ព័ត៍មានទាន់​ហេតុការណ៏
Search

រាលកៃ​កាំភ្លើង​កែច្នៃ​ ត្រូវចំ​បុរស​ម្នាក់ ​បណ្តាល​ឱ្យស្លាប់​យ៉ាង​អាណោចអាធ័ម

ព្រះវិហារ​ ៖ ​ ជនរងគ្រោះ​ម្នាក់​ បាន​ស្លាប់ ​ខ​ណៈ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត កាលពី​ថ្ងៃទី​១៥ ​ខែឧសភា​ ឆ្នាំ​២០១៨ ​ក្នុង​ហេតុការណ៍​ខ្មាន់កាំភ្លើង​បាន​រាលកៃ​អាវុធ​កែច្នៃ​កា​រ៉ា​ប៊ី​ន ទៅ​ត្រូវចំ​ជនរងគ្រោះ​ត្រង់​ចិញ្ចើម​ខាងឆ្វេង​។​

ហេតុការណ៍​នេះ ​កើត​ទ្បើង​កាលពី​វេលា​ម៉ោង​ ១០ ​និង ៣០ ​នាទី​ព្រឹក​ ថ្ងៃទី​១៥ ​ខែឧសភា ​ឆ្នាំ​២០១៨ ​ស្ថិតនៅ​ភូមិ​ប្រមេរ​ ឃុំ​ប្រមេរ ​ស្រុក​ត្បែងមានជ័យ ហើយ​ភ្លាមនោះ​ត្រូវ​កម្លាំង​នគរបាល​ស្រុក​ត្បែងមានជ័យ​ ចុះទៅ​ឃាត់ខ្លួន​ជនល្មើស​តែម្តង​។

​អធិការនគរបាល​ស្រុក​ត្បែងមានជ័យ​ លោក ​រួន​ យ៉េត ​បាន​ថ្លែងឱ្យដឹងថា​ ជនសង្ស័យ​ឈ្មោះ ​សុខ វ៉ាន់ឌី​ន​ ភេទ​ប្រុស ​អាយុ​២១​ឆ្នាំ​ មុខរបរ​កសិករ​ រស់នៅ​ភូមិ​ប្រមេរ​ ឃុំ​ប្រមេរ​ ស្រុក​ត្បែងមានជ័យ ត្រូវបាន​កម្លាំង​របស់លោក​ចុះទៅ​ឃាត់ខ្លួន​បាន​ភ្លាមៗ​ផងដែរ​ ក្រោយ​កើតហេតុ​បន្តិច​។​ លោក​បន្តថា ហេតុការណ៍​ខាងលើនេះ ​បណ្តាលមកពី​រាលកៃ​កាំភ្លើង​កែច្នៃ​ ហើយសព​ជនរងគ្រោះ​ឈ្មោះ ​អួន​ រ៉ាវី ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខរបរ​កសិករ​ រស់នៅ​ភូមិ​ជាមួយគ្នា​នឹង​ជនសង្ស័យ​។

​លោក​អធិការ​បញ្ជាក់ថា ​ជនសង្ស័យ​ត្រូវបាន​បញ្ជូនបន្ត​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ កាលពីវេលា​ម៉ោង​ ១០ ​និង​ ៣០ ​នាទី​ព្រឹក ​ថ្ងៃទី​១៦ ​ខែឧសភា ​ឆ្នាំ​២០១៨ ​ដើម្បី​ស៊ើបសួរ​ និង​ចាត់ការទៅតាម​ផ្លូវច្បាប់​។​ បច្ចុប្បន្ន​សព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ប្រគល់ឱ្យ​ក្រុមគ្រួសារចាត់ចែង​ធ្វើ​បុណ្យសព​តាម​ប្រពៃណី​យ​ខ្មែរ​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684