្លិប Nuneaton Town និង​លេង​ឲ្យ​ក្លិប NK Domzale ក្នុង​ឆ្នាំ​២០១៥ និង​ធ្លាប់​លេង​ឲ្យ​ក្លឹប Harrowby United កាលពី​រដូវ​កាល​កន្លងទៅនេះ​។​

កីឡាករ​ខ្សែបម្រើ​រូបនេះ​ជា​កីឡាករ​បរទេស​១​រូប​ក្នុងចំណោម​៥​រូប​ដែល​ក្លិប​ភ្នំពេញ​ក្រោ​ន បាន​ចុះបញ្ជី​នៅ​រដូវ​កាល​ឆ្នាំ​២០១៨ នេះ​បន្ទាប់ពី​ខ្សែប្រយុទ្ធ​កីឡាករ​Tsotleho JANE ហៅ​ក្រៅ​ថា​Sunny ខ្សែការពារ Jonny Campbell ជនជាតិ​អាមេរិក ខ្សែប្រយុទ្ធ Pouya Hossein ជនជាតិ​អ៊ីរ៉ង់ និង​កីឡាករ Atsushi Shirota ជនជាតិ​ជប៉ុន​។ យោងតាម​គោល​ការ​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ស្របតាម​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី កំណត់ថា​ក្លិប​ជា​សមាជិក​លី​គ​របស់ខ្លួន​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​៥​នាក់ ប៉ុន្តែ​ក្នុងនោះ​ត្រូវមាន​កីឡាករ​អាស៊ី ១​រូប (​រូបមន្ត ៤+១)៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684