ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នកនាំពាក្យ​ស​ស៊ី​ភីភី ​៖​ ប្រជាជន​គ្រប់រូប មាន​សិទ្ធិ​គាំទ្រ​គណបក្ស​នយោបាយ​ណា ដែល​ខ្លួន​ពេញចិត្ត ដោយ​គ្មាន​ការបង្ខិតបង្ខំ ឬ​គាបសង្កត់​

​ភ្នំពេញ ​៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន បាន​អះអាងថា ប្រជាពលរដ្ឋ​គ្រប់រូប មាន​សិទ្ធិ​គាំទ្រ​គណបក្សនយោបាយ​ណា ដែល​ខ្លួន​ពេញចិត្ត ដោយ​គ្មាន​ការបង្ខិតបង្ខំ ឬ​គាបសង្កត់ ប៉ុន្តែ​គណបក្ស​ណា ដែល​ធ្វើ​ខុស ហើយ​ត្រូវបាន​ច្បាប់​រំលាយ ប្រជាពលរដ្ឋ ក៏​មិនអាច​ទៅតាម​ដែរ គួរតែ​គាំទ្រ​គណបក្ស​ណា ដែលមាន​គុណសម្បត្តិ​ក្នុងការ​កសាង​ជាតិ​។​

លោក សុខ ឥសាន លើកឡើងថា ប្រជាជន​កម្ពុជា គ្រប់រូប​ចាប់ពី​អាយុ​១៨ ឆ្នាំ​ឡើងទៅ មាន​សិទ្ធិ​ទៅ​បោះឆ្នោត និង​មាន​សិទ្ធិ​ឈរឈ្មោះ​ឲ្យ​គេ​បោះឆ្នោត ហើយ​ប្រជាជន​គ្រប់រូប ក៏មាន​សិទ្ធិ គាំទ្រ​គណបក្ស​នយោបាយ​ណា ដែល​ខ្លួន​ពេញចិត្ត ដោយ​គ្មាន​ការបង្ខិតបង្ខំ ឬ​គាបសង្កត់​នោះដែរ​។ លោក​បន្តថា គណបក្សនយោបាយ ដែលមាន​អត្ថិភាព​នៅ​កម្ពុជា មាន​សិទ្ធិ​ធ្វើ​សកម្មភាព​នយោបាយ ដោយ​សេរី​ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ ដើម្បី​ប្រកាស​ផ្សព្វផ្សាយ​ពី​កម្មវិធី​នយោបាយ​របស់​គណបក្ស​ខ្លួន និង​ខិតខំ​កសាង​ស្នាដៃ និង​គុណសម្បត្តិ ដើម្បី​ទាក់ទាញ​ការគាំទ្រ​ពី​ប្រជាជន​ជា​ម្ចាស់ឆ្នោត​។​

ចំណែក​គណបក្សនយោបាយ ដែល​បាន​ប្រព្រឹត្ត​ល្មើសច្បាប់ លោក សុខ ឥសាន អះអាងថា ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ដោយសារ​ប្រទេស​កម្ពុជា​ប្រទេស​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​។ លោក​បញ្ជាក់ថា អតីត​បក្សប្រឆាំង ដែល​ល្មើសច្បាប់ ហើយ​ត្រូវបាន​រំលាយចោល​ដោយ​តុលាការ​កំពូល​រួចហើយ សមាជិក សមាជិកា ដែល​ធ្លាប់​គាំទ្រ​អតីត​បក្ស​នេះ មិនមាន​បក្ស​នេះ​ត្រូវ​គាំទ្រ​ទៀត​ទេ ដូច្នេះ​បងប្អូន​ត្រូវតែ​យក​ឆន្ទៈ​របស់ខ្លួន ទៅ​គាំទ្រ​គណបក្ស​ផ្សេង​ដែល​នៅមាន​សកម្មភាព និង​មានគុណ​សម្បត្តិ ស្នាដៃ សម្រាប់​ផល​ប្រយោជន៍​ជាតិ និង​ប្រជាជន​។​

សូមបញ្ជាក់ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ព្រឹត្តិ​ទៅ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខ ហើយ​គណបក្សនយោបាយ ដែល​បាន​ទៅ​ចុះបញ្ជី ដើម្បី​ចូលរួម​ប្រកួតប្រជែង​មាន​នួន​២០ គណបក្ស ក្នុងនោះ​មាន​៥ គណបក្ស ត្រូវបាន គ​.​ជ​.​ប ប្រកាស​ទទួលស្គាល់​ជា​ផ្លូវការ​ហើយ រួមមាន ទី​១, គណបក្ស​ប្រជាជន​កម្ពុជា ទី​២, គណបក្ស​យុវជន​កម្ពុជា ទី​៣, គណបក្ស​សញ្ជាតិ​កម្ពុជា ទី​៤, គណបក្ស​ខ្មែរ​រួបរួម​ជាតិ និង​ទី​៥, គណបក្ស​ហ៊្វុនស៊ិនប៉ិច​។​

គណបក្សនយោបាយ​ចំនួន​២០ ដែល​បាន​ទៅ​ចុះបញ្ជី​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នោះ ដែល​រួមមាន ១, គណបក្ស​ប្រជាជន​កម្ពុជា ២, គណបក្ស​យុវជន​កម្ពុជា ៣, គណបក្ស​សញ្ជាតិ​កម្ពុជា ៤, គណបក្ស​ខ្មែរ​រប​រួម​ជាតិ ៥, គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ៦, គណបក្ស​ខ្មែរ​តែមួយ ៧, គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ៨, គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ ៩, គណបក្ស​ពន្លឺ​ថ្មី ១០, គណបក្ស​ខ្មែរ​ក្រោក ១១, គណបក្ស​ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ១២, គណបក្ស​ធម្មាធិបតេយ្យ ១៣, គណបក្ស​ខ្មែរ​ឈប់​ក្រ ១៤, គណបក្ស​ខ្មែរ​អភិវឌ្ឍ​ន៏​សេដ្ឋកិច្ច ១៥, គណបក្ស​ខ្មែរ​សាធារណរដ្ឋ ១៦, គណបក្ស​រស្មី​ខេមរា ១៧, គណបក្ស​សាធារណរដ្ឋ​ប្រជាធិបតេយ្យ ១៨, គណបក្ស​ជនជាតិដើម​ប្រជាធិបតេយ្យ​កម្ពុជា ១៩, គណបក្ស​មាតុភូមិ​យើង ២០, គណបក្ស​ឆន្ទៈ​ខ្មែរ ហើយ​ក្នុងចំណោម​គណបក្សនយោបាយ​ទាំងនោះ មាន​គណបក្សនយោបាយ​ចំនួន​៤ ត្រូវបាន​គណៈកម្មាធិការ​​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ប្រកាស​ទទួលស្គាល់​រួចហើយ រួមមាន ១, គណបក្ស​ប្រជាជន​កម្ពុជា ២, គណបក្ស​យុវជន​កម្ពុជា ៣, គណបក្ស​សញ្ជាតិ​កម្ពុជា ៤, គណបក្ស​ខ្មែរ​រប​រួម​ជាតិ៕