ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រីការបរទេស ដឹកនាំ​គណៈប្រតិភូ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ

ភ្នំពេញ​ ៖ កាលពី​ល្ងាច​ថ្ងៃ​អង្គារ ១​កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៨ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ការងារ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​ចូលរួម និង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​លើក​ទី​១៦ គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម នៅ​ប្រទេស​វៀតណាម ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨ នេះ​បើតាម​ការ​បញ្ជាក់​ពី​ក្រសួងការបរទេស។

តាម​សេចក្តីប្រកាស​ព័ត៌មាន​ពី​ក្រសួងការបរទេស​កម្ពុ​ជា​បាន​ឲ្យ​ដឹងថា ដំណើរ​ទស្សនកិច្ច​ការងារ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ របស់លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នេះ ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨ ហើយ​គោលបំណង នៃ​ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ពង្រឹង និង​ពង្រីក​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំងពីរ ព្រមទាំង​សហការ​បន្ថែម​ទៀត នៅក្នុង​ក្របខណ្ឌ នៃ​វេទិកា​តំបន់ និង​អន្តរជាតិ។

ក្រោយពី​បញ្ចប់​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ឡាវ តាម​ការអញ្ជើញ​របស់​រដ្ឋមន្ត្រីការបរទេស​វៀតណាម លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម និង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​លើក​ទី​១៦ គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម ស្តីពី​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យា​-​សាស្ត្រ និង​បច្ចេកវិទ្យា ជាមួយ​លោក ផាម ប៊ិ​ញ មិញ (Pham Binh Minh) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។​

តាម​ព័ត៌មាន​ពី​នាយកដ្ឋាន​ព័ត៌មាន និង​ឯកសារ​នៃ​ក្រសួងការបរទេស​កម្ពុ​ជា​បាន​បញ្ជាក់​ថា កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៦​នេះ នឹង​ពិនិត្យឡើងវិញ​នូវ​សមិទ្ធផល​លើ​វិស័យ​នានា ដែល​សម្រេចបាន​ដោយ​ប្រទេស​ទាំងពីរ និង​រិះរក​មធ្យោបាយ ដើម្បី​ធ្វើ​ឲ្យ​ស៊ីជម្រៅ​ថែមទៀត​នូវ​ចំណងមិត្តភាព និង​កិច្ច​សហប្រតិបត្តិការ ដែល​បាន​កសាង និង​ថែរក្សា សម្រាប់​សន្តិភាព និង​វិបុលភាព​របស់​ប្រទេស​ទាំងពីរ ហើយ​នៅ​ចុងបញ្ចប់​នៃ​កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស​ទាំងពីរ នឹង​ចុះហត្ថលេខា លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៦​។​
ក្នុងអំឡុងពេល​ស្នាក់នៅ​ប្រទេស​វៀតណាម លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន នឹង​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម ង្វៀន ស៊ុន ហ្វុ​ក នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684