ព័ត៍មានទាន់​ហេតុការណ៏
Search

ជុំ លី​ណូ ស្ងាត់ៗ​ចេញទៅ​កើប​លុយ​ដល់​ទឹកដី​អាមេរិក​បាត់!

ភ្នំពេញ​៖ អតីត​តារាចម្រៀង​ប្រុស​ស្ថិត​ក្នុង​ផលិតកម្ម​សាន់​ដេ​ លោក ជុំ លី​ណូ ខណៈ​ពេល​អាជីព​សិល្បៈ​ក្នុងស្រុក​កាន់​តែ​មាន​សន្ទុះ​ទីផ្សារ​គាំទ្រ ​និង​ប្រជាប្រិយភាព​គួរ​ឲ្យ​កត់សម្គាល់​នោះ ​ក៏ស្រាប់តែ​ក្តាប់បាន​ឱកាស​ចេញទៅ​ច្រៀង ​និង​សម្តែង​នៅលើ​ទឹកដី​ប្រទេស​មហាអំណាច​ និង​សម្បូរលុយ​សហរដ្ឋអាមេរិក ​ដោយ​ពុំ​ត្រូវបាន​ប្រភព​ណា​ម្នាក់​ដឹង​ឡើយ​។

​ការចាកចេញ​ដើម្បី​ទៅ​បង្ហាញ​សមត្ថភាព​តាមរយៈ​ការ​ច្រៀង​-​រាំ​នៅលើ​ទឹកដី​ប្រទេស​អាមេរិក​ ពីសំណាក់​តារាចម្រៀង​ស្ថិតក្នុង​បេះដូង​យុវវ័យ​ លោក ​ជុំ លី​ណូ​ ពេលនេះ​គឺធ្វើឡើង​ដោយមានការ​អញ្ជើញ​ និង​ធានា​ពី​ប្រធាន​សមាគម​សិល្បៈ​ខ្មែរ​នៅ​ទីនោះ​។ ​ម្យ៉ាងទៀត​ ចំពោះ​ការចាក់​ចេញពីស្រុកកំណើត​ឆ្ពោះទៅ​អាមេរិក​របស់លោក ជុំ លី​ណូ នេះ​ដែរ​ កន្លងមក​ពុំ​ត្រូវ​បាន​បង្ហើប​ ឬទម្លាយ​ព័ត៌មាន​ឲ្យ​មហាជន​បានដឹង​នោះឡើយ​។

​ប្រាប់​កម្ពុ​ជាថ្មី​តាមរយៈ​សារ​អេ​ឡិច​ត្រូ​និ​ក ​(​ឆាត​ហ្វេ​ស​ប៊ុ​ក​)​ លោក ជុំ លី​ណូ​ បាន​និយាយ​ឲ្យ​ដឹង​ទាំងភ្ញាក់ផ្អើល​ថា ​បច្ចុប្បន្ន​លោក​កំពុងតែ​ស្នាក់នៅ​លើទឹក​ប្រទេស​អាមេរិក ហើយ​ដំណើរ​ចេញទៅនេះ ​គឺមាន​រយៈពេល​ប្រហែលជា​កន្លះ​ខែ​មកហើយ​ដែរ​។ ​មូលហេតុ​ដែល​លោក​មិន​បញ្ចេញព័ត៌មាន​អំឡុងពេល​ចេញទៅ​ ឬ​គ្រា​ជាប់​សម្ភាសន៍​នោះ ​ក៏​ព្រោះតែ​មិន​ចង់​ឲ្យ​មហាជនយល់ថា​លោក​អួត​។

​តារាចម្រៀង​ប្រុស​លោក ជុំ លី​ណូ បាន​បន្តថា ​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ដែលមាន​ឱកាស​មកច្រៀង​នៅ​អាមេរិក​ ដើម្បី​ចែករំលែក​ការសប្បាយ​ដល់​បងប្អូន​ខ្មែរ​យើង​រស់នៅ​ទីនោះ​។ ម្យ៉ាងទៀត ​រឿង​ដែលសំខាន់គឺ​អរគុណ​ដល់​ពុកម៉ែ​បងប្អូន​ដែល​បាន​គាំទ្រ ​និង​ទទួល​ស្វាគមន៍​យ៉ាងកក់ក្តៅ​បំផុត​ចំពោះ​តារាចម្រៀង​ខ្មែរ​ ដែល​កំពុងតែ​ស្នាក់នៅ​ សម្តែង​ ច្រៀង​ទីនោះ​។

​លោក ជុំ លី​ណូ បញ្ជាក់ទៀតថា ​សម្រាប់​រយៈពេល​នៃ​ការ​ច្រៀង​-​សម្តែង​នោះ ​គឺមាន​៣​ខែ​ទើបផុតកំណត់ ​និង​វិល​ត្រឡប់មក​ស្រុក​កំ​ណើត​វិញ។ ចំណែកឯ​តារាចម្រៀង​ដែល​រួម​ដំណើរជាមួយគ្នា​នោះ​ គឺមាន​ពីររូប​ផ្សេងទៀត​ផងដែរ​៕ 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684