ព័ត៍មានទាន់​ហេតុការណ៏
Search

ការដាក់ទណ្ឌកម្ម​រប​ស់​អាមេរិក ​មកលើ​កម្ពុ​ជា “​គ្មាន​ប្រសិទ្ធភាព និង​ផលប្រយោជន៍” ​នោះឡើយ​

យោងតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន ឌឹ ឌី​ផ្លូ​មែ​ត (The Diplomat) ចេញផ្សាយ​នៅ​ថ្ងៃទី​៦​ខែមករា​ឆ្នាំ​២០១៨ បានឱ្យដឹងថា សហរដ្ឋអាមេរិក និង​បណ្តា​ប្រទេស​ដែលជា​សមាជិក​ «​អង្គការ​សម្រាប់​កិច្ចសហប្រតិបត្តិការ និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​» ដែលមាន​៣៥​ប្រទេស បានដាក់​ទណ្ឌកម្ម​ «​ទ្រង់ទ្រាយ​ធំ​» ទៅលើ​ប្រទេស​ភូមា ប៉ុន្តែ​បាន​ដក​ទណ្ឌកម្ម​នេះ​វិញ នៅ​ឆ្នាំ​២០១៦​។​

​តើ​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​នេះ ការដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេស​ភូមា ដែលមាន​ឈ្មោះ​ជា​ផ្លូវការ​ថា «​មី​យ៉ាន់​ម៉ា​» នោះ មាន​ផលប៉ះពាល់​ដូចម្តេច ហើយ​តើ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ មាន​យុទ្ធសាស្ត្រ​ដូចម្តេច ដើម្បី​ទប់ទល់​ចំពោះ​ការដាក់ទណ្ឌកម្ម​នេះ​?

​​ជាការ​ពិតណាស់ ការដាក់ទណ្ឌកម្ម​មាន​គោលបំណង​ កាត់​ផ្តាច់ទំនាក់ទំនង​សេដ្ឋកិច្ច រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុង​រូបភាព​ជាការ​កាត់ផ្តាច់​ជំនួយ​ហិរញ្ញវត្ថុ ការបង្ក​ទ្រព្យធន និង​បញ្ឈប់​ការដាក់ទុន​វិនិយោគ​។​

​ទីមួយ បន្ទាប់ពី​ការដាក់ទណ្ឌកម្ម ការនាំចេញ​ផលិតផល​ពី​ប្រទេស​មី​យ៉ាន់​ម៉ា ​ទៅកាន់​សហរដ្ឋអាមេរិក បាន​ធ្លាក់ចុះ​ដល់​ចំណុចសូន្យ ប៉ុន្តែ​សហរដ្ឋអាមេរិក ​នៅ​តែបន្ត​នាំចេញ​ផលិតផល​របស់ខ្លួន ​ទៅកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​។​​

ទី​ពីរ ទោះបីជា​ការដាក់ទណ្ឌកម្ម​នេះ​ មាន​លក្ខណៈ​ទូលំទូលាយ​ក្តី ការសិក្សា​មួយ​បង្ហាញថា ផលប៉ះពាល់​ទៅលើ​ពាណិជ្ជកម្ម​មី​យ៉ាន់​ម៉ា មិនមាន​សារៈសំខាន់​នោះឡើយ​។ នៅ​ឆ្នាំ​២០០១ មុននឹង​មានការ​ដាក់​ទណ្ឌកម្ម ពាណិជ្ជកម្ម​របស់​មី​យ៉ាន់​ម៉ា​ មាន​ចំនួន​៦,២៨​ពាន់​លាន​ដុល្លា ហើយ​កើនឡើង​រហូតដល់​៦,៥៤​ពាន់​លាន​ដុល្លា នៅ​ឆ្នាំ​២០០៣​។ ចាប់ពីពេលនោះ​មក ពាណិជ្ជកម្ម​សរុប​រប​ស់មី​យ៉ាន់​ម៉ា​ បាន​កើនឡើង ដោយ​មិនមាន​អ្វី​រារាំង​នោះឡើយ​។ នៅ​ឆ្នាំ​២០០៤ ពាណិជ្ជកម្ម​សរុប​រប​ស់មី​យ៉ាន់​ម៉ា​ កើនឡើង​ដល់​៧,១​ពាន់​លាន​ដុល្លា ហើយ​បន្ត​កើនឡើង​រហូតដល់​ ៨,៥៧​ពាន់​លាន​ដុល្លា នៅ​ឆ្នាំ​២០០៦​។​

