ព័ត៍មានទាន់​ហេតុការណ៏
Search

ចាន់ ស៊ី​ណាត ជួប​ Hanhserklek ឯ ពេជ្រ ម្ទេសខ្មាំង ​ជួប​ Yoddoi នៅ​សង្វៀន​បឹង​ស្នោ

ចាន់ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ និង​ ពេជ្រ ម្ទេសខ្មាំង ក្លិប​អា​រុណ​រះ​កីឡា ត្រូវ​ជួបប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ក្នុង​កម្មវិធី​ប្រដាល់​មិត្តភាព​អន្តរជាតិ នៅលើ​សង្វៀន​បាយ័ន​បឹង​ស្នោ នា​រសៀល​ថ្ងៃ​សៅ​រ៍ ទី​១៩​ ឧសភា ​២០១៨​ នេះ។

​ចាន់ ស៊ី​ណាត អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ គេ​នឹងត្រូវ​តស៊ូ​ជាមួយ​អ្នក​ប្រដាល់​ថៃ Hanh serklek Site Jarkhung ដោយ​ប្រកួត​ក្នុង​ទម្ងន់ ​៥៧​ គីឡូក្រាម។ អ្នក​ប្រដាល់​ថៃ​រូបនេះ ពុំ​ធ្លាប់​ដែល​មកកម្ពុជានោះទេ​កន្លងមក។ ជា​លើក​ទីមួយ​ហើយដែល Hanhserklek មកជួប​ប្រកួត​ជាមួយ​អ្នកប្រដាល់ខ្មែរ​នោះ។​

ស៊ី​ណាត ជា​ជើង​ខ្លាំង​ស្រករ​ក្រោយ​ម្នា​ក់នៅ​កម្ពុជា។ គេ​មាន​កណ្តាប់ដៃ និង​ជង្គង់​ល្អ វាយ​ចេញចូលរហ័ស ហើយ​ស្នៀត​ទាត់​ និង​ជង្គង់ កែង ក៏​ល្អ​ថែមទៀត។ តែ​អ្នក​ប្រដាល់​រូបនេះ វាយ​រាងឆាប់​អស់កម្លាំង​ស៊ុ​ហ្វ តែ​ស៊ូ​ណាស់។ ស៊ី​ណាត មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​១០៣​លើក ក្នុងនោះវាយ​ឈ្នះ​៩១​លើក ​ចាញ់១២​លើក និង​ស្មើ​០៧​លើក និង​ធ្លាប់​ផ្តួល​គូប្រកួត​អោយ​សន្លប់​បាន៣២​លើក​។ គេ​ជា​អ្នក​ប្រដាល់​ដែលមាន​ចិត្តធំ វាយ​មិន​សំចៃ​ដៃ​ឡើយ។ ប៉ុន្តែ​យ៉ាងណា ចាន់ ស៊ីណាត មិនអាច​មើលស្រាល​ Hanhserklek​ បានទេ​ ព្រោះថា​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ក៏មាន​ផ្លែ​ល្អ និង​កលល្បិច​ខ្ពស់​ផងដែរ​។

Hanhserklek ជា​ជើង​ខ្លាំង​មួយរូប​ដែរ​នៅ​ស្រុកថៃ។ បើតាម​ដំណឹង​ថា អ្នក​ប្រដាល់​ថៃ​រូបនេះធ្លាប់ប្រកួត​បាន​៧៥​លើក ឈ្នះ​៦៣​លើក ចាញ់​១១​លើក និង​ស្មើ​០១​លើក។ ចាំមើល ចាន់ ស៊ីណាត តើ​គេ​អាច​យកឈ្នះ Hanhserklek បាន​ឬ​អត់​?។​

ពេជ្រ ម្ទេសខ្មាំង ត្រូវផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ថៃ​ឈ្មោះ Yoddoi Sasiprapha Gym. ដោយ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់​ ៥៧​ គីឡូក្រាម​ដែរ។ អ្នក​ប្រដាល់​ថៃ​រូបនេះ ក៏​មិន​ធ្លាប់​មក​ប្រកួតនៅ​ស្រុក​ខ្មែរ​ដែរ​កន្លងមក។​ ពេលនេះ ពេជ្រ ម្ទេសខ្មាំង គេ​ស្ម័គ្រ​ឡើង​ប្រកួត​សាក​ជាមួយ Yoddoi Sasiprapha នេះ​ម្តង ប៉ុន្តែ​មិនដឹងថា​ ម្ទេសខ្មាំង អាចទៅរួច​ឬ​អត់​នោះទេ​? ព្រោះ Yoddoi Sasiprapha គេ​មាន​ស្នៀត​ប្រដាល់​ល្អ ពិសេស​ស្នៀត​ទាត់​របស់គេ ហើយ​គេ​រឹងមាំ​វាយ​មិនចេះ​ហត់ថែមទៀត។ នេះ​បើតាម​អ្នកដឹកនាំ​កីឡាករ​ថៃ​មក​ប្រកួត​អោយដឹង។

