ព័ត៍មានទាន់​ហេតុការណ៏
Search

​តំណាង​លោក ​អូស្មាន ហាស្សាន់ ផ្ដល់​អំណោយ​សម្ភារៈ​សិក្សា និង​ថវិកា​ជូន​សិស្សានុសិស្ស ​២០០ នាក់

​កណ្តាល​ ៖ លោកស្រី ម៉ាណ ណាវី ជំនួយការលោក​ឧកញ៉ា អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អមនាយករដ្ឋមន្ត្រី បានជួប​សំណេះសំ​ណា​លជាមួយ​បងប្អូន​ប្រជាពលរដ្ឋ និងសិស្សានុសិស្ស​នៅសាលាបឋមសិក្សា​ខ្មែរ ឥស្លាម ភូមិ​ទួលងោក ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល និង ផ្តល់ការដូរជា​សម្ភារៈ​សិក្សា និង​ថវិកា ដើម្បី​លើកទឹកចិត្ត​ដល់សិស្សានុសិស្ស​ដែល​ទទួល​ជ័យលាភីក្នុង​កម្មវិធី​ប្រកួតប្រជែង​រក​សិស្ស​ឆ្នើម​ទូទាំង​ឃុំ​កំពង់​លួង។ ក្នុង​កម្មវិធី​នោះដែរ ក៏មាន​កាដូរ​ផ្តល់ជូន​សិស្សានុសិស្ស​ស្មើគ្នាៗ​ចំនួន​ ២០០ ​នាក់។

​លោកស្រី ម៉ាណ ណាវី ក៏​ផ្ដាំផ្ញើ​ទៅ​សិស្សានុសិស្ស​ដែល​ទទួល​ជ័យលាភី ត្រូវ​បន្ត​ការសិក្សា និងបង្កើន​សមត្ថភាពរបស់ខ្លួន​អោយ​កាន់​ខ្លាំងក្លា​ឡើង​ថែមទៀត ហើយ​ប្អូនៗ​ដែល​មិន​បានទទួលជ័យលាភីក៏មិនត្រូវ​បោះបង់ ​និង​រាថយ​ជាមួយនឹង​ការសិក្សា​មួយ​នេះ​ទេ តែ​ផ្ទុយទៅវិញប្អូនៗ​នៅមាន​ឱកាស​ខំប្រឹងប្រែង​ឡើង​ ដើម្បី​អ​នាគ​តរបស់​យើងនៅ​វែងឆ្ងាយ​បន្ដទៀត​។​

លោកស្រី​បាន​បញ្ជាក់ថា វិស័យ​អប់រំ​ជា​វិស័យ​ចម្បង​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ចាត់ទុកជា​វិស័យ​អត្ថិភាព និងកំពុង​យកចិត្ត​ទុកដាក់គ្រប់​ជ្រុងជ្រោយ តាំងពី​ប្រាក់បៀវត្សរ៍​គ្រូ ការលើក​កម្ពស់​កម្រិតស្តង់ដា​រកា​រសិក្សា និង​ការបង្ខិត​សាលារៀន និងគ្រឹះស្ថានសិក្សា អោយទៅកាន់តែ​ជិត​ផ្ទះ​របស់​បងប្អូន និង​មានវត្ត​មាននៅ​ជិត​យុវសិស្ស​ទូទាំងប្រទេស​ផងដែរ។

​លោកស្រី​ ម៉ាណ ណាវី បាន​បញ្ជាក់ថា ក្មួយៗ​និស្សិតជា​ធនធានមនុស្សមិនអាច​ខ្វះ​បាន​ក្នុងការកសាង និង​អភិវឌ្ឍន៍​ប្រទេស​។ ប្រទេស​នីមួយៗអាច​រីកចម្រើន​ទៅមុខបាន​ដោយសារ​តែមានបញ្ញវន្តប្រកបដោយ​ចំណេះវិជ្ជា គតិបណ្ឌិត និង​សីលធម៌​ល្អ ដើម្បី​ធ្វើការ​គិតគូរ​ដោះស្រាយរាល់​បញ្ហា និង​ដឹកនាំ​ប្រកបដោយ​ភាពប៉ិនប្រសព្វ​។

​បញ្ញវន្ត​ជា​អ្នកផ្តល់​នូវ​ចំណេះដឹង ជំនាញ ការអប់រំ ដល់​ប្រជាជន​ទាំងឡាយ តាមរយៈមេរៀនសៀវភៅ អក្សរសិល្ប៍ ឯកសារ​ស្រាវជ្រាវ បច្ចេកទេស និង​របកគំហើញ​វិទ្យាសាស្ត្រនានា​។ ភាព​សម្បូរ​បែប​នៃ​បញ្ញវន្ត​របស់​ប្រទេស​នីមួយៗ ជា​កម្លាំង​ចលករ​ដ៏​ខ្លាំងក្លារួមចំណែក​ក្នុងការ​ដឹកនាំ​សង្គមជាតិ​ខាង​ផ្នែក​បញ្ញាញាណ និង​ជា​កត្តា​ធានា​នូវ​សមត្ថភាពដណ្តើម​ប្រៀប​ឈ្នះ​របស់​ប្រទេសជាតិ និង​នាំប្រទេស​ទៅរក​វិបុលភាព សុខសន្តិភាព ពេញ​ផ្ទៃ​ប្រទេស​ ដែល​សម្បូរ​សប្បាយ​ទៅ​ថ្ងៃ​អ​នាគ​ត៕​