​នៅក្នុង​អំឡុងពេល​នៃ​ការដាក់ទណ្ឌកម្ម ប្រទេស​មី​យ៉ាន់​ម៉ា​បានរៀបចំ​ឱ្យមាន​ផលិតផល និង​ដៃគូ​ពាណិជ្ជកម្ម​ចម្រុះ ដោយ​មិន​ពឹង​ផ្អែក លើ​ទីផ្សារ​សហរដ្ឋអាមេរិក​ទៀតឡើយ​។ ជាការ​ពិតណាស់ យុទ្ធសាស្ត្រ​នេះ បាន​ជួយ​ឱ្យ​មី​យ៉ាន់​ម៉ា​ រក្សាបាន​នូវ​កំណើនសេដ្ឋកិច្ច​របស់ខ្លួន ទោះបីជា​មានការ​ដាក់ទណ្ឌកម្ម ​ដោយ​សហរដ្ឋអាមេរិក​ក្តី​។

(រូបភាព៖ ការធ្វើ​រដ្ឋប្រហារ​យោធា​ នៅ​ប្រទេស​ថៃ​នៅ​ឆ្នាំ​២០១៤ រហូតមកដល់ពេលនេះ ពុំមានការដាក់ទណ្ឌកម្ម​ណាមួយ ​ពី​ប្រទេស​លោកខាងលិច​ ចំពោះការធ្លាក់ចុះ​យ៉ាងធ្ងន់ធ្ងរ លទ្ធិប្រជាធិបតេយ្យនៅ​ប្រទេស​ថៃ)

​នៅ​ចម្ងាយ​ប្រមាណ​ជា​១៨៥០​គីឡូម៉ែត្រ ​ភាគ​អ​គ្នេ​យ៍​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា នៅ​ប្រទេស​កម្ពុជា​ឯណេះ​វិញ សហរដ្ឋអាមេរិក និង​សហគមន៍​អឺរ៉ុប ក៏បាន​ព្រួត​គ្នា​ ដាក់ទណ្ឌកម្ម​ក្នុង​រូបភាព​ផ្សេងៗ​ មកលើ​ប្រទេស​កម្ពុជា​ដែរ បន្ទាប់ពី​តុលាការ​កម្ពុជា​ សម្រេច​រំ​លាយ​ចោល​អតីត​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ឆ្នាំ​កន្លង​ទៅនោះ​។​

​មិនតែប៉ុណ្ណោះ យោងតាម​សេចក្តីរាយការណ៍​ របស់​កាសែត​ភ្នំពេញ​ប៉ុ​ស្ត៍ ចេញផ្សាយ​នៅ​ថ្ងៃទី​១៥​ខែឧសភា​នេះ បានឱ្យដឹងថា តំណាងរាស្ត្រ​អាមេរិក​ម្នាក់​ឈ្មោះ ថិ​ត យ៉ូ​ហូ (Ted Yoho) ប្រធាន​អនុគណៈកម្មាធិការ​កិច្ចការបរទេស​ ទទួល​បន្ទុក​កិច្ចការ តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក បានចេញ​សេចក្ដីថ្លែងការណ៍ កាលពី​ថ្ងៃទី​១០​ខែឧសភា​ឆ្នាំ​២០១៨ ដោយ​អះអាងថា​ នឹងដាក់​សំណើ​ច្បាប់​ស្ដីពី​ប្រជាធិបតេយ្យ​ ឆ្នាំ​២០១៨​នៅ​កម្ពុជា ក្នុង​គោលបំណង​ប្រឆាំងនឹង​ «​អំពើ​បំផ្លិចបំផ្លាញ​ប្រជាធិបតេយ្យ និង​អំពើ​រំលោភបំពាន​សិទ្ធិមនុស្ស​» ​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី ហ៊ុន សែន​។

