ព័ត៍មានទាន់​ហេតុការណ៏
Search

ជួញ​ថ្នាំញៀន​ឆ្នាំ​ ២០១៤ តុលា​ការចេញ​ដីកា​ចាប់ខ្លួន​ឆ្នាំ ​២០១៦​ សមត្ថកិច្ច​ចាប់បាន​ឆ្នាំ ​២០១៨

​ភ្នំ​ពេ​ញ៖ បុរស​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​ច្បារអំពៅ ​ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​ភ្លាមៗ​ នាព្រឹក​ថ្ងៃទី​១៦​ ខែឧសភា ​ឆ្នាំ​២០១៨​នេះ​ ដោយ​នគរបាល​អនុវត្តន៍តាម​ដីកា​តុលាការ​ក្រុងភ្នំពេញ​។​

លោក ​ម៉ៅ សឿត អធិការរ​ង​នគរបាល​ខណ្ឌ​ច្បារអំពៅ​ បាន​ឲ្យ​ដឹងថា​ ជនសង្ស័យ​ដែល​ត្រូវ​កម្លាំងនគរបាល​របស់លោក​ចាប់ខ្លួន​នេះ​ គឺមាន​ឈ្មោះ​ ស៊ីម ចិ​ត្រា ហៅ​ចិត្រ​ អាយុ​២៨​ឆ្នាំ​ ស្នាក់នៅផ្ទះ​លេខ​៥១៧ ​ផ្លូវជាតិ​លេខ​១​ ភូមិ​យក​បាត្រ​ សង្កាត់​ក្បាលកោះ ​ខណ្ឌ​ច្បារអំពៅ ​រាជធានីភ្នំពេញ​។​ ជនសង្ស័យ​ត្រូវបាន​លោក​ ធា​ម ច័​ន្ទ​ពិសិដ្ឋ ចៅក្រម​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​២៥៣ “​ស​”​ដ​.​ច​.​ន​. ចុះ​ថ្ងៃទី​២៩ ​ខែមេសា ​ឆ្នាំ​២០១៦​ ដោយ​ចោទ​ពីបទជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារជាតិ​ញៀន​។

​លោក​អធិការ​រង​បន្តថា ​ជនសង្ស័យ​ខាងលើ​បាន​ប្រព្រឹត្តិ​នូវ​អំពើជួញដូរ​ថ្នាំញៀន​ នៅ​ភូមិ​យកបាត្រ​១ សង្កាត់​ក្បាលកោះ​ ខណ្ឌ​ច្បារអំពៅ​ តាំងពី​ថ្ងៃទី​១៥​ ខែវិច្ឆិកា ​ឆ្នាំ​២០១៤​ មកម្ល៉េះ​ តែ​បក្ខពួក​របស់គេត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅសល់តែ​រូបគេ​បានគេច​ខ្លួន​តាំងពី​ថ្ងៃ​នោះមក​។​ ជនសង្ស័យ​បាននិយាយថា ​រូបគេ​ពិតជា​បាន​ប្រព្រឹត្តិ​នូវ​សារជាតិ​ញៀន​ប្រាកដ​មែន​ ប៉ុន្តែ​គេ​ស្មាន​តែ​នគរបាល​បំភ្លេច​រឿង​របស់​គេ​ចោល ​ទើប​គេ​លប​ចូលមក​សំងំ​នៅក្នុង​ផ្ទះ​បាន​មិន​ដល់​មួយ​ម៉ោង​ផង ត្រូវ​នគរបាល​ចាប់​វ៉ៃខ្នោះ​តែម្តង​៕​