ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ញឹក ប៊ុនឆៃ ថ្ងូរ​ខ្វះ​លុយ​ទៅ​ពិនិត្យ និង​ព្យាបាល​ជំងឺ បន្ទាប់ពី​ចាកចេញ​ពី​ពន្ធនាគារ

ភ្នំពេញ​ ៖ ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ម្នាក់​ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ថា លោក ញឹក ប៊ុនឆៃ អតីត​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​បាន​ថ្ងូរ​ថា កំពុងតែ​ខ្វះ​ថវិកា​ទៅ​ពិនិត្យ​ព្យាបាល​ជំងឺ​នៅ​ប្រទេស​ថៃ ខណៈ​សុខភាព​កំពុងតែ​ទ្រុឌទ្រោម ហើយ​ប្រពន្ធ​កំពុង​តែ​មាន​ជំងឺ​ថែមទៀត។

តាម​មន្ត្រី​ដដែល​បាន​បញ្ជាក់ថា លោក​ញឹក ប៊ុនឆៃ មិនទាន់​ទទួល​តួនាទី​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួបរួម​ជាតិ នៅឡើយ​ទេ ដោយសារ​សុខភាព​មិន​ទាន់​ស្រួលបួល ហើយ​អត់​លុយ​ទៅ​ព្យាបាល​ពិនិត្យ​ជំងឺ កំពុងតែ​ដើរ​ខ្ចីលុយ​គេ។

សូម​បញ្ជាក់​ថា តុលាការ​បានសម្រេច​ដោះលែង​លោក​ញឹក ប៊ុនឆៃ​អតីត​ប្រធាន​គណបក្ស​ខ្មែរ រួបរួម​ជាតិ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន។ នេះ​បើ​យោង​តាម​ដីកា​បង្គាប់​ឲ្យ​ដោះ​លែង​ចេញ​ដោយ លោក​លី លឹម​ម៉េង ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​៣០ ខែមេសា នេះ​។ លោក​ត្រូវបាន​ចាប់ខ្លួន នៅ​ថ្ងៃទី​៣ សីហា ២០១៧ ជាប់​ពាក់ព័ន្ធ​ករណី​ផលិត​គ្រឿងញៀន ដែល​បាន​ប្រព្រឹត្ត​កាលពី​ឆ្នាំ​២០០៧​កន្លងទៅ នៅ​ភូមិ​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ៕