​តំណាងរាស្ត្រ​អាមេរិក​រូបនេះ បាន​និយាយថា​ ច្បាប់​នេះ​នឹង​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ ​មានលទ្ធភាព​ក្នុង​ការតស៊ូ​ ដើម្បី​ប្រជាធិបតេយ្យ ពីព្រោះ​វិធានការ​ច្បាប់​នេះ​ នឹង​អាច​បំបែក​អំណាច​ប្រមូលផ្តុំ​ របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​។​

​ជាការ​ពិតណាស់ ដូច​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយប្រាប់​កាសែត​ភ្នំពេញ​ប៉ុ​ស្ត៍ តំណាងរាស្ត្រ​អាមេរិក ដែលមាន​ឈ្មោះ ថិ​ត យ៉ូ​ហូ មិនមាន​តួនាទី និង​អំណាច​អ្វី​ ដាក់បន្ទុក​ធ្ងន់​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​ឡើយ ពីព្រោះ​តំណាងរាស្ត្រ​រូបនេះ​ គ្រាន់តែ​ជា​បុគ្គល​ម្នាក់​ ជា​«​អាយ៉ង​របស់​គណបក្ស​សង្គ្រោះ​ជាតិ​» តែប៉ុណ្ណោះ​។​

«​វា​គ្មានអ្វី​ចម្លែក​ទេថា​ មេខ្លោង​នៃ​ក្បាលម៉ាស៊ីន​បដិវត្តន៍​ពណ៌​នោះ ​វា​តែងតែ​កាន់ជើង​អាយ៉ង​របស់ខ្លួន​ជា​រឿង​ធម្មតា ខ្ញុំ​យល់ថា​ វា​គ្មាន​ទម្ងន់​អី ​ដែល​ចេញ​ជា​លទ្ធផល ​ដូច​បំណងប្រាថ្នា​ ដែល​គាត់​ចង់បាន​នោះទេ​។ គាត់​គ្រាន់តែ​មានគំនិត​ផ្តួចផ្តើម ​វា​នៅ​ឆ្លង​នីតិវិធី​ច្រើន​ទៀត ហើយ​គាត់​ក៏​មិនមាន​ទម្ងន់​ស្អី ​នៅក្នុង​រដ្ឋសភា​អាមេរិក​ ក៏​ដូច​ព្រឹទ្ធសភា​អាមេរិក​ទេ​ គាត់​មិនអាច​សម្រេច​តាម​ការចង់បាន​របស់​គាត់​ទេ​។ ហើយ​គាត់​និយាយ​នេះ​ វា​ខុសពី​ការពិត​ទាំងស្រុង​ អំពី​ការប្រើ​តុលាការ​ដើម្បី​គាបសង្កត់​បក្សប្រឆាំង ឬ​មន្ត្រី​អតីត​ប្រឆាំង​ គឺជា​ការខុស​ការពិត​។​» លោក ឥសាន បាន​ពន្យល់​។​

​តាមពិត ការ​គម្រាម​បង្កើត​ច្បាប់​ប្រឆាំង នឹង​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ការដាក់ទណ្ឌកម្ម​មកលើ​កម្ពុជា វា​មិន​យុត្តិធម៌ ហើយក៏​គ្មាន​ផលប៉ះពាល់​ ដល់​កម្ពុជា​នោះឡើយ​។​

​យោងតាម​សេចក្តីរាយការណ៍​ របស់​សារព័ត៌មាន ឌឹ ឌី​ផ្លូ​មែ​ត ចេញផ្សាយ​នៅ​ថ្ងៃទី​១៣​ខែមករា​ឆ្នាំ​២០១៨ លោក ឈាង វណ្ណា​រិ​ទ្ធ ប្រធាន​ក្រុមប្រឹក្សាភិបាល​ នៃ​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ បាន​លើកឡើងថា ការចាត់វិធានការ​ធ្ងន់ធ្ងរ​ចំពោះ​ប្រទេស​កម្ពុជា មិន​សម​ហេតុផល​នោះឡើយ បើ​ប្រៀបធៀប​នឹង​អ្វីដែល​កើតឡើង​នៅក្នុង​តំបន់​នោះ​។​

