ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ហ៊ុន ម៉ា​ណែ​ត​ ៖ ​សុខ​សន្តិភាព ដែល​យើង​ទទួល​បាន​ដូច​សព្វថ្ងៃ គឺ​បាន​មកពី​ការចូលរួម​របស់​អតីត​យុទ្ធជន​នៅ​ទូទាំង​ប្រទេស​

ភ្នំពេញ ​៖ ​លោក ហ៊ុន ម៉ា​ណែ​ត លើកឡើង​បែបនេះ ខណៈ​លោក​ធ្វើជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សំណេះសំណាល និង​បំពាក់​គ្រឿង​ឥស្សរិយយស​ការពារ​ជាតិ​ជូន​សមាជិក​សមាគម​អតីតយុទ្ធជន​កម្ពុជា មកពី​ស្រុក​ចំនួន​៣ ក្នុង​ខេត្តកំពង់ធំ កាលពី​ថ្ងៃ​ពុធ ទី​១៦ ឧសភា ២០១៨ ។​

លោក ហ៊ុន ម៉ា​ណែ​ត លើកឡើងថា ជា​អកុសល​ដែល​ប្រជាពលរដ្ឋ និង​ពូ​មីង​អតីតយុទ្ធជន​ធ្លាក់ខ្លួន​ពិការ ប៉ុន្តែ​អុំ ពូ មីង និង​យើង​ទាំង​អស់គ្នា​នៅ​មាន​សំណាង​ដោយសារ​យើង​នៅ​មាន​ជីវិត​រស់នៅ រស់នៅ​ជួបជុំ​គ្រួសារ បើសិន​ប្រៀបធៀប​ជាមួយនឹង​យោធិន ដែល​បាន​ពលី​ជីវិត​នៅ​លើ​សមរភូមិ​ក្នុង​ដំណាក់កាល​សង្គ្រាម និង​ប្រជាពលរដ្ឋ​រាប់​លាន ដែល​បាន​ស្លាប់​នៅក្នុង​របប​ប៉ុល ពត​។ នេះហើយ​គឺ​រសជាតិ​សង្គ្រាម ដែល​យើងទាំងអស់គ្នា​ក្លាយ​ជនរងគ្រោះ​ដោយសារ​សង្គ្រាម ប៉ុន្តែ​ជា​កុសលផល​បុណ្យ ដែល​យើង​បាន​បញ្ចប់​សង្គ្រាម រួចផុត​ពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត យើង​បាន​ដឹកនាំ​កសាង​ប្រទេសជាតិ​ឡើងវិញ​រហូត​យើង​ចាប់ផ្តើម​ចរចា​បង្រួបបង្រួម​បញ្ចប់​សង្គ្រាម​ហើយ​ទីបំផុត​ស្មារតី​ខ្មែរ​ស្រលាញ់​ខ្មែរ​បាន​បញ្ចប់​សង្គ្រាម​ក្រោម​នយោបាយ​ឈ្នះ ឈ្នះ របស់​សម្តេច​ត​ជោ ហ៊ុន សែន ដែល​ប្រែក្លាយ​ទឹកដី​ដែល​ច្បាំង​គ្នា​មក​ជា​តំបន់​មានការ​អភិវឌ្ឍ​រីកចម្រើន មាន​សុខ​សន្តិភាព ប្រជាជន​មាន​ជី​ភាព​សម្បូរ​សប្បាយ។

