ព័ត៍មានទាន់​ហេតុការណ៏
Search

ពុទ្ធ ឆាយ​រិទ្ធី និង ​រឿង សា​រ័ត្ន ឡើងសាក​កណ្តាប់ដៃ​ជាមួយ​កីឡាករ​ថៃ

​ភ្នំពេញ៖ កីឡាករ ​ពុទ្ធ ឆាយ​រិទ្ធី អ្នក​ប្រដាល់​នៃ​ក្លិប​ពុទ្ធ​សេរី​វង្ស​ពោធិ​សែន​ជ័យ ត្រូវគេ​ផ្គូផ្គង​ឲ្យ​ជួបជាមួយ​កីឡាករ​ថៃ ​ដិ​ន​ណា​ផូ ស​. ថា​ន់​យ៉ា​ឡាក់ ខណៈ​កីឡាករ រឿង សា​រ័ត្ន អ្នក​ប្រដាល់​របស់ក្លិប​កងពលតូច​ទ័ព​ពិសេស​ឆ័​ត្រ​យោង​៩១១ ជួប​ជាមួយ​កីឡាករ​ថៃ ​ផេ​ច​ភី​ស្នុ ភី​និ​ត​មុន​ទ្រី ដើម្បី​សាក​កណ្តាប់ដៃ​គ្នា នា​ថ្ងៃ​សៅ​រ៍ ទី​១៩ ខែឧសភា ឆ្នាំ​២០១៨​នេះ​។

​កីឡាករ​ ពុទ្ធ ឆាយ​រិទ្ធី ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ ​ដិ​ន​ណា​ផូ ស​. ថា​ន់​យ៉ា​ឡាក់ ក្នុង​ប្រភេទ​ទម្ងន់ ​៦៧ គីឡូក្រាម ដែល​ពួកគេ​ទាំងពីរ​នាក់​នេះ​មិនដែល​ជួបគ្នា​ទេ​កន្លងមក ហើយក៏​គេ​មិនដឹង​សមត្ថភាពកីឡាករ​ថៃ​ម្នាក់នេះ​មាន​វិជ្ជា​គុន​បែបណា​ដែរ។ តែ​យ៉ាងណា​កីឡាករ​ថៃ​ភាគច្រើន​គឺ​ពូកែជើង​ទាត់ ជង្គង់ ដែល​អាច​វាយ​ប្រយោល​ក៏បាន ​ចូល​កៀក​ក៏បាន ហើយ​ខ្លាំង​ថែម​ទៀតផង​។

​រីឯ​ ពុទ្ធ ឆាយ​រិទ្ធី គេ​អ្នក​ប្រដាល់​ម្នាក់​ដែល​គូប្រកួត​ល្មមៗ​ពិបាក​ក្នុងការ​បង្ក្រាប​គេ​ណាស់​ ព្រោះតែ ឆាយ​រិទ្ធី​ គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ស្នៀត​ជើង​ទាត់ និង​កណ្តាប់ដៃ​ខ្លាំង និង​ធ្ងន់ ហើយ​មានចិត្តប្រដាល់​ធំ​ថែមទៀត​។ ការ​វាយ​មិន​ដកថយ ដោយ​សម្រុកចូល​វាយ​គំរាម​លើ​គូប្រកួត​នោះ​ ជាទិច​និ​កដែល ​ពុទ្ធ ឆាយ​រិទ្ធី ​គេ​ធ្លាប់ប្រើ​បាន​ផល​ជា​ញឹកញាប់​។ តែ​យ៉ាងណា​បើទោះជា ​ពុទ្ធ ឆាយរិទ្ធី គេ​មាន​ស្នៀត​ប្រកួត ​និង​ផ្លែ​ក្នុងការ​វាយ​ចេញ​ល្អ​ គឺ​ខ្លាំង​ទាំង​ជើង ​និង​កណ្តាប់ដៃយ៉ាងណាក៏ដោយ​ ប៉ុន្តែ​គេ​អន់​ខាង​កម្លាំង​ស៊ុ​ហ្វ​ផងដែរ​។ ចាំមើល​កីឡាករ​កម្ពុជា ​ពុទ្ធ ឆាយ​រិទ្ធី ជា​អ្នកឈ្នះ​ឫ​កីឡាករ​ថៃ ​ដិ​ន​ណា​ផូ ស​. ថា​ន់​យ៉ា​ឡាក់​?​។

​ដោយឡែក​កីឡាករ​ រឿង សា​រ័ត្ន ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ​ ផេ​ច​ភី​ស្នុ ភី​និ​ត​មុន​ទ្រី ក្នុង​ប្រភេទ​ទម្ងន់ ៦៥ ​គីឡូក្រាម កីឡាករ​ទាំងពីរ​នាក់​នេះ​មិនមាន​ប្រភព​ណា​ថា​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ហើយ​មិនទាន់ដឹងថា កីឡាករ​ថៃ​ម្នាក់នេះ​មាន​ស្នៀត​ប្រ​យុ​ត្តិ​ខ្លាំង​ប៉ុណ្ណា​នោះដែរ​។​ ចំណែក​កីឡាករ​ រឿង សា​រ័ត្ន គេ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែលអ្នកតាមដាន​កីឡាប្រដាល់​កម្ពុជា ​កំពុងតែ​ចាប់អារម្មណ៍​ចំពោះ​ស្នៀតគុន​របស់​កីឡាករ​រូបនេះ ដែល​ឡើង​ប្រកួត​ម្តងៗ​ធ្វើ​ឲ្យ​អ្នកទស្សនា​ជក់ចិត្ត​ជាខ្លាំង​នោះ​។

កីឡាករ រឿង សារ័ត្ន ការប្រកួត​របស់គេ​គ្មាន​ញញើត​ ឬខ្លាចរអា​ចំពោះ​គូប្រកួត​របស់ខ្លួន​ឡើយ ​ទាំង​កីឡាករ​ជាតិ និង​កីឡាករ​អន្តរជាតិ​ ​ព្រោះ​រូបគេ​មានកណ្តាប់ដៃ​ល្អ វាយ​ចេញចូល​រហ័ស ហើយ​ស្នៀត​ទាត់ និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត ហើយ​មានកាយសម្បទា​រឹងមាំ ចិត្ត​ប្រដាល់​ធំ និង​មាន​កលល្បិច​ខ្ពស់​ក្នុង​ការប្រកួត ហើយ​ធ្លាប់​ជួប​ប្រកួតជាមួយ​ថៃ​ច្រើន​នាក់​កន្លងមក​។ ការប្រកួត​រាល់​លើក​ រឿង សា​រ័ត្ន គេ​មិនដែល​យោគយល់ឡើយ​ចំពោះ​គូប្រកួត​។ បើ​សម្លឹង​មើលឃើញថា​អាច​បំបាក់​បាន សា​រ័ត្ន​ មិន​ទុក​យូរ​ទេ ពីរទឹក ឬ​បី​ទឹក ​គឺគេ​វាយ​ផ្តាច់​យកឈ្នះ​ហើយ​។ ចាំមើល​កីឡាករ​ រឿង សា​រ័ត្ន និង​កីឡាករ​ថៃ ​ផេ​ច​ភី​ស្នុ ភី​និ​ត​មុន​ទ្រី នរ​ណា​ជា​អ្នកឈ្នះ​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114