ព័ត៍មានទាន់​ហេតុការណ៏
Search

កូយ ឡាយ និង​ ឈុត សេរី​វ៉ាន់​ថង ជួប​កីឡាករ​ថៃ​ដើម្បី​សាកល្បង​កណ្តាប់ដៃ

​ភ្នំពេញ ៖ កីឡាករ​ស្រករ​ក្រោយ​ ២ ​នាក់ ​គឺកីឡាករ​ កូយ ឡាយ អ្នក​ប្រដាល់​នៃ​ក្លិប​កងពលតូច​ទ័ពពិសេស​ឆ័​ត្រ​យោង​៩១១ និង​កីឡាករ​ ឈុត សេរី​វ៉ាន់​ថង អ្នក​ប្រដាល់​មកពី​ក្លិប​រា​ហ៊ូ​កីឡាខេត្តបាត់ដំបង ត្រូវ​ឡើង​រ៉ាប់​រង​ជួប​ជាមួយ​កីឡាករ​ថៃ​ ប៊ិក​អិ​ម ស​.​ធុ​ត​សុ​ផុន និង​កីឡា​ករ វី​ហ្គោ ស​.​ដាន​ឆ័យ ដើម្បី​សាកល្បង​កណ្តាប់ដៃ​គ្នា ក្នុងការ​ប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ លើស​ង្វៀន​ស៊ីអិន​ស៊ី នា​ថ្ងៃអាទិត្យ ​ទី​២០ ខែឧសភា ឆ្នាំ​២០១៨​នេះ​។

​កីឡាករ ​កូយ ឡាយ ត្រូវ​ជួប​ជាមួយ​កីឡាករ​ថៃ ប៊ិក​អិ​ម ស​.​ធុ​ត​សុ​ផុន ក្នុង​ប្រភេទ​ទម្ងន់ ​៦០ ​គីឡូក្រាម។ អ្នក​ទាំងពីរ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក តែ​កីឡាករ​ថៃ​ម្នាក់នេះ​ធ្លាប់​មក​ប្រកួត​នៅលើសង្វៀន​ប្រទេស​កម្ពុជា​ជាច្រើន​មកហើយ ដោយ​មាន​ឈ្នះ​មាន​ចាញ់​ជាមួយ​កីឡាករ​ជើង​ខ្លាំងរបស់​កម្ពុជា​ផងដែរ​។ ស្នៀត​ខ្លាំង​របស់​កីឡាករ​ថៃ​ម្នាក់នេះ ​គឺ​ជើង​ទាត់ និង​ជង្គង់ ចំណែកកណ្តាប់ដៃ និង​កែង​មិន​ខ្លាំង​ប៉ុន្មាន​ទេ​តែ​គេ​អាច​ប្រើការ​បាន​។

​រីឯ​កីឡាករ​ស្រករ​ក្រោយ​ កូយ ឡាយ គេ​មាន​ស្នៀត​ប្រដាល់​ល្អ និង​វាយ​ខ្លាំង​ទាំង​ដៃ​ទាំង​ជើង​តែម្តង ពិសេស​ស្នៀត​កែង​របស់គេ គូប្រកួត​ទាំង​ជើងចាស់ ​និង​ជើង​ថ្មី​ពេល​ប្រកួត​ជាមួយ ​កូយ ឡាយ បើហ៊ាន​ប្រហែស​ច្បាស់​ជា​បែក​ដោយ​ស្នៀត​កែង​របស់គេ​មិន​ខាន​។ កូយ ឡាយ មិន​ត្រឹម​តែមានស្នៀត​ប្រដាល់​ល្អ​ប៉ុណ្ណោះ​ទេ គេ​ក៏មាន​កម្លាំង​ស៊ុ​ហ្វ​​រឹងមាំ​ផងដែរ។ សម្រាប់​ការជួបគ្នា​រវាង កូយ ឡាយ និង​ថៃ​ ប៊ិក​អិ​ម ស​.​ធុ​ត​សុ​ផុន នេះ​មិនមាន​នរណា​ហ៊ាន​ទស្សន៍ទាយ​មុន​ថាអ្នកណាទទួលបាន​ជ័យជម្នះ​នោះឡើយ​?​។

​ដោយឡែក​កីឡាករ​ជើង​ថ្មី ឈុត សេរី​វ៉ាន់​ថង ជួប​ជាមួយ​កីឡាករ​ថៃ ​វី​ហ្គោ ស​.​ដាន​ឆ័យ ក្នុង​ប្រភេទទម្ងន់ ​៥៧​ គីឡូក្រាម រវាង​កីឡា​ករទាំង​ពីរ​នាក់​នេះ​មិនមាន​អ្នកណា​ហ៊ាន​ទស្សន៍ទាយ​មុន​ថា កីឡាករ​មួយណា​ជា​អ្នកឈ្នះ​នោះទេ ព្រោះ​កីឡាករ​កម្ពុជា ជា​អ្នក​ប្រដាល់​ជើង​ថ្មី​ដែល​ទើបចូលប្រឡូក​លើស​ង្វៀន តែ​គេ​មាន​ស្នៀត​ប្រកួត​ខ្លាំង​ទាំង​ព្រម​តែម្តង ហើយ​វាយ​មិន​អំនួត​ទៀត​។

​ចំណែក​កីឡាករ​ថៃ​គេ​ជា​កីឡាករ​ជើង​ខ្លាំង​មួយរូប ដែល​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ជាច្រើនលើក មាន​ឈ្នះ​មាន​ចាញ់​ជាមួយ​កីឡាករ​លំដាប់ៗ​របស់​កីឡាករ​ជើង​ខ្លាំង​កម្ពុជា​។ ស្នៀត​ខ្លាំង​របស់កីឡាករ​ថៃ ​វី​ហ្គោ ស​.​ដាន​ឆ័យ គេ​ពូកែ​ស្នៀត​ជើង​ទាត់ ជង្គង់ ដែល​អាច​ប្រើ​បាន​គ្រប់កាលៈទេសៈ ហើយ​មាន​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង​ទៀតផង។​ តែ​យ៉ាងណា​កីឡាករ​ថៃ​ខ្លាច​កីឡាករ​កម្ពុជាត្រង់​វាយ ​៥ ​ទឹក​ពេញ មិន​ដូច​កីឡាករ​ថៃវាយ​តែ​ ២​ ទឹក​ ឬ​ ៣​ ទឹក​ដឹង​ឈ្នះ​ចាញ់ហើយ​។ ចាំមើល​រវាង​កីឡាករ​ជើង​ថ្មី ឈុត សេរី​វ៉ាន់​ថង និង​កីឡាករ​ថៃ វី​ហ្គោ ស​.​ដាន​ឆ័យ នរណា​ជា​អ្នកឈ្នះ?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684