ព័ត៍មានទាន់​ហេតុការណ៏
Search

សួន ចាន់នី និង​ មាស ចាន់​មាន ឡើង​តតាំង​នឹង​កីឡាករ​ថៃ​ដើម្បី​សាក​ស្នៀតគុន

ភ្នំពេញ ៖ កីឡាករ​ជើង​ខ្លាំង ​សួន ចាន់នី អ្នក​ប្រដាល់​របស់​ក្លិប​បក្សី​ស្លាប​ដែក ឡើង​តតាំង​នឹងកីឡាករ​ឡាវ​ថៃ ​ប៉ក​ឌែ​ង ស៊ីត​ភ្នំ​ថង ខណៈ​កីឡាករ​ជើង​ខ្លាំង ​មាស ចាន់​មាន អ្នក​ប្រដាល់​នៃសមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ​ ត្រូវ​ជួប​ជាមួយ​កីឡាករ​ ភិត​សាយ​ឈុន ធី​ដេ​ត​ឡូ​ងើ​ន ដើម្បី​សាក​ស្នៀតគុន​ក្នុង​លក្ខណៈ​មិត្តភាព​អន្តរជាតិ​លើស​ង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃអាទិត្យ​ ទី​២០ ខែឧសភា ឆ្នាំ​២០១៨​នេះ​។

​កីឡាករ​ សួន ប៊ុន​ធី ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ប៉ក​ឌែ​ង ស៊ីត​ភ្នំ​ថង ក្នុង​ប្រភេទ​ទម្ងន់​ ៦០ គីឡូក្រាម កីឡាករ​ថៃ​ម្នាក់នេះ​ត្រូវបាន​អ្នក​ផ្គូផ្គង​អះអាងថា ស្នៀត​ប្រយុទ្ធ​របស់គេ​មិនធម្មតា​ឡើយ ដោយសារតែ​កីឡាករ​កម្ពុជា​សួន ចាន់នី គេ​ជា​កីឡាករ​ជើង​ខ្លាំង​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ ១០ ប្រកួត​ចុង​​ក្រោយ​មិន​ស្គាល់​ពា​ក្យថា​ចាញ់​ និង​ស្មើ​ឡើយ ដូចនេះ​ពួកគេ​ទាំងពីរ​ជួបគ្នា​ច្បាស់​ជា​គូជក់ចិត្ត​មិន​ខាន​។

​មួយ​រយៈចុង​ក្រោយនេះ ​ក្នុង​ពិភព​ប្រដាល់គ្មាន​អ្នកណា​មិន​ស្គាល់​ស្នាដៃ និង​កេរ្តិ៍ឈ្មោះ​របស់​កីឡាករ សួន ចាន់នី​ នោះឡើយ បើទោះជា​សមត្ថភាព​រប​ស់​គេនៅ​មិនទាន់​ដូច​កីឡាកររៀមច្បង​ដែល​ល្បីកន្លងមក​ក៏ដោយ​។ ជាក់ស្ដែង​នៅលើ​សង្វៀន​ស្ទើរ​គ្រប់​ប៉ុស្តិ៍ ​សួន ចាន់នី បាន​ឡើង​ប្រកួត​ឈានមកដល់​គូ​ឯក ហើយ​មិនដែល​លក់​តម្លៃ​ខ្លួន​ក្នុង​ការប្រកួត​ទេ​កន្លងមក​នោះទេ​។

ស្របគ្នា​ដែលកីឡាករ​ សួន ចាន់នី ឡើង​រេញ​ពេលណា​ក៏បាន​បង្ហាញ​ភាពខ្លាំង​ ហើយ​ដណ្ដើមបាន​ជ័យជម្នះលើគូប្រកួត​ជាច្រើន​ផង​នោះ ទើប​កាន់តែ​ធ្វើ​ឲ្យ​កីឡាករ​រូបនេះជាប់​ឈ្មោះ​ក្នុង​បញ្ជី​អ្នកខ្លាំងស្រករ​ក្រោយ​ជាច្រើន​ផងដែរ​។ អ្នក​ប្រដាល់​មាន​ដៃ​វែង​ជើងវែង ​សួន ចាន់នី ជា​អ្នក​ប្រដាល់ជើង​ខ្លាំង​ទម្ងន់​មធ្យម​ប្រចាំ​កម្ពុជា​ម្នាក់​នាពេល​បច្ចុប្បន្ន​ ដែលធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់បរទេស​ជាច្រើន​នាក់​មកហើយ គឺ​ឈ្នះ​ច្រើនជាង​ចាញ់​ ព្រោះ​ស្នៀត​ក្បាច់គុណ​ខ្មែរ​បុរាណរបស់គេខ្លាំង​ទាំង​ព្រម​តែម្តង ហើយ​វាយ​មិនមាន​អំនួត ​និង​មិន​ខ្លាច​គូរ​ប្រកួត​ណា​ម្នាក់​នោះទេ។ ចាំមើល​កីឡាករ ​សួន ចាន់នី ជា​អ្នកឈ្នះ​ឬ​កីឡាករ​ថៃ​ឈ្មោះ ​ប៉ក​ឌែ​ង ស៊ីត​ភ្នំ​ថង​?​។

