ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋ​ហា​វ៉ៃ ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​ បន្ទាប់ពី​ផេះ​ផ្ទុះ​ចេញពី​ភ្នំភ្លើង

ផេះភ្នំភ្លើង​ដ៏​ធំ​សម្បើម​ បាន​ផ្ទុះ​ចេញពី​ភ្នំភ្លើង Kilauea នៅ​លើ​កោះ​ហា​វ៉ៃ​ កាលពី​ថ្ងៃ​អង្គារ​ ដែល​ជា​ហេតុ​ជំរុញ​ឲ្យ​អាជ្ញាធរ​ចេញ​ការព្រមាន​អំពី​គុណភាព​ខ្យល់​ និង​លទ្ធភាព​នៃ​ការ​ផ្ទុះ​ដ៏​ធំ​មួយ។

ភ្នាក់ងារ​ការពារ​ស៊ីវិល​កោះ​ហា​វ៉ៃ​បាន​និយាយថា ការធ្លាក់​ដុំថ្ម​និង​ការផ្ទុះ​ឧស្ម័ន​ចេញពី​រណ្ដៅ​មួយ​នៅលើ​ភ្នំភ្លើង Kilauea បាន​បណ្តាល​ឲ្យ​មាន​ផេះ​ដ៏​ក​ក្រាស់​ដែល​កំពុង​អណ្តែត​ទៅ​ទិសនិរតី​។​

អាជ្ញាធរ​បាន​និយាយថា ពពក​ផេះ​គឺមាន​កម្ពស់​ពី​១០,០០០​ទៅ​១២,០០០​ហ្វី​ត​ហើយ​បាន​ជំរុញ​ឲ្យ​មានការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​សម្រាប់​ផ្នែក​អាកាសចរណ៍​។​

ពួកគេ​បាន​ព្រមាន​ថា អ្នករស់នៅ​តាមផ្លូវ​នៃ​ពពក​នេះ​អាច​មាន​បញ្ហា​ផ្លូវដង្ហើម​និង​បាន​ជំរុញ​ឲ្យ​ប្រជាជន​ជៀសវាង​ការប៉ះពាល់​ហើយ​បើកបរ​ដោយ​ប្រុងប្រយ័ត្ន​។​

ការផ្ទុះ​ផេះ​ថ្មី​នេះ​បាន​កើតឡើង​ចំពេល​ដែល​ស្នាម​ប្រេះ​ថ្មី​មួយ​បាន​បើក​នៅលើ​កោះធំ​ដែលជា​កន្លែង​នៃ​មាត់​ភ្នំភ្លើង​។ វា​បាន​នាំ​ឲ្យ​ស្នាម​ប្រេះ​ថ្មី​ដែល​បង្កឡើង​ដោយ​ការផ្ទុះ​ភ្នំភ្លើង​កើន​ដល់​២០​។​

ភ្នាក់ងារ​ការពារ​ស៊ីវិល​បាន​និយាយថា ឧស្ម័ន​ដែលមាន​គ្រោះថ្នាក់​កំពុង​បញ្ចេញ​ពី​ស្នាម​ប្រេះ​នៅ​ជិត​តំបន់ Lanipuna Gardens ហើយ​បាន​ជំរុញ​ដល់​ប្រជាពលរដ្ឋ​ស្នាក់នៅ​ឲ្យ​ឆ្ងាយ​ពី​ទីនោះ​។​

ទីភ្នាក់ងារ​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​ការប្រកាសអាសន្ន​ពណ៌​ក្រហម​មានន័យថា​មាន​គ្រោះថ្នាក់​ដល់​សុខភាព​ភ្លាមៗ​ដូច្នេះ​ត្រូវ​ចាត់វិធានការ​ដើម្បី​កំណត់​ការប៉ះពាល់​បន្ថែម​។ ស្ថានភាព​ធ្ងន់ធ្ងរ​អាច​កើតមាន​ដូចជា​ការ​ឈ្លក់​ផ្សែង​និង​អសមត្ថភាព​ដកដង្ហើម​។ នេះ​គឺជា​ស្ថានភាព​ធ្ងន់ធ្ងរ​បំផុត​មួយ​ដែល​ប៉ះពាល់​ដល់​ប្រជាជន​ទាំងមូល​”​។​

រហូតមកដល់​ពេលនេះ លំនៅដ្ឋាន​និង​អាគារ​ដទៃទៀត​ចំនួន​៤០​ត្រូវបាន​បំផ្លាញ​ដោយ​កម្អែល​ភ្នំភ្លើង​ដែល​បាន​ព្រួស​ចេញពី​ភ្នំភ្លើង​មួយ​ដែលមាន​ទីតាំងនៅ​ផ្នែក​អាគ្នេយ៍​នៃ​កោះធំ​។​
Kilauea គឺជា​ភ្នំភ្លើង​សកម្ម​បំផុត​មួយ​នៅលើ​ពិភពលោក​និង​ជា​ភ្នំភ្លើង​មួយ​ក្នុងចំណោម​ប្រាំ​នៅលើ​កោះ​នេះ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684