ព័ត៍មានទាន់​ហេតុការណ៏
Search

សួង សុវណ្ណ​ថា ជម្រះបញ្ជី​ជាមួយ លាភ សំណាង, ចុះ ខេ​ម ចាន់ អាច​យកឈ្នះ Nok Krachib បាន​ឬអត់ ? ​

​​អ្នក​ប្រដាល់​របស់​កម្ពុជា ខេ​ម ចាន់ ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នកប្រដាល់​ថៃ ក្នុង​កម្មវិធី​ប្រដាល់​មិត្តភាព​អន្តរជាតិ នៅលើ​សង្វៀន ​TV5 ព្រែកកំពឹស នា​យប់​ថ្ងៃ​សៅរ៍​ ទី​១៩​ ឧសភា​ ២០១៨​ នេះ។​

ខេ​ម ចាន់ ដែលជា​លើកដំបូង​ក្នុង​ការជួប​ប្រកួត​ជាមួយ​ថៃ​នេះ ត្រូវគេ​ផ្គូផ្គង​អោយ​ជួប​ប្រកួត​ជាមួយអ្នក​ប្រដាល់​ថៃ​ឈ្មោះ ​Nok Krachib។ ពីរ​នាក់​នេះប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​ ៥៧ ​គីឡូក្រាម។​ខេ​ម ចាន់ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ប៉ុណ្ណោះ។

Nok Krachib គេ​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ ៣​ លើក​ហើយ​ទាំង​លើក​នេះ។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេមាន​ស្នៀត​ប្រដាល់​ល្អតែ​ការ​វាយ​ចេញចូល​រាង​យឺត។ ​Nok Krachib​ ក្នុងការ​មក​ប្រកួត​នៅ​ភ្នំពេញ ​២ ​លើក​កន្លងមក​នោះ គឺ​គេ​វាយ​ឈ្នះ​ ឯម សុធី ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ​ក្នុង​ទឹក​ទី​៣ និង​លើក​ទី​២ គេ​បាន​ផ្តួល​ វ៉ាន់ វឿន ក្លិប​ឃ្លាំងមឿង​កីឡា​ក្នុង​ទឹក​ទី​២​ នេះ​បើតាម​អ្នក​ផ្គូផ្គង​និយាយប្រាប់​អោយដឹងនោះ។

​អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ជា​អ្នក​ប្រដាល់​ចាស់វស្សា​ហើយ គេ​មាន​ប្រវត្តិ​ប្រកួត​ដល់​ទៅ​៨៣​លើក ក្នុងនោះ​វាយ​ឈ្នះ​៧១​លើក ចាញ់​១២​លើក និង​មិនដែល​ស្មើ។ ចំណែក ខេ​ម ចាន់ គេ​មាន​កំណត់ត្រា​ប្រកួត​៥៤​លើក គឺ​ឈ្នះ​៤២​លើក ចាញ់​០៨​លើក និង​ស្មើ​០៣​លើក តែ​គេ​ធ្លាប់​វាយ​ដៃគូប្រកួតអោយ​សន្លប់​បាន០៦​លើក។

Nok Krachib មិនដឹងថាអាច​យកឈ្នះ​ ខេ​ម ចាន់ បាន​ឬ​អត់​នោះទេ ព្រោះថា​អ្នក​ប្រដាល់​ស្រករក្រោយ​របស់​កម្ពុជា ​ខេ​ម ចាន់ នេះគេ​មាន​ផ្លែ​ជង្គង់​ល្អ​ណាស់ ព្រមទាំង​វាយ​ស៊ូថែមទៀត ដូច្នេះហើយ​មិនមាន​នរណា​ហ៊ាន​វាយតម្លៃ​ឬ​សន្និដ្ឋាន​មុន​ថា ខេ​ម ចាន់ ចាញ់ Nok Krachib នេះឡើយ។ ខេ​ម ចាន់ ប្រកួត​ចុងក្រោយ​នេះ គេ​បាន​ផ្តួល​អ្នក​ប្រដាល់​រួម​ជាតិ ឡូញ វ៉ាន់ឌី ក្លិប​ពន្លឺវិបុល​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ​។

