ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខណ្ឌឫស្សីកែវ ​ដឹកនាំ​កម្លាំង​ចុះ​រុះរើ​ រោង​ចាំ​ដី​របស់លោក​ មាស​ សាវឿន ​សង់​លើដី​ទំនាស់

​ភ្នំពេញ​៖ អាជ្ញាធរ​ខណ្ឌឫស្សីកែវ​ លោក ​ស៊ូ​ សោ​គន្ធ អភិបាលរងខណ្ឌ ​បាន​ដឹកនាំ​កម្លាំងចម្រុះប្រមាណជាង ​៤០​ នាក់​ ចុះទៅ​រុះរើ​រោង​ចាំ​ដីមួយកន្លែង របស់លោក មាស សាវឿន ដែល​សាងសង់​រំលោភ​លើដី​ទំនាស់។​ ការចុះ​រុះរើ​នេះ​ធ្វើឡើង​ នៅក្នុង​ភូមិ​ទួល​ពពែ សង្កាត់​ទួល​សង្កែ២ កាលពី​ព្រឹក​ថ្ងៃទី​១៦​ ខែឧសភា ឆ្នាំ២០១៨។ យ៉ាងណាក៏ដោយ ការប្រើ​វិធានការណ៍​រដ្ឋបាល ចុះ​រុះ​រោង​នោះបាន​សម្រេច​ជោគជ័យ ​ដោយ​សារ​អាជ្ញាធរ​លែង​យោគយល់​ទៀតហើយ។

​លោក​ ស៊ូ​ សោ​គន្ធ​ អភិបាលរងខណ្ឌ​ឫស្សី​កែវ​ បានអោយដឹងថា ការចុះ​រុះរើ​រោងដែល​សង់រំលោភលើដី​ទំនាស់ ធ្វើឡើងតាម​បញ្ជា​របស់អភិបាល​រាជធានី​ភ្នំពេញ លោក ​ឃួ​ង​ ស្រេង បន្ទាប់ពី​មាន​ពាក្យបណ្តឹង​របស់ឈ្មោះ ​លឹម សុ​វណ្ណា​ ភេទ​ស្រី​ អាយុ៦១​ឆ្នាំ ជា​ម្ចាស់​ដី។​ លោកបានអោយដឹង​ទៀតថា មុនពេល​ចុះ​រុះរើ​អាជ្ញាធរបាន​ចុះមក​ហាមឃាត់​ និង​ណែនាំ​អោយ​រុះរើច្រើនលើកច្រើនសារ​មកហើយ តែ​លោក មាស សាវឿន ​មិន​ស្តាប់​ចេះតែ​សង់​លើដី​ទំនាស់​នោះជា​បន្តបន្ទាប់ ​ទើប​អាជ្ញាធរ​ចុះមក​ប្រើ​វិធានការណ៍​រដ្ឋបាល​តែម្តង​។

​តាម​ប្រភពព័ត៌មាន​អោយដឹងទៀតថា ដី​ទំនាស់​នោះ​មាន​ទំហំ​ប្រមាណ​ជាង១​ហិត​តា ដែលមានទំនាស់​រ៉ាំរ៉ៃជា​យូរ​មកហើយ រវាង​ឈ្មោះ​ លឹម វណ្ណា និង​ឈ្មោះ​ មាស សាវឿន ពោលគឺតាំងពី​អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ​ដីធ្លី ឈប់​ដោះស្រាយ​ហើយ​ប្រគល់​រឿងនេះ​ទៅសាលាក្រុង​វិញ។ ជាមួយគ្នា​នោះ គេ​ឃើញក្រុមគ្រួសាររបស់លោក​ មាស សាវឿន ដែលជា​អ្នកចាំ​ដីប្រមាណ​ជិត ​១០​ នាក់ ​ប្រដាប់​ដោយ​កាំបិត ពូថៅ ធ្វើការ​រារាំង​អាជ្ញាធរ ​និង​ប្រើពាក្យ​សំដីធ្ងន់ៗ​ដាក់​អាជ្ញាធរ​ផងដែរ​ ព្រមទាំង​ដុត​កម្ទេចកំទី​រោង​នោះ​ចោល​ទៀតផង។​

លោកស្រី ​លឹម វណ្ណា បានអោយដឹងថា ដី​នោះ​មាន​ទំហំ ​១២០០០​ ម៉ែត្រ ដែល​គាត់​បាន​ទិញ​ដោយស្របច្បាប់​ពី​លោក លឹម អាន តាំងពី​ឆ្នាំ ១៩៩៩ ដោយមាន​អាជ្ញាធរ ភូមិ សង្កាត់ ខណ្ឌ​ដឹងឮ ហើយ​ពេល​ថ្មីៗ​អាជ្ញាធរ​ជាតិដោះស្រាយ​វិវាទ​ដីធ្លី​ ក៏​ប្រគល់​រឿងនេះ​ទៅ​សាលា​រាជ​ធានី​ជាអ្នកដោះស្រាយ ហើយ​សាលា​រាជធានី​ក៏បាន​ចុះ​វាស់វែង​ប្រគល់​ទៅឱ្យ​ភាគីលោកស្រី​ លឹម ​វណ្ណា​។

ប្រភព​បន្តថា លុះ​ក្រោយមក​ស្រាប់តែលោក​ មាស សាវឿន ដែលមាន​ដីនៅ​ខាងកើត បាន​លក់ដីអស់ហើយបាន​ប្តឹង​ចោទឈ្មោះ​ លឹម ​អាន ថាលួច​យក​ដីលក់​ និង​ប្តឹងដណ្តើម​ដីរបស់គាត់​ដែល​ទិញ​ដោយ​ស្របច្បាប់ ហើយ​នៅ​ឆ្ងាយ​ពីគ្នា​ទៅវិញ។​

លោកស្រី លឹម វណ្ណា ក៏បាន​អោយដឹងទៀតថា នៅ​ថ្ងៃទី​១៥​ ខែតុលា ឆ្នាំ២០១៧​ ស្រាប់តែឈ្មោះ ថាច់ ស៊ី សុ​ម៉ា និង​កូនប្រុស ដែលជា​សាច់ញាតិ​លោក​ មាស សាវឿន បាននាំគ្នាមក​សាង​សង់រោងរំលោភ​យក​ដី​របស់គាត់​ដោយ​មិនចេះ​អៀនខ្មាស។​ រឿង​នោះគាត់ក៏បាន​ប្តឹងទៅ​អាជ្ញាធរខណ្ឌ​ឫស្សី​កែវ អោយជួយ​អន្តរាគមន៍៕