លោក ហ៊ុន ម៉ា​ណែ​ត លើកឡើង​ទៀតថា អ្វីៗ​ដែល​យើង​ទទួល​បានមក​ដូច​សព្វថ្ងៃនេះ គឺ​បានមកពី​ការចូលរួម​របស់​ពូ​មីង​អតីតយុទ្ធជន​ដោយផ្ទាល់ និង​យោធិន​យើង​ទាំងអស់ ទាំង​ការចូលរួម​រំដោះប្រទេស​ជាតិ​ចេញពី​របប​ប៉ុល ពត ទាំង​ការរក្សា​សុខសន្តិភាព គឺ​យើង​បាន​ដោយសារ​ការលះបង់​សាច់​ស្រស់​ឈាម​ស្រស់​របស់​ពូ​មីង​អតីតយុទ្ធជន​នៅទីនេះ​និង​នៅ​ទូទាំងប្រទេស​។​ហើយ​នៅក្នុង​ថ្ងៃនេះ ក្នុងនាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ និង​ក្នុងនាម​ជា​កូន​ខ្មែរ​ជំនាន់​ក្រោយ សូម​អរគុណ​និង​ដឹងគុណ​ចំពោះ​ពូ មីង អតីតយុទ្ធជន និង​យោធិន​ទាំងអស់​ដែល​បាន​ពលី​និង​លះបង់​គ្រប់បែបយ៉ាង​ដើម្បី​បុព្វហេតុ​ជាតិ​មាន​តុ​ភូមិ ដើម្បីឱ្យ​កូនចៅ​ជំនាន់​ក្រោយ​មាន​សេចក្តីសុខ​ដល់​សព្វថ្ងៃ​។ លោក​បន្តថា រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ចំពោះ​អតីតយុទ្ធជន មិន​ដូច​ការលើកឡើង​របស់​បុគ្គល​មួយចំនួន​បាន​លើកឡើងថា​រាជរដ្ឋាភិបាល​មិន​យក​ទុកដាក់​អតីតយុទ្ធជន​នោះទេ​។ តាមពិត រាជរដ្ឋាភិបាល​ខិតខំ​យកចិត្តទុកដាក់​ដោះស្រាយ​ណាស់​ទៅតាម​លទ្ធភាព​ព្រោះ​អតីតយុទ្ធជន​និង​អ្នក​នៅក្នុង​បន្ទុក​មាន​ចំនួន​ជាង​២០​ម៉ឺន​នាក់​នៅ​ទូទាំងប្រទេស យើង​ទទួលស្គាល់ថា​មាន​ចំណុច​ខ្វះខាត ប៉ុន្តែ​រដ្ឋាភិបាល​មិនដែល​បោះបង់​ពូ មីង​អតីតយុទ្ធជន​ចោល​នោះទេ គឺ​នៅ​បន្ត​យកចិត្តទុកដាក់​បីបាច់​ថែរក្សា ទាំង​អតីតយុទ្ធជន ទាំង​គ្រួសារ ទាំង​យោធិន​ពាក់​លី​ទៅតាម​លទ្ធភាព​ដែល​យើង​មាន​។ លើសពីនេះ ក៏​នៅមាន​សកម្មភាព​ជាច្រើន​ទៀត​របស់​សមាគម​អតីតយុទ្ធជន​ក្នុង​ខេត្តកំពង់ធំ​ជួយ​ទៅដល់​ពូ​មីង​អតីតយុទ្ធជន​នៅក្នុង​ខេត្តកំពង់ធំ រួមទាំង​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​គោល​របប​ផ្សេងៗ​ទៀត ដើម្បី​ជា​ការ​យកចិត្តទុកដាក់​និង​ការ​ដឹងគុណ​របស់​រាជ​រដ្ឋាភិបាល​ចំពោះ​អតីត​យុទ្ធជន ហើយ​គោល​នយោបាយ​នេះ​មិនទាន់​ចប់​ទេ គឺ​យើង​នឹង​ខិតខំ​បង្កើន​ថែមទៀត ឱ្យទៅដល់​កៀក​អតីតយុទ្ធជន​។​

តាម​លោក ហ៊ុន ម៉ា​ណែ​ត គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​ក្នុងការ​យកចិត្តទុកដាក់​អតីតយុទ្ធជន និង​ការ​បំផុសគំនិត​ឱ្យមាន​ការចូល​រួមទាំង​ថវិកា ស្មារតី ទឹកចិត្ត ពី​មហាជន​គឺជា​អត្ថន័យ​នៃ​ការទទួលស្គាល់​និង​លើ​ក​តម្កើង​កិត្តិយស ផ្តល់​តម្លៃ និង​ការ​គោរព​ដឹងគុណ​រប​ស់​អ​តីត​យុទ្ធជន​។ ជាក់ស្តែង​ការបំពាក់​គ្រឿង​ឥស្សរិយយស​ការពារជាតិ​ជូន​សមាជិកសមាគម​អតីតយុទ្ធជន​កម្ពុ​ជានា​ពេល​នេះ ​គឺជា​អត្ថន័យ​គឺ​ទី​១​រាជរដ្ឋាភិបាល​និង​មហាជន​មិន​ភ្លេច​នូវ​គុណូបការៈ​និង​បោះបង់ចោល​អតីតយុទ្ធជន​គឺជា​ការដឹងគុណ​និង​ការយកចិត្តទុកដាក់​ទាំ​ង​កិត្តិយស ​និង​ជីវភាព​របស់​អតីតយុទ្ធជន​។ លោក​បន្តថា ដើម្បី​ជាការ​បំពេញ​កាតព្វកិច្ច​ជា​ប្រជាពលរដ្ឋ​ក្នុងការ​ជ្រើ​សរើស​មេដឹកនាំ​ដែល​ត្រូវ ដែល​អាច​ថែរក្សា​សុខសន្តិភាព និង​ផ្តល់​សេចក្តីសុខ​ជូន​ប្រជាពលរដ្ឋ សូម​អញ្ជើញ​អុំ ពូ មីង អតីតយុទ្ធជន​អញ្ជើញ​ទៅ​បោះឆ្នោត​ទាំង​អស់គ្នា ហើយ​ជឿទុកចិត្ត​និង​បន្ត​គាំទ្រ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុង​ការដឹក​ប្រទេស​និង​បម្រើប្រជាជន​ជា​បន្តទៀត​។​

ជាមួយគ្នា​នោះ លោក​បាន​ថ្លែងអំណរគុណ​ប្រធាន អនុប្រធាន សមាជិក សមាគម​អតីត​យុទ្ធជន​ខេត្ត និង​ថា្នក់​ដឹក​នាំ អាជ្ញាធរ​ខេត្ត ដែល​បាន​ខិតខំ​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​ជួយ​ដល់​អតីតយុទ្ធជន​នៅក្នុង​ខេត្តកំពង់ធំ​រួមមាន​ការសាងសង់​ផ្ទះ​ជូន​អតីតយុទ្ធជន​និង​សកម្មភាព​ជាច្រើន​ទៀត​ដើម្បី​ការ​ដឹងគុណ​ចំពោះ​អតីត​យុទ្ធជន៕