ព័ត៍មានទាន់​ហេតុការណ៏
Search

កាសែត Washington Post​ ៖ ​មេធាវី​របស់​លោក​Trump បាន​ស្នើ​​សុំ​ប្រាក់​១​លាន​ដុល្លារ​ពី​ប្រទេស​កាតា​នៅ​ចុងឆ្នាំ​២០១៦

កាសែត Washington Post បាន​រាយការណ៍​កាលពី​ថ្ងៃ​ពុធ​ថា លោក Michael Cohen ដែល​ជា​មេធាវី​ផ្ទាល់ខ្លួន​យូរអង្វែង​របស់​លោក​ប្រធានាធិបតី​អាមេរិក Donald Trump បានស្នើ​សុំ​ថវិកា​រដ្ឋាភិបាល​កាតា​យ៉ាងហោចណាស់​១​លាន​ដុល្លារ​ក្នុង​ខែធ្នូ​ឆ្នាំ​២០១៦​ដើម្បី​ជា​ការ​ដោះដូរ​សម្រាប់​ការចូល​មើល​ឬ​ការយល់ដឹង​អំពី​រដ្ឋបាល​របស់លោក Trump។

កាសែត​នេះ​បាន​រាយការណ៍​ដោយ​លើកឡើង​ពី​ប្រភព​មនុស្ស​ដែល​ដឹង​អំពី​ស្ថានភាព​នេះ​ថា ប្រទេស​កាតា​បាន​បដិសេធ​សំណើ​របស់លោក Cohen ដែល​បាន​ធ្វើឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​មុនពេល​ការសម្ពោធ​ចូលកាន់​តំណែង​របស់លោក Trump នៅ​ខែមករា​ឆ្នាំ​២០១៧​។​

ប្រព័ន្ធ​ផ្សព្វផ្សាយ​ផ្សេងទៀត​ក៏បាន​រាយការណ៍​ផងដែរ​កាលពី​ថ្ងៃ​ពុធ​ថា លោក Cohen បាន​ស្នើសុំ​ប្រាក់​ពី​លោក Ahmed Al-Rumaihi ដែល​នៅពេលនោះ គាត់​ជា​ប្រធាន​ផ្នែក​វិនិយោគ​នៃ​មូលនិធិ​ទ្រព្យសម្បត្តិ​រដ្ឋ​របស់​ប្រទេស​កាតា​។​

ទោះបីជា​យ៉ាងណាក៏ដោយ Reuters មិនអាច​ផ្ទៀងផ្ទាត់​របាយការណ៍​នេះ​ភ្លាមៗ​បានទេ​។ មេធាវី​របស់លោក Cohen គឺ​លោក Stephen Ryan ក៏​មិនបាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើសុំ​យោបល់​ពី​ទីភ្នាក់ងារ Reuters អំពី​របាយការណ៍​នេះដែរ​។ លោក Al-Rumaihi ក៏​មិនអាច​ទាក់ទង​សុំ​ការអត្ថាធិប្បាយ​បាន​ដូចគ្នា​។​

កាសែត​បាន​រាយការណ៍​ថា លោក Cohen បានធ្វើការ​ស្នើសុំ​លោក Al-Rumaihi ក្នុង​កិច្ចប្រជុំ​មួយ​នៅឯ​អគារ Trump Tower ក្នុង​ទីក្រុង​ញូវយ៉ក​កាលពី​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០១៦​។​

លោក Al-Rumaihi បាន​ស្ថិតនៅ​អគារ Trump Tower ដែលជា​ផ្នែក​មួយ​នៃ​គណៈប្រតិភូ​កាតា​ដែល​រួមមាន​ទាំង​រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Sheikh Mohammed al-Thani ផងដែរ​។​

កាសែត​បាន​រាយការណ៍​ថា លោក Al-Rumaihi បាន​ប្រា​ប់លោក Cohen ថា ប្រទេស​កាតា​រំពឹងថា​នឹង​វិនិយោគ​នៅក្នុង​ផែនការ​របស់លោក Trump ដើម្បី​ទាក់ទាញ​ការវិនិយោគ​នៅក្នុង​កម្មវិធី​ហេដ្ឋារចនាសម្ព័ន្ធ​របស់​អាមេរិក​។ លោក Cohen បានស្នើ​សុំ​ជួយ​ស្វែងរក​គម្រោង​ឲ្យ​ប្រទេស​កាតា​ជា​ថ្នូរ​នឹង​ទឹកប្រាក់​១​លាន​ដុល្លារ​។​

គួរ​បញ្ជាក់ថា ការស្នើរ​សុំ​ទៅ​ប្រទេស​កាតា​គឺជា​សំណើ​ចុងក្រោយ​ដែល​ធ្វើឡើង​ដោយ​លោក Cohen ដែល​ត្រូវបាន​គេ​រាយការណ៍​ជា​សាធារណ​បន្ទាប់ពី​ការទទួលស្គាល់​ដោយ​ក្រុមហ៊ុន​អាមេរិក​និង​អឺរ៉ុប​កាលពី​សប្ដាហ៍​មុន​ថា ពួកគេ​បាន​បង់លុយ​ឲ្យ​ទៅ​លោក Cohen ។​

ក្រុមហ៊ុន​ផលិត​ឱសថ​ស្វី​ស Novartis AG បាន​និយាយថា ខ្លួន​បាន​បង់ប្រាក់​ឲ្យ​លោក Cohen ជិត​១.២​លាន​ដុល្លារ​ខណៈ​ក្រុមហ៊ុន​ទូរគមនាគមន៍​អាមេរិក AT & T Inc បាន​ឲ្យ​ដឹងថា ខ្លួន​បាន​បង់ប្រាក់​ចំនួន​៦០០,០០០​ដុល្លារ​អាមេរិក​ចំណែក​ក្រុមហ៊ុន Korea Aerospace Industries Ltd របស់​កូរ៉េខាងត្បូង​បាន​ឲ្យ​ដឹងថា ខ្លួន​បាន​ជួល​គាត់​ក្នុងតម្លៃ​១៥០,០០០​ដុល្លារ​អាមេរិក​៕ REUTERS


TAG

ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684