​ជាការ​ពិតណាស់ ការធ្វើ​រដ្ឋប្រហារ​យោធា​ នៅ​ប្រទេស​ថៃ​នៅ​ឆ្នាំ​២០១៤ បានធ្វើឱ្យ​លទ្ធិប្រជាធិបតេយ្យ​ប្រទេស​ថៃ​ ធ្លាក់ចុះ​យ៉ាងធ្ងន់ធ្ងរ ប៉ុន្តែ​រដ្ឋាភិបាល​ថៃ​ មិនបាន​ប្រឈមមុខ​នឹង​ការដាក់ទណ្ឌកម្ម​ណាមួយ ​ពី​ប្រទេស​លោកខាងលិច​នោះឡើយ​។

​ដូចគ្នានេះដែរ សហគមន៍​អន្តរជាតិ​ ក៏​មិនបាន​ដាក់ទណ្ឌកម្ម​ណាមួយ​ ទៅលើ​ប្រទេស​ហ្វ៊ី​លី​ពី​ន ចំពោះ​ការសម្លាប់​មនុស្ស​ក្រៅច្បាប់​ ទាក់ទង​នឹង​សង្គ្រាម​គ្រឿងញៀន ឬ​ទៅលើ​មី​យ៉ាន់​ម៉ា ចំពោះ​ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​អំពើហិង្សា​ទៅលើ​ជនជាតិ​មូស្លីម រ៉ូ​ហ៊ីង​យ៉ា នោះដែរ​។​

(រូបភាព៖ ការរំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ និង​អំពើហិង្សា​ទៅលើ​ជនជាតិ​មូស្លីម រ៉ូ​ហ៊ីង​យ៉ា នៅមី​យ៉ាន់​ម៉ា ពុំមានដាក់ទណ្ឌកម្ម​ណាមួយ​នោះទេ)

​ទន្ទឹមនឹងនេះ ការ​គម្រាម​បង្កើត​ច្បាប់​ប្រឆាំងនឹង​រាជរដ្ឋាភិបាល​កម្ពុជា​ ដោយ​សមាជិកសភា​អាមេរិក​នោះ វារឹតតែ​អយុត្តិធម៌​ទៅទៀត សម្រាប់​ប្រទេស​កម្ពុជា​នោះ​។​

​ទោះបីជា​យ៉ាងណាក្តី ដូចជា​ការដាក់ទណ្ឌកម្ម​ទៅលើ​ប្រទេស​មី​យ៉ាន់​ម៉ា ​នៅ​ឆ្នាំ​២០០៣ ដោយ​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃទៀត​នោះ រាជរដ្ឋាភិបាល​កម្ពុជា​ នឹង​រក​យុទ្ធសាស្ត្រ​ដែលមាន​ប្រសិទ្ធភាព​បំផុត ដើម្បី​ទប់ទល់​ចំពោះ​ការដាក់ទណ្ឌកម្ម​ណាមួយ ឬ​ការ​គម្រាម​ចាត់វិធានការ​ណាមួយ រ​បស់​សហរដ្ឋអាមេរិក​។

​កាសែត​កម្ពុ​ជាថ្មី មាន​ជំនឿ​យ៉ាង​មុតមាំ​បំផុត​ថា ការ​គម្រាម​ដាក់ទណ្ឌកម្ម ឬ​ការដាក់​សម្ពាធ​ណាមួយ​ ម​កលើ​ប្រទេស​កម្ពុជា​ នឹង​មិនមាន​ប្រសិទ្ធភាព​ និង​ប្រយោជន៍​នោះឡើយ ដូចជា​នៅក្នុង​ប្រទេស​មី​យ៉ាន​ម៉ា​កន្លងមក ដូច្នេះ​ដែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684