ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ជូន​ឧកញ៉ា​បាញ់បោះ ហូរ ចំរើន មក​តុលាការ

ភ្នំពេញ៖ ឧកញ៉ា ហូរ ចំរើន ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ក្រសួងមហាផ្ទៃ​ បញ្ជូន​ខ្លួន​មកកាន់​សាលាដំបូងរាជធានី​ភ្នំពេញ​ហើយ នា​រសៀល​ថ្ងៃទី១៦ ​ខែឧសភា ឆ្នាំ​២០១៨​នេះ ពាក់ព័ន្ធការបាញ់បោះ​គំរាមកំហែង​ឪពុកម្ដាយ​ក្មេក​ កាលពី​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​ ២០១៨ ​កន្លងទៅ នៅ​ភូមិ​គ្រឹះ​ស្ថិតនៅ​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។ ព្រះរាជអាជ្ញា​អម​តុលាការ​កំពុងធ្វើការ​សាកសួ​រ​ជនសង្ស័យ។ នៅក្នុង​បរិវេណ​តុលាការ អ្នកកាសែត​មិន​អនុញ្ញាត​អោយ​ថតរូប​ជនសង្ស័យ​នេះ​ទេ។

​សូមបញ្ជាក់ថា ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហូរ ចំរើន អាយុ​៣៨​ឆ្នាំ ជា​មន្ត្រី​យោធា​ក្រសួងការពារជាតិ និង​ភរិយា​ឈ្មោះ គារ សុខ​គាង អាយុ​១៩​ឆ្នាំ ត្រូវបាន​ព្រះមហាក្សត្រ​តែងតាំង​ជា​ឧកញ៉ា នៅ​ថ្ងៃទី១២ ខែមេសា ឆ្នាំ​២០១៨​ថ្មីៗ​នេះ លុះ​មកដល់​ថ្ងៃទី២១ ​មេសា ស្រាប់តែ​មានទំនាស់​កើតឡើង​ក្នុង​គ្រួសារនៅវេលា​រសៀល ហើយ​ស្រាប់តែ​ឧកញ៉ា ហូរ ចំរើន បាញ់កាំភ្លើង​គំរាមកំហែង​នៅក្នុង​ភូមិ​គ្រឹះនោះ​បណ្ដាលអោយ​កើតមាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង។

ក្រោយ​កើតហេតុ​គេ​ឃើញ​លោក ​យិន គារ អាយុ​៥៦​ឆ្នាំ ជា​ឪពុកក្មេក លោកស្រី ផន ទៀង ជាម្ដាយក្មេក និង​ឈ្មោះ គារ សុខ​គាង ជា​ភរិយា​លោក​ឧកញ៉ា ហូរ ចំរើន បាន​ទៅ​ដាក់ពាក្យ​ប្ដឹងអោយ​សមត្ថកិច្ច​ធ្វើ​អន្តរាគមន៍​តាមផ្លូវ​ច្បាប់។ បន្ទាប់មក​សំណុំ​រឿងនេះ​ត្រូវបាន​នគរបាល​ព្រហ្ម​ទណ្ឌ​ក្រសួងមហាផ្ទៃ​បញ្ជូនមក​អយ្យការ​អម​សាលាដំបូង​ ដើម្បី​បើក​កា​ស៊ើបអង្កេត​បឋម ហើយ​នៅថ្ងៃទី១៦ ​ឧសភា​ នេះ​ក៏​ចាប់ខ្លួន​បញ្ជូនមក​តុលាការ​តែម្ដង៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684