ព័ត៍មានទាន់​ហេតុការណ៏
Search

ម៉ឺន​ មេ​ឃា,ឆាយ​ មាស,ជ័រ ​ពៅ​ និង​ ឡុង​ ស៊ី​ថេត​ ប្រជែង​គ្នា​ដណ្តើម​ពានរង្វាន់​បាយ័ន​ទម្ងន់​ ៦០​ គីឡូក្រាម

អ្នក​ប្រដាល់​ទម្ងន់ ​៦០ ​គីឡូក្រាម​ ៤ ​រូប គឺ ​ម៉ឺន មេ​ឃា ​ក្លិបសមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​, ឆាយ មាស ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង ,​ជ័រ​ ពៅ ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ និង ​ឡុង ស៊ី​ថេត ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ នឹងត្រូវ​ជួប​ប្រកួត​គ្នា​ដណ្តើម​ពានរង្វាន់​ប្រាក់​លាន​របស់​ទូរទស្សន៍​បាយ័ន នា​ល្ងាចថ្ងៃ​សៅ​រ៍ ទី​១៩​ ឧសភា ​២០១៨​ នេះនៅលើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ។​

ពួកគេ​ទាំង ​៤ ​នាក់នេះ ត្រូវ​ប្រកួត​គ្នា​តាម​រូបមន្ត​ម៉ា​រ៉ា​តុង គឺ​ចាញ់​ហាលអាវ ឈ្នះ​ត្រូវ​បន្ត​ការប្រកួត​ទៀត រហូតរកឃើញ​អ្នក​ជាប់​លេខ​១ ​ជា​ម្ចាស់​ពានរង្វាន់។ ការប្រកួត​ចែកចេញជា​ពីរ​ដំណាក់កាល ដែល​ដំណាក់កាល​ទី​១​ ប្រកួត​ជម្រុះ ដើម្បី​ជម្រុះ​ចោល​ពីរ​នាក់​ដែល​ចាញ់ៗ ហើយពីរ​នាក់​ដែល​ឈ្នះនោះ ត្រូវ​ឡើងទៅ​ជួបគ្នា​ក្នុងដំណាក់កាល​ទី​២ ដែលជា​ការប្រកួត​ផ្ដាច់ព្រ័ត្រ​ដណ្តើមពានអនុស្សាវរីយ៍​របស់​ស្ថានីយ៍​ទូរទស្សន៍​បាយ័ន។

​ការប្រកួត​ក្នុងដំណាក់កាល​ទី​១ គឺ​ប្រកួត​តែ​ ៣​ ទឹក​ប៉ុណ្ណោះ​ ដោយ​ក្នុង​មួយ​ទឹក​មាន​ ៣ ​នាទី និងការប្រកួត​ក្នុងដំណាក់កាល​ផ្ដាច់ព្រ័ត្រ គឺ​វាយ ​៥ ​ទឹក តែមួយ​ទឹក​វាយ​តែ​ ២​ នាទី​ទេ។​ សម្រាប់ការជួបគ្នា​រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង ​៤ ​រូបនេះ គឺ ​ម៉ឺន មេ​ឃា នឹងត្រូវ​ជួប​ប្រកួត​ជាមួយ ឆាយ មាស ពួកគេ​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ដោយសារ​ ម៉ឺន មេ​ឃា ជា​អ្នក​ប្រដាល់​ក្មេងស្រករ​ក្រោយ ឯ ឆាយ មាស ជា​អ្នក​ប្រដាល់​ចាស់វស្សា។

