ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកជំនាញ​ផ្នែក​សើ​ស្បែក អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ​កុំ​ប្រើប្រាស់​គ្រឿងសម្អាង​ណា ​ដែល​គ្មាន​ប្រភពច្បាស់លាស់

​ភ្នំពេញ​៖​ លោក​វេជ្ជបណ្ឌិត ចាន់ វិចិត្រ ប្រធាន​សមាគម​គ្រូពេទ្យ​សើ​ស្បែ​កបាន​​អំពាវនាវ​ដល់ប្រជាពលរដ្ឋ​ ពិសេស​ស្ត្រី ​សូមកុំ​ប្រើប្រាស់​ផលិតផល​គ្រឿងសម្អាង ​ឬ​ឡេ​លាប​ស្បែក​នានា​ណាដែល​មិនមាន​ប្រភព​ច្បាស់លាស់ ព្រោះ​វា​អាច​នឹង​នាំទៅរក​ផលវិបាក​ច្រើនយ៉ាង​។

​លោក​បានលើកឡើង​បែបនេះ​ នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៤ របស់​សមាគម​គ្រូពេទ្យ​សើ​ស្បែកកម្ពុជា ដែល​បាន​រៀបចំឡើង​កាលពី​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល អង្គរ​ភោគី​ក្រា​ហ្គោល និង​ ស្ប៉ា រី​ស៊​ត នៅ​ក្រុង​សៀមរាប​ ដោយមាន​ការចូលរួម​ពី​វេជ្ជបណ្ឌិត អ្នកជំនាញ អ្នកឯកទេស វាគ្មិន និង​អ្នកពាក់ព័ន្ធ​ជាតិ​-​អន្តរជាតិ​ជាច្រើនរូប​ទៀត​ ដើម្បី​ចែករំលែក​នូវចំណេះដឹង​ថ្មីៗ និង​បទពិសោធន៍ពី​ជំងឺ​​សើ​ស្បែក។

​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ថា ​«​ប្រជាពលរដ្ឋ​មិនគួរ​ទៅ​ទិញ​ថ្នាំ គ្រឿងសម្អាង​ ឬ​ឡេ​លាប​ស្បែកដោយខ្លួនឯង ដោយ​មិនបាន​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ឯកទេស ជំនាញ​នោះទេ ព្រោះ​នាំ​ឲ្យ​ជំងឺមានការ​អូសបន្លាយ​ពេល​វេលា ឬ​ឈានទៅរក​សភាព​ជំងឺ​ធ្ងន់ធ្ងរ ហើយ​ខាតបង់ទាំង​ពេលវេលា និង​ថវិកា​ផងដែរ​។ ដូច្នេះបើសិន​ជាមាន​ជំងឺ​សើ​ស្បែក ហើយ​បាន​ទៅរក​គ្រូពេទ្យ​ជំនាញ​ឯកទេស​ពិតប្រា​ដក គឺ​បាន​ជួយ​ធ្វើ​រោគវិនិច្ឆ័យ​បាន​ត្រឹមត្រូវ នឹងធ្វើ​ឲ្យ​ជំងឺ​ឆាប់​ជាសះស្បើយ​»​។

​លោក​វេជ្ជបណ្ឌិត ចាន់ វិចិត្រ បាន​បន្តទៀតថា ​ហេតុដូចនេះ​ហើយ​បានជា​យើង​បង្កើតសមាគមគ្រូពេទ្យ​សើ​ស្បែក​កម្ពុជា ដែលជា​សមាគមវិជ្ជាជីវៈ​មួយ ដើម្បី​ពង្រឹង​នូវ​វិជ្ជាជីវៈទាក់ទង​ជំងឺ​សើ​ស្បែក ហើយ​ដើម្បី​ឲ្យ​គ្រូពេទ្យ​ទាំងអស់គ្នាមានការ​ចូលរួមបាន​រៀនសូត្រ​នូវចំណេះដឹង និង​បទពិសោធន៍​ថ្មីៗ​បន្ថែមទៀត​ មាន​ភាពងាយស្រួលក្នុងការ​យកទៅអនុវត្ត​ឲ្យ​មានគុណភាព និង​ប្រសិទ្ធភាព​ខ្ពស់​។

​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ថែ​ម​ថា បច្ចុប្បន្ន​ជំងឺ​សើ​ស្បែក​មួយចំនួន​នៅ​កម្ពុជា គឺ​បាន​ជួប​ញឹកញាប់ និងមានការ​កើនឡើងដូចជា​ ជំងឺ​តាអក ជំងឺផ្សិត​សើ​ស្បែក ជំងឺ​បាក់​តា​រី​សើ​ស្បែក ជំងឺ​ប៉ារ៉ាស៊ីត​សើស្បែក ជំងឺ​មុខ​កើតមុន ជំងឺ​ជាំ ជំងឺ​កន្ទាលត្រអាក និង​ជំងឺ​ជាច្រើន​ទៀត​។ តែ​សម្រាប់​ជំងឺ​សើស្បែក​ទាំងនេះ បច្ចុប្បន្ន​ប្រជាពលរដ្ឋមានការ​យល់ដឹង​ច្រើន បើ​ប្រៀបធៀប​ទៅនឹង​កាលពីកិច្ចប្រជុំ​លើក​ទី​១ ចំណែក​ក្រុមគ្រូពេទ្យក៏មាន​សមត្ថភាព​ទាំង​ជំនាញ និង​ចំណេះដឹង ប្រកបដោយ​គុណភាព និង​ប្រសិទ្ធិភាព ក្នុងការ​ឆ្លើយតប​ទៅនឹង​តម្រូវការ​នៃ​ការផ្ដល់​ការប្រឹក្សា ពិនិត្យ និង​ព្យាបាល​ជំងឺ រោគ​សើ​ស្បែក​ផងដែរ​។

​គួរ​បញ្ជាក់ថា ​នៅក្នុង​កិច្ច​នោះ ក៏មាន​ការបោះឆ្នោត​ជ្រើសរើស​តំណាង និង​ប្រធាន​សមាគម​សម្រាប់អាណត្តិ​ថ្មី ដែលមាន​សមាជិក​សរុប​ប្រមាណ​ជា ​១២០ ​រូប​។ សមាគម​គ្រូពេទ្យ​សើ​ស្បែកកម្ពុជា ក៏​ជា​សមាជិក នៃ​សមាគម​គ្រូពេទ្យ​សើ​ស្បែក​អាស៊ាន ហើយនឹង​ឈានចូល​រួម​ជាសមាជិក នៃ​សមាគម​គ្រូពេទ្យ​សើ​ស្បែក​អាស៊ី ឈាន​ក្លាយទៅជា​ក្រុម​សមាជិក​គ្រូពេទ្យ​សើ​ស្បែករបស់​ពិភពលោក​ផងដែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684