ព័ត៍មានទាន់​ហេតុការណ៏
Search

ឯម រៀម បរិច្ចាគ​ថវិកា​៥​ពាន់​ដុល្លារ ​រួមចំណែក​អភិរក្ស​សត្វ​ដំរី​នៅ​ខេត្ត​មណ្ឌល​គិ​រី

​ភ្នំពេញ ​៖ ​ សិល្បករ​គំនូរ​ និង​ជា​អ្នក​រចនា​ម៉ូត​សម្លៀកបំពាក់​ដ៏​ល្បី ​គឺ​លោក ឯម រៀម ថ្មីៗ​នេះ​ត្រូវបានមហាជន​ដឹង​គ្រប់គ្នា​ហើយ​ថា​ លោក​បាន​រង​នូវ​ការរិះគន់​យ៉ាង​ចាស់ដៃ​លើ​ករណី​បង្ក​ឲ្យមានការ​យល់ច្រឡំ​ រឿង​មនុស្ស​ប្រុស​គ្រង​មកុដ​អប្សរា។ ប៉ុន្តែ​ក្រោយពី​ការរិះគន់​បាន​ស្ងប់ស្ងាត់​ទៅវិញ​ ពេលនេះ​លោក​ក៏​ផ្តើម​លេចមុខ​លើ​សកម្មភាព​មនុស្សធម៌​ តាមរយៈ​ការ​បរិច្ចាគថវិកា​របស់ខ្លួន​ចូលរួមចំណែក​ដល់​ការ​អភិរក្ស​សត្វ​ដំរី​នៅ​ខេត្ត​មណ្ឌល​គិរី​។

តារា​បង្ហាញ​ម៉ូដ​លោក ឯម រៀម បាន​ប្រកាស​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា​ សូម​ចែករំលែក ​ទោះ​មានការ​រិះ​គន់​អំពី​អប្សរា​ប្រុស​កើត​ចេញពី​ការ​កូរ​សមុទ្រ​ទឹក​អ្វី​ក៏ដោយ តែ​អប្សរា​ប្រុស​ម្នាក់​នេះ​មាន​បេះដូង​ជា​មនុស្ស បាន​ជួយ​ថវិកា​ចំនួន ៥០០០​ ដុល្លារ​ពី​ការ​លក់​គំនូរ ជួយ​ដល់ AIRAVATA ដំរី​នៅ​ខេត្តមណ្ឌលគិរី។

លោក ឯម រៀម និយាយ​ថា ​នៅ​ថ្ងៃទី​១​ ខែ​៦ ​ខាងមុខនេះ អប្សរា​ប្រុស​ម្នាក់​នេះ រួម​ជាមួយ​សិល្បករផ្សេងទៀត​ នឹង​ជួយ​ដល់​អង្គារ​ទឹកចិត្ត​ម្តាយ​ ហើយ​ AIRAVATA សូម​អំពាវនាវ​រក​សប្បុរសជន​ជួយ​ផ្តល់​ថវិកា​​ ឬ​ជា​សម្ភារៈ​ដើម្បី​ចិញ្ចឹម​ថែទាំ​ និង​អភិរក្ស​ដំរី​ខ្មែរ។ ប្រទេស​កម្ពុជា​ទាំងមូលមាន​សត្វ​ដំរី​សរុប​ចំនួន​ប្រមាណ​ជាជាង​ ៣០០​ ក្បាល ​ក្នុងនោះ​ដំរី​ស្រុក​មាន​ចំនួន​ ៧២ ក្បាល និង​ដំរីព្រៃ​ ២៥០​ ក្បាល​។

តារា​ប្រុស​លោក ឯម រៀម បន្ថែមទៀតថា​ ក្នុងន័យ​ចូលរួមចំណែក​ថែទាំ​ការពារ និង​អភិរក្ស​សត្វ​ដំរីនោះ សមាគម​មូលនិធិ​អភិរក្ស​ដំរី​ខ្មែរ អៃ​រាវ​ត្តា ក៏​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ចិញ្ចឹម និង​ថែទាំ​សត្វ​ដំរីចំនួន​ ៤ ​ក្បាល ​នៅក្នុង​ខេត្តរតនគិរី​។ ​ដំរី​ឈ្មោល​មួយ​ក្បាល​ឈ្មោះ ​”​បឹ​ក​គុក​” អាយុ​៣៥​ឆ្នាំ បានដេក​ដួល​ក្រោក​មិន​រួច ព្រោះ​ខ្វះ​ចំណី​អាហារ នៅ​ភូមិ​ពូ​តាំង ឃុំ​សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​។

​សូមបញ្ជាក់ថា ​ថ្មីៗ​នេះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បាន​ផ្ទុះ​ការរិះគន់​យ៉ាង​កក្រើក​បាញ់​ចាក់ស្រោច​លើ​លោក ឯម រៀម ដែលជា​សិល្បករ​គំនូរ ចម្លាក់ និង​ជា​អ្នក​រចនា​ម៉ូដ​ដ៏​ល្បីល្បាញ ជុំវិញការយក​មកុដ​អប្សរា​ឲ្យ​មនុស្ស​ប្រុស​ពាក់​នៅលើ​ក្បាល​ ខណៈ​មានមតិ​ជាច្រើន​បានលើកឡើងថា​ លោក​កំពុង​បំពុលសង្គម និង​ធ្វើ​ឲ្យ​កូន​ខ្មែរ​មានការ​យល់ច្រឡំ​កាន់តែខ្លាំង​។ ​ប៉ុន្តែថ្វីត្បិតតែ​មានការ​រិះគន់​យ៉ាងណាក្តី ​គឺ​លោក ឯម រៀម មិន​ខ្វល់​នោះឡើយ​ ស្រប​ពេលដែលបច្ចុប្បន្ន​លោក​ក៏​កំពុងតែ​លេចមុខ​លើ​ការងារ​សង្គម​ផង៕