​ទោះជា​យ៉ាងណា ខេ​ម ចាន់ មិនអាច​មើលស្រាល​ Nok Krachib បានទេ​។​ តែ​យ៉ាងណា ​Nok Krachib ក៏​មិនជា​ស្រួលខ្លួន​ប៉ុន្មាន​ដែរ ព្រោះ ​ខេ​ម ចាន់ ថ្វីត្បិតតែ​គេ​ឡើង​ប្រកួត​ជា​លក្ខ​ណៈអន្តរជាតិ​ជា​លើកទី​១​ក្តី ក៏​វាយ​ខ្លាំង​ និង​មាន​បច្ចេកទេស​ក្នុងការ​ប្រកួត​ល្អ​ដែរ​ ហើយ​មួយទៀត គេ​វាយ​រហ័ស ដករហ័ស ចេញចូល​លឿន​ថែមទៀត​។ ចាំមើលរវាង​ ខេ​ម ចាន់ និង Nok Krachib តើ​អ្នកណា​ជាអ្នកឈ្នះសម្រាប់​ការជួបគ្នា​លើកដំបូង​នេះ?។

​ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ សួង សុវណ្ណ​ថា អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍លេខ​២ នឹង​ជួប​ជម្រះបញ្ជី​ជាមួយ​ លាភ សំណាង អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០ ដោយ​ជួបគ្នា​ក្នុង​ទម្ងន់​ ៦០​ គីឡូក្រាម។​ ពីរ​នាក់​ធ្លាប់​ជួបគ្នា​ម្តង​ប៉ុណ្ណោះកាលពី​៦​ឆ្នាំមុន ដោយ​វាយស្មើ​ពិន្ទុ​គ្នា។ ចាំមើលការប្រកួត​លើក​នេះ តើ​ សួង សុវណ្ណ​ថា ឬមួយ​ក៏​ លាភ សំណាង ឈ្នះ​នោះ?។

សួង សុវណ្ណ​ថា ប្រកួត​ចុងក្រោយ​នេះវាយ​ចាញ់ ​ថា សារុន ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា​ដោយ​ពិន្ទុ ឯ​ការប្រកួត​ចុងក្រោយ​របស់​ លាភ សំណាង គឺ​វាយ​ចាញ់​ ភួង ពិសិដ្ឋ អ្នក​ប្រដាល់​ក្លិប​រាជសីហ៍ខេត្តរតនគិរី​ដោយ​ពិន្ទុ។​ សម្រាប់​ការប្រកួត​លើក​នេះ គេ​ក៏​មិន​រំពឹងថា លាភ សំណាង ឈ្នះ សួង សុវណ្ណ​ថា ​នោះដែរ ព្រោះ ​សំណាង ​ឥឡូវទន់ខ្សោយ​ជាង​ពីមុន​ច្រើនណាស់ ពិសេស​កម្លាំង​ស៊ុហ្វ​របស់គេឆាប់​អស់​ក្រោយ​ប្រកួត​បាន​ពីរ​បី​ទឹក​ដំបូង​នោះ។

​ធា រិទ្ធី អ្នក​ប្រដាល់​ក្លិប​មជ្ឈមណ្ឌល​កីឡាខ​.​ភ​.​ម ត្រូវគេ​ផ្គូ​អោយ​ជួប​ប្រកួត​ជាមួយ សយ សី អ្នកប្រដាល់​ក្លិប​ពន្លឺ​វិបុល​មាន​រិ​ទ្ធ ដោ​យជួបគ្នា​ក្នុង​ទម្ងន់​ ៥៧​ គីឡូក្រាម។ ​ពួកគេ​ពីរនាក់​នេះ ពុំដែលប៉ះគ្នា​នោះឡើយ​កន្លងមក។ ចំណែក សៅ ប៊ុនធឿន អ្នក​ប្រដាល់​ក្លិប​ក្លិបតា​ព្រហ្ម​មានជ័យ នឹង​ជួប​ប្រកួត​ជាមួយ​ ពុទ្ធ ម៉ា​ណូយ អ្នក​ប្រដាល់​ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា។​ ពួកគេ​ជួបគ្នា​ក្នុង​ទម្ងន់ ​៥៧ គីឡូក្រាម​ដែរ៕ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114