ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុម​អាស៊ី​អឺរ៉ុប លក់​អាវ​១​ថែម​សំបុត្រ​ចូល​ទស្សនា​ប្រកួត​នៅ​ទឹកដី AEU Park របស់​ខ្លួន​ពេញ​១​រដូវ​កាល

ក្រុមបាល់ទាត់​អាស៊ី​អឺរ៉ុប សមាជិក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) បានប្រកាស​លក់​ឯកសណ្ឋាន​របស់​ក្រុម​ខ្លួន​ជា​សាធារណៈ​កាលពីពេល​ថ្មីៗ​ជូន​ដល់​អ្នកគាំទ្រ​ដែលមាន​ការ​ថែម​ជូន​ពិសេស មិន​ធ្លាប់មាន​ពីមុនមក។

ក្លិប​បាន​បានប្រកាស​លក់​អាវ​រដូវ​កាល​ឆ្នាំ​២០១៨ របស់ខ្លួន ក្នុងតម្លៃ​១២​ដុល្លារ​អាមេរិក ដោយ​បន្ថែម​ជូន​សំបុត្រ​ចូល​ទស្សនា​ប្រកួត ដែល​អាស៊ី​អឺរ៉ុប ធ្វើជា​ម្ចាស់ផ្ទះ​លើ​ទីលាន​កីឡដ្ឋាន AEU Sport Park ដោយ​ឥតគិតថ្លៃ​ពេញ​មួយ​រដូវ​កាល​។ ឯកសណ្ឋាន​របស់​ក្រុម​ដែលមាន​សាលា​សកល​វិទ្យាល័យ​រដ្ឋ​នៅ​ពីក្រោយ​ខ្នង​មួយ​នេះ អា​ចរក​ទិញ​បាន​នៅ​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ទាំង​២​សាខា ឬ នៅ​ហាង Family Sport ផ្លូវ​កម្ពុជា​ក្រោម និង MK Sport ម្ដុំ​ទួល​ទំពូង​។​

លោក ម៉ែន ពិសិដ្ឋ អ្នកចាត់ការ​ទូទៅ ត្រូវបាន CNCC ស្រង់​សម្តី​ថា​តម្លៃ​ដាក់លក់​នៅពេលនេះ ស្ទើរតែ​ស្មើ​តម្លៃ​ទិញ​ចូល តែ​ក្លិប​សម្រេច​លក់​ក្នុងតម្លៃ​ទាប​បែបនេះ ព្រោះ​ចង់​ឲ្យ​មានការ​ចូលរួម​គាំទ្រ​ច្រើន​នៅ​កីឡដ្ឋាន​ថ្មី​តាមរយៈ​ការផ្ដល់​សំបុត្រ​ចូល​ទស្សនា​ឥតគិតថ្លៃ​។ កីឡដ្ឋាន AEU Sport Park ស្ថិតនៅ​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយ​ក្សត្រ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល (​ច្រកចូល​តាមផ្លូវ​បេតុង​បុរី​ចតុមុខ​ស៊ី​ធី​)​។​

អ្នកចាត់ការ​ទូទៅ​រូបនេះ​សង្កត់ធ្ងន់ថា​ ៖«​ឆ្នាំមុន​ក៏​យើង​មាន​លក់​ដែរ តែ​ឆ្នាំនេះ​យើង​មាន​កីឡដ្ឋាន​ខ្លួនឯង យើង​រៀបចំ Promotion ភ្ជាប់​នឹង​ការលក់​អាវ គឺ Fan ដែល​ទិញ​អាវ​អាច​ចូល​ទស្សនា​ដោយ​សេរី​ពេញ​មួយ​រដូវ​កាល​នៅ​ទឹកដី AEU Sport Park ។ តម្លៃ​នេះ​យើង​ស្ទើរតែ​មិន​ចំណេញ តែ​យើង​ចង់​ទាក់ទាញ​អ្នកគាំទ្រ​សម្រាប់​ក្លិប ជាពិសេស​បងប្អូន​មាន​ទីលំនៅ​ជិត​កីឡដ្ឋាន ក៏ដូចជា​និស្សិត AEU ផ្ទាល់​ផងដែរ​»​។​

​ក្រុម​អាស៊ី​អឺរ៉ុប កំពុង​ដឹកនាំ​ដោយ​លោក សុក វាសនា ដោយ​ពេលនេះ​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​៨​បណ្តោះអាសន្ន​ក្នុង​តារាង​រួម​ដែលមាន​ក្រុម​ចំនួន​១២ ក្រោយ​ប្រកួត​បាន​៥​លើក ឈ្នះ​បាន​២​លើក ស្មើគ្នា​១​លើក និង​ចាញ់​២​លើក មាន​៦​ពិន្ទុ​ក្នុង​ដៃ​។ ក្រុម​អាស៊ី​អឺរ៉ុប បានបញ្ចប់​រដូវ​កាល​ឆ្នាំ​២០១៧ របស់ខ្លួន​ដោយ​ឈរ​ចំណាត់ថ្នាក់​លេខ​១០ ក្នុងចំណោម​សមាជិក​ទាំង​១២ ក្នុង​លី​គ​កំពូល​កម្ពុជា ក្រោយ​ប្រកួត​បាន​២២​លើក ឈ្នះ​៥​លើក ស្មើ​៣​លើក​និង​ចាញ់​១៤​លើក​មាន​១៨​ពិន្ទុ​ក្នុង​ដៃ​។ ពានរង្វាន់​សំខាន់ៗ​ដែល​អាស៊ី​អឺរ៉ុប ត្រូវ​ចូលរួម​ប្រកួត​នៅ​រដូវ​កាល​នេះ​មាន​ពានរង្វាន់​ជើងឯក​លី​គ​កំពូល​កម្ពុជា ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ពានរង្វាន់​ជើងឯក​សាកលវិទ្យាល័យ​ថ្នាក់ជាតិ ផងដែរ​៕