​រវាង​ពីរ​នាក់​នេះ បើតាម​កម្រិត​សមត្ថភាព​បច្ចេកទេស ​និង​កាយសម្បទា​របស់​ពួកគេ​ទាំងពីរ​នេះឃើញថា​ ឆាយ មាស មាន​ស្នៀតគុន​ និង​កលល្បិច​ល្អ​ជាង ​ម៉ឺន មេ​ឃា តែ​ ឆាយ មាស ចាញ់កម្លាំង​ស៊ុ​ហ្វ​ ម៉ឺន មេ​ឃា ព្រោះ ​មេ​ឃា​ គេ​ក្មេង​មាន​កម្លាំង​ខ្លាំង​ និង​រឹងមាំ​ជាង។​ ទោះជា​យ៉ាងណា សម្រាប់​ការជួបគ្នា​លើក​នេះ មិនអាច​ទស្សន៍ទាយ​មុន​បាន​ថា អ្នកណា​ហាលអាវ អ្នកណាឡើងទៅ​ផ្ដាច់ព្រ័ត្រ​នោះឡើយ។

​​ចំពោះ​អ្នក​ប្រដាល់ ​ជ័រ ពៅ គេ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​ ឡុង ស៊ី​ថេត។ ពួកគេ​ទាំងពីរ​នេះក៏​ពុំ​ធ្លាប់ជួបគ្នា​ដែរ​កន្លងមក។ ពួកគេ​ទាំងពីរ​នាក់​នេះ ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា គេ​មាន​ថ្វីដៃ​ល្អហើយ​ខ្លាំង​ និង​កម្លាំង​ស៊ុ​ហ្វ​រឹងមាំ​ដូចគ្នា។ យ៉ាងណាប៉ះគ្នា​លើក​នេះ គឺមាន​លក្ខ​ណៈតឹងតែងហើយ។​ ប៉ុន្តែ​ទោះជា​យ៉ាងណា រវាង​អ្នក​ប្រដាល់​ជើង​ខ្លាំង​ទាំង​ ៤ ​រូបនេះ ទោះបីជាមិនដឹងថា​អ្នកណា​ជ្រុះ​ធ្លាក់ អ្នកណា​នឹង​បាន​ឡើង​ទៅដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ហើយ​អ្នកណា​នឹងក្លាយជា​ម្ចាស់​ពានរង្វាន់​នេះ​ក្តី ក៏​គេ​មើលឃើញ​មុន​រួចជាស្រេច​ថា ម៉ឺន មេ​ឃា និង ជ័រ ពៅ​ អាចនឹង​ជួបគ្នា​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ ដើម្បី​ប្រជែង​គ្នា​យកពាន​រង្វាន់​នេះ។​

​ក្រៅពី​គូ​ដណ្តើម​ពានរង្វាន់​នេះ វឿន សា​វិ​ន អ្នក​ប្រដាល់​ក្លិប​ថ្មគោល​ពោធិ​សែន​ជ័យ នឹង​ជួប​ប្រកួតជាមួយ​ សុខ សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ ​២​។​ ពួកគេ​ទាំងពីរនឹង​ប្រកួតគ្នា​ក្នុង​ប្រភេទ​ទម្ងន់​ ៦០ ​គីឡូក្រាម។​ ពីរ​នាក់​នេះធ្លាប់​ប៉ះគ្នា​ពីរលើក​ហើយ​កន្លងមក ដោយវាយ​ឈ្នះចាញ់​គ្នា​ម្តងម្នាក់។ សម្រាប់​ការជួប​ប្រកួត​គ្នា​លើក​ទី​៣​នេះ មិនដឹងថាអ្នកណា​ជាអ្នកឈ្នះ​នោះទេ? ព្រោះថា​សមត្ថភាព​របស់​ពួកគេ​ទាំងពីរ​បច្ចុប្បន្ននេះ មានការ​ប្រែប្រួល​ខុសពី​មុន ដោយ​ វឿន សា​វិ​ន​ គេ​មានការ​ជឿនលឿន​ជាង​មុន ឯ​ សុខ សុវណ្ណ គេ​រាង​ស្រុត​ធ្លា​ក់ជាង​ពីមុន។ ប៉ុន្តែ​យ៉ាងណា សុខ សុវណ្ណ គេ​ក៏មាន​ស្នៀត​ប្រដាល់​ល្អ​និង​ខ្លាំង​ដែរ។ ចាំមើល តើ​រវាង ​សុខ សុវណ្ណ និង វឿន សា​វិ​ន នរណា​ជា​អ្នកឈ្នះ?៕