ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​អតីត​អនុប្រធាន​ក្រុមហ៊ុន​General Electric (G.E) សហរដ្ឋអាមេរិក

ភ្នំពេញ​ ៖ នៅ​វិមាន​សន្តិភាព រសៀល​ថ្ងៃ​ពុធ ២​កើត ខែ​ជេស្ឋ ឆ្នាំ​ច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានទទួល​ជួបពិភាក្សា​ជាមួយ​លោក John G Rice អតីត​អនុប្រធាន​ក្រុមហ៊ុន General Electric(G.E) សហរដ្ឋអាមេរិក បច្ចុប្បន្ន​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា​។​

ក្នុងជំនួប​នោះ លោក John G Rice បាន​គោរព​ជម្រាប​ជូន​សម្តេច​តេ​ជោ​ថា កន្លងមក លោក​បានធ្វើ​កិច្ចការ​ជាច្រើន​ពាក់ព័ន្ធ​នឹង​វិស័យ​ថាមពល​នៅ​កម្ពុជា ហើយ​ក្រៅពីនោះ​លោក​ក៏បាន​ធ្វើ​សកម្មភាព​មនុស្សធម៌​ជាច្រើន ដូចជា​ការផ្តល់​សម្ភារៈ បរិក្ខារ​ពេទ្យ​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត​ និង​ធ្វើ​ការងារ​ជាច្រើន​ទៀត​ខាង​វិស័យ​អប់រំ ជួយ​ដល់​កុមារ​តូច​នៅ​កម្ពុជា​ជាដើម​។ លោក​បាន​សំដែង​នូវ​ក្តី​រីករាយ ដែល​បាន​មកជួប​ជាមួយ​សម្តេច និង បានធ្វើ​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា កាលពីដើមឆ្នាំ​២០១៨ ក្នុង​ការជួយ​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​។​

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ស្វាគមន៍​ចំពោះ​បំណង​ដ៏​ល្អ របស់លោក លោក John G Rice​ដែល​បាន​សហការ​ជាមួយ មន្ទីរពេទ្យ​កាល់ម៉ែ​ត ដែល​បានរៀបចំ​ឱ្យមាន​ការផ្លាស់ប្តូ​រទស្សនកិច្ច​ធនធានមនុស្ស ដូចជា​ការបញ្ជូន​មន្ត្រី​ខាង​វិស័យ​វេជ្ជសាស្ត្រ​ពី​កម្ពុជា ទៅ​សហរដ្ឋអាមេរិក និង​បញ្ជូន​អ្នកជំនាញ​ពី​សហរដ្ឋអាមេរិក មក​បណ្ដុះបណ្ដាល​នៅ​កម្ពុជា​។ សម្តេច​បាន​មានប្រសាសន៍ថា មិន​ត្រឹមតែ​មន្ទីរពេទ្យ​កាល់​ម៉ែតនោះទេ ដែល​ត្រូវការ​បច្ចេកវិទ្យា​ទំនើប​, មន្ទីរពេទ្យ​ផ្សេងៗ​ទៀត​ក៏​ត្រូវការ​បច្ចេកវិទ្យា​នេះដែរ​។​

លោក John G Rice បាន​សន្យា​ថា នឹង​មកកាន់​ប្រទេស​កម្ពុជា ជា​ញឹកញាប់​ក្នុងនាម​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ផ្តល់នូវ​គំនិត​អភិវឌ្ឍន៍​ដល់​ប្រទេស​កម្ពុជា លើ​គ្រប់​វិស័យ​ទាំងអស់។ សម្តេច​ក៏បាន​ណែនាំ​ឱ្យ​លោក John G Rice ធ្វើ​ការងារ​ជាមួយ​ប្រឹក្សា​សេដ្ឋកិច្ច​ជាតិ ដែល​មាន​លោក បណ្ឌិត អូន ព័ន្ធមុន្នីរ័ត្ន និង​មាន​សមាជិក​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ជាច្រើន​ទៀត​ ដូចជា​លោក ស៊ុន ចាន់ថុល ដែល​ធ្លាប់​មាន​ទំនាក់ទំនង ជាមួយ​លោក​កន្លងមក។

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ក៏បានផ្តល់​អនុសាសន៍​ដល់​លោក John G Rice ក្នុងនាម​លោក​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា ត្រូវ​បង្កើន​ការយកចិត្តទុកដាក់​ជាមួយ​យុវជន ពីព្រោះ​បច្ចុប្បន្ន យុវជន មាន​សមត្ថភាព​ច្រើន ជាពិសេស​លើ​ភាពជា​សហគ្រិន​វ័យក្មេង ដូច្នេះ សម្តេច​សូមឱ្យ​លោក​ជួយ​ជំរុញ ឱ្យមាន​ជាការ​រៀបចំ​សិក្ខាសាលា ឬក៏​ជាការ​ជួបជុំ​តុ​មូល​ជាមួយ​ក្រុមយុវជន​វ័យក្មេង​ទាំងអស់នោះ ដែលមាន​ជាការ​ផ្លាស់ប្តូរ​នូវ​សំណួរ ចម្លើយ ដើម្បីឱ្យ​ពួកគាត់​មានគំនិត​កាន់តែ​ទូលំទូលាយ ជ្រៅជ្រះ ក្នុង​ការដឹកនាំ​ក្រុមហ៊ុន ឬ​ការអភិវឌ្ឍ​ផ្សេងៗ នៅក្នុង​ប្រទេស​កម្ពុជា៕