​ទោះជា​យ៉ាងណា មិនអាច​និយាយ​មុន​ថា អ្នកណា​ឈ្នះ​ អ្នកណា​ចាញ់​ រវាង​ ពេជ្រ ម្ទេសខ្មាំង​ និង Yoddoi Sasiprapha នេះ ។ ពេជ្រ ម្ទេសខ្មាំង គេ​ក៏​ខ្លាំង​ដែរ គេ​ធ្លាប់​ជួប​ថៃ ​២០ ​លើក​ហើយ​កន្លងមក ដោយ​វាយ​ឈ្នះ​ថៃ​១៦​លើក ចាញ់​២​លើក ​និង​ស្មើ​១​លើក។ ពេជ្រ ម្ទេសខ្មាំង ប្រកួត​ជាមួយ​ថៃលើកចុងក្រោយ​នេះ គេ​បាន​វាយ​ចាញ់ Khumpichit Phumpanmoung ដោយ​ពិន្ទុ។

​យ៉ាងណាសម្រាប់​ការជួប​ជាមួយ ​ម្ទេសខ្មាំង ជើង​ខ្លាំង​របស់​កម្ពុជា​ម្នាក់នេះ Yoddoi Sasiprapha មិនជាស្រួលខ្លួន​ប៉ុន្មាន​ទេ ព្រោះ ​ម្ទេសខ្មាំង​ គេ​វាយ​ខ្លាំង​ និង​មាន​បច្ចេកទេស​ក្នុងការ​ប្រកួត​ល្អ ហើយមួយទៀតគេ​វាយ​រហ័ស ដក​រហ័ស ចេញចូល​លឿន​។​ ចាំមើល ពេជ្រ ម្ទេសខ្មាំង ​អាច​យកឈ្នះ Yod doi Sasiprapha បានដែរ​ឬ​អត់​?។ ពេជ្រ ម្ទេសខ្មាំង មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៩៣លើក ក្នុងនោះ​វាយ​ឈ្នះ​៨៦​លើក ចាញ់​០៦​លើក​ និង​ស្មើ០១​លើក។ ចំណែក Yoddoi Sasiprapha គេ​មាន​កំណត់ត្រា​ប្រកួត​ប្រមាណ៨២​លើក ឈ្នះ​៦៨​លើក ចាញ់​១២​លើក និង​ស្មើ​០២​លើក។

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ចាន់ សាន់ អ្នក​ប្រដាល់​ក្លិប​និរោធ​មានជ័យ នឹងត្រូវ​ជួបប្រកួត​ជាមួយ ​ងួន គា អ្នក​ប្រដាល់​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​ ៥៤​ គីឡូក្រាម។ ពីរ​នាក់​នេះមិន​ធ្លាប់​ជួបគ្នា​ទេ​ពីមុនមក។​ ទោះជា​យ៉ាងណា អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះពិបាក​ទាយមុន​ថា ​អ្នកណា​ឈ្នះ អ្នកណា​ចាញ់​ណាស់ ដោយសារ​ពួកគេ​ទាំងពីរ​មាន​ថ្វីដៃ​ល្អប្រហាក់ប្រហែលគ្នា​។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះសុទ្ធតែ​ផ្លែ​ល្អ​ដូចគ្នា ដូច្នេះ​ចាំមើល ​ចាន់ សាន់ គេ​អាច​យកឈ្នះ ​ងួន គា បាន​ឬ​អត់​នោះ?។

​ឡេង ម៉ៅ អ្នក​ប្រដាល់​ក្លិប​ម៉ៃ​ទី​ក្រាំង​យ៉ូ​វ ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ​ ឡាញ់ ផល្លា អ្នក​ប្រដាល់ក្លិប​អេ​ភូ​ថង​កីឡា ដោយ​ប្រកួត​ក្នុង​ទម្ងន់ ​៦០ ​គីឡូក្រាម៕ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114