ព័ត៍មានទាន់​ហេតុការណ៏
Search

កូរ៉េខាងត្បូង ​នឹង​ដើរតួ​ជា “​អ្នក​សម្រុះសម្រួល​” ដើម្បី​ដោះស្រាយ​មន្ទិលសង្ស័យ​នៃ​ជំនួប​កំពូល កូរ៉េខាងជើង​-​អាមេរិក​

មន្ត្រី​ម្នា​ក់នៅ​វិមាន​ប្រធានាធិបតី​កូរ៉េខាងត្បូង​បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​កូរ៉េខាងត្បូង​កំពុង​ព្យាយាម​សម្រុះសម្រួល​ដើម្បី​កាត់បន្ថយ​គម្លាត​រវាង​សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​ខណៈដែល​ពួកគេ​ទំនង​ជាមាន “​ជំហរ​ខ្វែងគំនិត​គ្នា​មួយចំនួន​” មុន​ជំនួប​កំពូល​មួយ​។​

សេចក្តី​អត្ថាធិប្បាយ​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ទីក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃ​ពុធ​បាន​គំរាម​ដកខ្លួន​ចេញពី​ជំនួប​កំពូល​ថ្ងៃទី​១២​ខែមិថុនា​នៅក្នុង​ប្រទេស​សិង្ហ​បុរី​ជាមួយ​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ដូ​ណា​ល់​ត្រាំ​ដោយ​និយាយថា ខ្លួន​អាច​នឹងមិន​ចូលរួម​ប្រសិនបើ​ក្រុង​វ៉ា​ស៊ី​ង​តោន​នៅតែ​បន្ត​ទាមទារ​ឲ្យ​ខ្លួន​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​ជា​ឯកតោភាគី​។​

មន្ត្រី​វិមាន Blue House បាន​និយាយថា រដ្ឋាភិបាល​កូរ៉េខាងត្បូង​ឬ​លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ី​ន មានបំណង​ដើរ “​តួនាទី​ជា​អ្នកសម្របសម្រួល​” ដ៏​សកម្ម​បន្ថែមទៀត​នៅក្នុង​បណ្តាញ​ផ្សេងៗ​ជាច្រើន​រវាង​កូរ៉េខាងត្បូង សហរដ្ឋអាមេរិក​និង​កូរ៉េខាងជើង​។​

លោក ត្រាំ នឹង​ទទួល​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន នៅក្នុង​កិច្ចប្រជុំ​កំពូល​មួយ​នៅឯ​សេត​វិមាន​នា​ថ្ងៃទី​២២​ខែឧសភា​ហើយ​អ្នក​ទាំងពីរ​ត្រូវបាន​គេ​រំពឹងថា​នឹង​ពិភាក្សា​អំពី​កិច្ចប្រជុំ​កំពូល​នាពេលខាងមុខ​រវាង​លោក ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន​។​

មន្ត្រី​ដដែល​បាន​និយាយថា “​វិមាន Blue House មានបំណង​ជូនដំណឹង​ដល់​សហរដ្ឋអាមេរិក​នូវ​អ្វីដែល​យើង​បានដឹង​អំពី​ជំហរ​និង​អាកប្បកិរិយា​របស់​កូរ៉េខាងជើង​ក្នុង​កិច្ចប្រជុំ​កំពូល​ថ្ងៃទី​២២​ហើយ​ជូនដំណឹង​អំពី​ជំហរ​របស់​សហរដ្ឋអាមេរិក​ទៅ​កូរ៉េខាងជើង​ដូច្នេះ​នេះ​អាចជួយ​កាត់បន្ថយ​គម្លាត​រវាង​ប្រទេស​ទាំង​ពីរបាន​”​។​

មន្ត្រី​រូបនេះ​បាន​បន្តថា “​ដោយ​មើលឃើញ​ពី​សេចក្តីថ្លែងការណ៍​និង​ការឆ្លើយតប​ដែល​បានប្រកាស​ពី​កូរ៉េខាងជើង​និង​សហរដ្ឋអាមេរិក​នោះ​, យើង​ឃើញថា ភាគី​ទាំងពីរ​មាន​អាកប្បកិរិយា​ដ៏​ស្មោះស្ម័គ្រ​និង​រឹងមាំ​”​។​

វិមាន Blue House បាន​និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា ប្រទេស​កូរ៉េខាងត្បូង​មានបំណង​បន្ត​ការពិភាក្សា​ជាមួយ​កូរ៉េខាងជើង​ដើម្បី​រៀបចំ​កិច្ចចរចា​ថ្នាក់ខ្ពស់​ជាថ្មី​ដែល​កូរ៉េខាងជើង​បាន​លុបចោល​កាលពី​ថ្ងៃ​ពុធ​។ ប្រទេស​កូរ៉េខាងជើង​បាន​លុបចោល​ការចរចា​នេះ​ដោយ​បន្ទោស​ដល់​ការធ្វើ​សមយុទ្ធ​យោធា​របស់​អាមេរិក​និង​កូរ៉េខាងត្បូង​៕