​ដោយឡែក​កីឡាករ ​មាស ច័ន្ទ​មាន ត្រូវ​ជួប​ជាមួយ​កីឡាករ​ជនជាតិ​ថៃ​ ភិត​សាយ​ឈុន ធី​ដេ​ត​ឡូ​ងើន ក្នុង​ប្រភេទ​ទម្ងន់ ​៦៣.៥​ គីឡូក្រាម ដែល​មិនទាន់មាន​នរណា​ដឹងថា ​កីឡាករ​ថៃ​ម្នាក់នេះ​មានកម្រិត​វិជ្ជា​គុន​ខ្លាំង​ប៉ុណ្ណា​នោះទេ​។ ចំណែក​កីឡាករ​កម្ពុជា ​មាស ច័ន្ទ​មាន ត្រូវបាន​គេ​ស្គាល់​ថាជាកីឡាករ​កម្លាំង​យក្ស ព្រោះ​ជា​ទម្លាប់​ប្រកួត​របស់ ​ចាន់​មាន គឺ​វាយ​គូរ​ប្រកួត​គ្មាន​បន្ធូរបន្ថយ​ដៃឡើយ កម្លាំង​មាន​ប៉ុន្មាន​គឺ​គេ​បញ្ចេញ​ទាំងអស់ ការ​វាយ​មិន​ដកថយ​នេះ ​ដែល​តែងតែ​ប្រើ​កម្លាំងខ្លាំងវាយ​សម្រុក​បំបាក់ស្មារតីគូប្រកួត​ឲ្យ​ចុះ​ញ៉ម ប៉ុន្ដែ​បើ​គូប្រកួតរបស់ខ្លួន​រឹងមាំ​វិញ​នោះ មាស ច័ន្ទ​មាន ច្បាស់​ជា​រត់​ពេញ​រេញ​វិញ​មិន​ខាន​។

​ការប្រកួត​កន្លងមក​ស្នៀត​ខ្លាំង​របស់ ​មាស ច័ន្ទ​មាន គឺ​កណ្តាប់ដៃ ហើយ​មានចិត្ត​ប្រដាល់​ធំ កម្លាំង​ស៊ុហ្វ​ខ្លាំង​វាយ​ ៥ ​ទឹក​មិន​លំបាក​ឡើយ​។ តែ​យ៉ាងណា​ល្បិចកល​ក្នុងការ​ប្រកួត​របស់​កីឡាករ មាស ច័ន្ទ​មាន វាយ​របៀប​ផ្សងព្រេង ​តែបើ​ចំ​មួយៗ​គឺ​ខ្លាំង​តែម្តង និយាយ​រួម​សមត្ថភាព​របស់​មាស ច័ន្ទ​មាន មិនជា​ខ្លាំង​ហើយក៍​មិនជា​ខ្សោយ​ប៉ុន្មាន​ដែរ បើ​គូរ​ប្រកួត​មាន​ប្រវត្តិ​ប្រហាក់ប្រហែលគ្នា​នោះ គឺ​ទៅមិន​រួច​ជាមួយ​គេ​ឡើយ​។​ បើតាម​អ្នកវិភាគ​កីឡាប្រដាល់​អះអាងថា ក្នុងការ​ប្រកួត​នេះ មាស ច័ន្ទមាន គេ​មានសង្ឃឹម​ឈ្នះ​ច្រើនជាង បើទោះជា​ពួកគេ​មិនដែល​ជួបគ្នា​ក៏ដោយ​។ ចាំមើល ​មាស ច័ន្ទ​មាន ជា​អ្នកឈ្នះ ឬ​កីឡាករ​ជនជាតិ​ថៃ​ ភិត​សាយ​ឈុន ធី​ដេ​ត​ឡូ​ងើ​ន?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684