ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​លី សា​ម៉េ​ត ចូលរួម​អភិវឌ្ឍន៍​សមិទ្ធផល​នានា​ក្នុង​ស្រែអំបិល​សរុប​ថវិកា​ជាង​៣៣៥​លាន​រៀល​

កោះកុង​ ៖ ​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ភូមិ​ឃុំ ជាមួយ​រាជរាជ​រដ្ឋាភិបាល​កម្ពុ​ជា អោយមាន​ការ​រីកចម្រើន​បន្តទៀត លោក លី សា​ម៉េ​ត ដោយសារ​មាន​សេចក្តីស្រលាញ់​យ៉ាងខ្លាំង និង​ស្មោះត្រង់​ជានិច្ច​ជាមួយ​សម្តេច តេ​ជោ ហ៊ុន សែន បាន​ចំណាយ​ថវិកា​ផ្ទាល់ខ្លួន​ជាង​៣៣៥​លាន​រៀល ធ្វើការ​អភិវឌ្ឍ​​ទៅលើ​វិស័យ​អាណាចក្រ និង​វិស័យ​ពុទ្ធចក្រ នៅក្នុង​ឃុំ​ស្រែអំបិល និង​ឃុំ​ដង​ពែង ស្រុកស្រែ​អំបិល ខេត្តកោះកុង។

ការចូលរួម​អភិវឌ្ឍន៍​នៅតាម​មូលដ្ឋាន នៅ​ស្រុក​ស្រែអំបិល ខេត្តកោះកុង​នេះ លោក លី សា​ម៉េ​ត មានប្រសាសន៍​នាពេល​ថ្មីៗ​នេះ​ថា “​នេះ​ជាការ​ចូលរួមចំណែក​មួ​យ​ភាគ​ជាមួយ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជា​ប្រមុខ​ដឹកនាំ​ប្រទេស​ឈាន​មក​ការ​រីកចម្រើន​ដូច​សព្វថ្ងៃនេះ​”​។​

លោក​មានប្រសាសន៍​ទៀតថា ថវិកា​ជាង​៣៣៥​លាន​រៀល​នេះ គឺ​ចូលរួម​អភិវឌ្ឍន៍ ទៅលើ វិស័យ​អាណាចក្រ និង​ពុទ្ធចក្រ រួមមាន​ដូចជា សាងសង់​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុង​ឃុំ​ស្រែអំបិល អស់​ថវិកា​១២​លាន​រៀល​, នាំ​ថវិកា​ជាង​៥០​លាន​រៀល​ដោយ​ផ្តើម​អង្គ​កឋិនទាន​ដង្ហែ​ចូល​វត្ត​សាមគ្គី​គី​រី​ទ័ព​ជាង ក្នុង​ឃុំ​ដង​ពែង​ដើម្បី​កសាង​ផ្លូវ​ចំងាយ​ជាង​២៥០​ម៉ែត្រ​ឡើងទៅ​កាន់​ព្រះវិហារ​, នាំ​ថវិកា​ជាង​៥០​លាន​រៀល ដោយ​ផ្តើម​អង្គ​កឋិនទាន​ដង្ហែ​​ចូល​វត្ត​អង្គរ​ភ្នំ​ខ្លុង ឃុំ​ស្រែអំបិល ដើម្បី​រៀប​ការ៉ូឡា​ជុំវិញ​ព្រះវិហារ​, បាន​នាំមក​នូវ​ថវិកា​ផ្ទាល់​ខ្លួន​ចូលរួម​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត​មាគ៌ា​គី​រី​ស្រែអំបិល​ចំនួន​៤​លាន​រៀល និង​វត្ត​សាលា​ម្នាង​ចំនួន​៤​លាន​រៀល និង​នាំមក​នូវ​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​ជាង​១៤​លាន​រៀល ដើម្បី​ចាក់ដី​ក្រួស​ក្រហម​ចម្ងាយ​ជាង​១៥០​ម៉ែត្រ​ចូល​វត្ត​មាគ៌ា​គី​រី​ស្រែអំបិល​, ជួយ​ចាក់ដី​បំពេញ​ដើម្បី​សាងសង់​ប៉ុស្តិ៍​រដ្ឋបាល​ដង​ពែង អស់​ថវិកា​២​លាន​រៀល​, បានផ្តល់ ថវិកា​៣​លាន​រៀល ដើម្បី​ចាក់ដី​ក្រួស​ក្រហម​ឆ្លងកាត់​ប្រឡាយ ចូលទៅ​កាន់​សាលាបឋមសិក្សា​វាល​ជើង បង្ក​​ភាពងាយស្រួល​ដល់​សិស្សានុសិស្ស​ដើរទៅ​រៀន។

