ព័ត៍មានទាន់​ហេតុការណ៏
Search

ក្នុង​ពិធី​ចម្រើន​ព្រះជន្ម​ព្រះមហាក្សត្រ​រយៈពេលបីថ្ងៃ ខេត្តកោះកុងទទួលបានភ្ញៀវទេសចរកើនឡើងខ្ពស់

កោះកុង៖ យោងតាម​របាយការណ៍​ពី​មន្ទីរ​ទេសចរ​ណ៍​ខេត្តកោះកុង​បានអោយដឹងថា ក្នុង​ពិធីចម្រើនព្រះជន្ម​ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ រយៈពេល​៣​ថ្ងៃ ​ដោយ​គិត​ចាប់តាំងពី​ថ្ងៃទី១៣​ រហូតមកទល់​នឹង​ថ្ងៃទី​១៥ ចំនួន​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​លើទឹក​ដី​ខេ​តុ្ត​កោះកុង ​មានចំនួន​សរុប​ ៣១៧១៩​ នាក់ កើនឡើង​ចំនួន​ ១៧៩៧៥​ ស្មើ​នឹង​ ១៣០% ​ធៀប​នឹង​ឆ្នាំ​ ២០១៧។

​ប្រភព​ខាងលើ​បាន​បន្តថា ក្នុងនោះ​មាន​ភ្ញៀវទេសចរ​​ជាតិ​ចំនួន ​២៥១៣២​ នាក់ កើនឡើង​ ១២៣៦៦ នាក់ ស្មើ​នឹង​ ៩៦.៨%​ ធៀប​នឹង​ឆ្នាំ​ ២០១៧ ចំណែកឯ​ភ្ញៀវទេសចរ​​អន្តរជាតិ​មាន​ចំនួន​ ៦៥៨៧​ នាក់​ កើនឡើង ​៥៩១១​ នាក់ ស្មើ​នឹង​ ៨៧៤.៤%​ ធៀប​នឹង​ឆ្នាំ​ ២០១៧។

លោកជំទាវ មិថុនា ភូ​ថង អភិបាល​នៃ​គ​ណៈ​អភិបាលខេត្ត​កោះកុង ​រួមទាំង​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​ទាំងអស់​ក្នុង​ខេត្តកោះកុង​ ក៏បាន​ថ្លែងអំណរគុណ​ដល់ភ្ញៀវទេសចរ​​ជាតិ ​និង​អន្តរជាតិ​ ដែល​ពេញចិត្ត​មក​កម្សាន្ត​សប្បាយ​យ៉ាងច្រើន​កុះករ​ហួស​ពីការរំពឹងទុក។​

ទន្ទឹម​នឹង​នេះ ​លោកជំទាវ​ក៏បាន​សូម​ចូលរួម​សោកស្តាយ​ និង​សូម​ខន្តី​អភ័យទោស​ពី​សំណាក់ភ្ញៀវទេសចរ​​ជាតិ​ និង​អន្តរជាតិ​ទាំងអស់ នូវ​រាល់​ការខ្វះខាត​កន្លែង​ស្នាក់នៅ​ ក៏ដូចជា​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន​ សម្រាប់​ទទួលភ្ញៀវ​ក្នុងអំឡុងពេល​បុណ្យ​នេះ ហើយ​លោកជំទាវ​ក៏បានសន្យាថា ​នឹង​ព្យាយាម​រៀបចំ​អោយបាន​ល្អប្រសើរ​បំផុត​សម្រាប់​ឆ្នាំក្រោយៗ​ទៀត។

​ជា​ចុងបញ្ចប់​ លោកជំទាវ​ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ​ទៅដល់​ភ្ញៀវទេសចរ​​ទាំងអស់ដែល​មក​កម្សាន្ត​នៅលើ​ទឹកដី​ខេត្តកោះកុង និង​សូមអោយ​ភ្ញៀវទេសចរ​​ទាំងអស់​ទទួលបាននូវ​ភាព​រីករាយ និង​សេចក្តីសុខ​ក្នុងការ​ស្នាក់នៅ និង​សូម​ជូនពរ​អោយ​ការធ្វើដំណើរត្រឡប់​ទៅវិញ​របស់​បងប្អូន​ភ្ញៀវទេសចរ​ទាំងអស់ ​ប្រកបដោយ​សុខ​សុវត្ថិភាពគ្រប់ៗគ្នាផងដែរ៕​