ព័ត៍មានទាន់​ហេតុការណ៏
Search

លួច​រថយន្ត​ពី​ខេត្ត​កណ្ដាល ​មក​ជាប់អន្ទាក់​របស់​សមត្ថកិច្ច​ខេត្តព្រៃវែង​ចាប់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាល​វិញ

កណ្តាល​ ៖​ មុខសញ្ញា​ចោរលួច​រថយន្ត​២​នាក់​ដែល​ធ្វើ​សកម្មភាព​នៅ​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល​​ ​ត្រូវបាន​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ​ ខេត្តព្រៃវែង​ចាប់ខ្លួន ​​រួច​បញ្ជូន​មកកាន់​សាលាដំបូង​ខេត្តកណ្តាល​ដើម្បី​ចាត់ការ​តាម​នីតិ​វិធី​ច្បាប់។

​លោក​ហេង ផេង​ព្រះរាជអាជ្ញា​រង​សាលាដំបូង​ខេត្តកណ្តាល​នា​រសៀល​ថ្ងៃទី​១៦ ​ខែ​​​ឧសភា ​ឆ្នាំ​២០១៨​នេះ ​បានធ្វើ​ការសាកសួរ​ជនសង្ស័យ​ជា​មុខសញ្ញា​ចោរលួច​រថយន្ត​ដោយ​បាន​សម្រេច​ចោទប្រកាន់​​បញ្ជូន​ទៅ​លោក​ចៅក្រម​ស៊ើបសួរ​បន្ត​នីតិ​វិធី​។​

ជនសង្ស័យ​មានឈ្មោះ​១.​ឈ្មោះ រិ​ទ្ធ ធារ៉ា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​(​ឃាត់ខ្លួន​) មាន​ទីលំនៅ ផ្ទះជួល ម្ដុំ​កា​ណា​ឌី​យា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ២. ឈ្មោះ រ៉ា ប៊ុន​រិ​ទ្ធ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​(​ឃាត់ខ្លួន​) មាន​ទីលំនៅ ផ្ទះជួល​ម្ដុំ​លូ​ប្រាំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។

ជនសង្ស័យ​ត្រូវបាន​នគរបាល​ស្រុក​ស្វាយ​អ​ន្ទ​រ​ខេត្តព្រៃវែង​ ចាប់ខ្លួន​យោងតាម​ពាក្យបណ្តឹង​របស់​ម្ចាស់​រថយន្ត​នៅ​ចំណុច​រង្វង់​មូល ​ស្រុក​ស្វាយ​អន្ទរ ខណៈ​បើករថយន្ត​នា​ព្រឹក​ថ្ងៃទី​១៤​ ខែឧសភា ​ឆ្នាំ​២០១៨ ​ក្រោយពី​ធ្វើ​សកម្មភាព​លួច​យក​នៅ​ស្រុក​កណ្តាលស្ទឹង​ខេត្តកណ្តាល​កាលពី​យប់​ថ្ងៃទី​១៣​ខែឧសភា​ឆ្នាំ​២០១៨។

សូមបញ្ជាក់ថា អំពើ​លួច​រថយន្ត​ខាងលើ​កើតហេតុ​ថ្ងៃទី​១៤ ខែ​ឧសភា ឆ្នាំ​២០១៨វេលា​ម៉ោង ចន្លោះ​០១.០០​នាទី​ដល់ ០៤.០០​នាទី​នៅ​ចំណុច​ភូមិ​តា​កុ​ច​ ឃុំ​ដើម​ឫស​ស្រុក​កណ្តាលស្ទឹង ​ខេត្តកណ្តាល​។​

នគរបាល​ស្រុក​កណ្តាលស្ទឹង​បានអោយដឹងថា ជនរងគ្រោះ​ឈ្មោះ​វណ្ណ សុភ័​ក្ត ភេទ​ប្រុស​អាយុ​
៣១​ឆ្នាំ​រស់នៅ​ភូមិ​ឃុំ​កើតហេតុ មុខ​របរ​បុគ្គលិក​ក្រុមហ៊ុន​ATTWOOD។

ជនសង្ស័យ ចំនួន​០៥​នាក់​១.​ឈ្មោះ រិ​ទ្ធ ធារ៉ា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​(​ឃាត់ខ្លួន​) មាន​ទីលំនៅ ផ្ទះជួល ម្ដុំ​កា​ណា​ឌី​យា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ២. ឈ្មោះ រ៉ា ប៊ុន​រិ​ទ្ធ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ​(​ឃាត់ខ្លួន​) មាន​ទីលំនៅ ផ្ទះជួល​ម្ដុំ​លូ​ប្រាំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ។ ៣.​ឈ្មោះ ស្រ៊ន់ ស្រ៊ាង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​(​គេចខ្លួន​) មាន​ទីលំនៅ ភូមិ​ស្វាយ​អ​ន្ទ​រ​ទី​១ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្ដ​ព្រៃវែង និង​បក្ខពួក​ចំនួន​០២​នាក់​ទៀត​។​

វត្ថុតាង​ចាប់យក​ ១.​រថយន្ដ​ម៉ាក TOYOTA TACOMA ពណ៌​ស្ករ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 2A-1030(​ក្លែងក្លាយ​)​មួយគ្រឿង​។​ ២. សោ​អក្សរ​អិ​ល​ដែក​ចុង​ស្រួច សម្រាប់​កាច់​សោ​​រថយន្ត​មួយ។ ៣. ទូរស័ព្ទ​ណូគា N​ចុច​ពិល​ចំនួន​០២​គ្រឿង​(​ពណ៌​ខ្មៅ​លេខ ០៩៦ ៩៧៦៣៨៣៣ និង​ពណ៌​ខៀវ លេខ ០៨៧ ៨៧០៩៣៧)​។​ ៤.​នាឡិកា ពណ៌​ខ្មៅ​ម៉ាក ជូ​រ៉េ​ន មួយគ្រឿង។ ៥. ចិញ្ចៀន​លោហធាតុ ពណ៌​លឿង មួយ​។​

នគរបាល​ស្រក​កណ្តាលស្ទឹង​បញ្ជាក់ថា​ នៅ​ថ្ងៃទី​១៣.០៥.២០១៨​វេលា​ម៉ោង​១៨.០០​នាទី ជនរងគ្រោះ​បាន​ទុក​រថយន្ត​នៅខាងមុខ​ផ្ទះ រួច​ក៏​ទៅ​ខេត្តព្រៃវែង ជិះ​រថយន្ត​ផ្សេង លុះដល់​វេលា​ម៉ោង​កើតហេតុ​បងប្អូន​ជនរងគ្រោះ​ទូរស័ព្ទ​ប្រាប់​ជន​រង​គ្រោះ​ថា រថយន្ត​បង បាត់​ហើយ​ពេលនោះ​ជនរងគ្រោះ បាន​ទូរស័ព្ទ​ទៅ​ក្រុមហ៊ុន​ឆែក​GPS​មើលឃើញ​រថយន្ត​នៅ​រង្វង់​មូល​ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង រួច​ជនរងគ្រោះ​បាន​ប្តឹង​សមត្ថកិច្ច​នៅ​ទីនោះ​ឃាត់​រថយន្ត​និង​ឃាត់​ជនសង្ស័យ​បាន​ចំនួន​០២​នាក់​ខាងលើ នៅ​ចំណុច ផ្ទះ​លក់​បាយ​ឈ្មោះ សុខ​ធី ភូមិ​ស្វាយ​អ​ន្ទ​រ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្ដ​ព្រៃវែង៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684