លោក លី សា​ម៉េ​ត បញ្ជាក់​អោយដឹងទៀតថា ក្រៅពី​ការងារ​អាណាចក្រ និង​ពុទ្ធចក្រ​នេះ លោក​បាន​ចូលរួម​ចែក​អំណោយ​ផ្នែក​មនុស្សធម៌​ដល់​ប្រជាពលរដ្ឋ​ចំនួន​ជិត​៧០០​គ្រួសារ និង​សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ មន្ត្រី​សមត្ថកិច្ច​មូលដ្ឋាន នៅ​ឃុំ​ស្រែអំបិល សរុប​ថវិកា​ជាង​១៩២​លាន​រៀល និង​បាន​ចែក​ជូន​ប្រជាពលរដ្ឋ​ដែល​ក្រីក្រ​គ្មាន​អ្នក​ទីពឹង និង​ប្រជាជន​មាន​ជំងឺ​ប្រចាំ​កាយ​ចំនួន​៨​គ្រួសារ អស់​ថវិកា​៣​លាន​២០​ម៉ឺន​រៀល​ផង​ដែរ។
លោក​កែវ សុខ​មេឃុំ​ស្រែអំបិល តំណាង​អោយ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង បាន​ថ្លែងអំណរគុណ​ដល់ លោក លី សា​ម៉េ​ត បាន​ចំណាយ​នូវ​ធនធាន​ផ្ទាល់ខ្លួន​ដើម្បី​ចូលរួម​ធ្វើការ​អភិវឌ្ឍន៍​នៅ​ភូមិ​ឃុំ​ស្រែអំបិល​នេះ​។ លោក​មេឃុំ​បានអោយដឹង​បន្ថែមថា លោក​លី​សា​ម៉េ​ត​ ពិតជា​សប្បុរសជន​ដែលមាន​សទ្ធា​ជ្រះថ្លា​ដោយ​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ក្នុងការ​ចូលរួមចំណែក​មួយ​យ៉ាង​ធំធេង​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការកសាង​ផ្លូវ ចូល​សាលារៀន កសាង​ផ្លូវ​ចូល​ទីអារាម និង​កសាង​នូវ​សមិទ្ធផល​ជា​នានា​ច្រើន​ទៀត​ក្នុងស្រុក​ស្រែអំបិល​នេះ។

គួរ​បញ្ជាក់​ផងដែរ​ថា កាលពី ខែមករា ឆ្នាំ​២០១៨ កន្លងទៅនេះ លោក លី សា​ម៉េ​ត បាន​ជួយ​កសាង​ប៉ុស្តិ៍​រដ្ឋបាល​ដង​ពែង អ​សើ​ថវិកា ៥០០​ដុល្លា​អាមេរិក​។​

ការដែល​បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​អភិវឌ្ឍន៍​ឃុំ​ស្រែអំបិល និង​ឃុំ​ដង​ពែង​នេះ លោក លី សា​ម៉េ​ត បាន​បញ្ជាក់ថា ​នឹងមាន​ការចូលរួម​ជា​បន្តទៀត​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដោយ​បច្ចុប្បន្ន​ប្រទេស​កម្ពុជា ពិត​ជា​មាន​សន្តិភាព​ពេញលេញ​នៅ​ទូទាំងប្រទេស ហើយ​កំណើនសេដ្ឋកិច្ច​គឺមាន​ការកើនឡើង​ជា​រៀងរាល់ឆ្នាំ​ក្នុង​រង្វង់​៧%​ផងដែរ៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114