ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមចោរលួចម៉ូតូ​បី​នាក់​​​ លួចបាន​មួយថ្ងៃត្រូវ​សមត្ថកិច្ច​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​៣​ ចាប់បាន ថែមទាំងចាប់អ្នកជួញដូរគឿង​ញៀន​ម្នាក់ទៀត​

ភ្នំពេញ​៖ សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​៣ បានធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ ៣ នាក់ ពាក់ព័ន្ធ​ករណី​លួច​កាច់ក​ម៉ូតូ​បាន​មួយថ្ងៃ រួច​ជនរងគ្រោះ​ទៅ​ដាក់​ពាក្យបណ្ដឹង​អោយ​សមត្ថកិច្ចធ្វើការ​ស្រាវជ្រាវ​ ទើបឃាត់ខ្លួនបាន​ជនសង្ស័យទាំង ​៣​ នាក់ ​ដែល​ជាប់ពាក់ព័ន្ធ​ករណី​លួចកាច់ក​ម៉ូតូ​កាលពី​វេលា​ម៉ោង ​១៦ ​និង ៣០ នាទី​រសៀល ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៨ នៅចំណុច​ផ្លូវលំ ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ។​

​លោក ឯម ភា​រី នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល​ស្ទឹងមានជ័យ​៣​ បាន​ប្រាប់​អោយដឹងថា ជនសង្ស័យ​ទី​១ ឈ្មោះ អ៊ឹម ម៉ាលី ហៅ ម៉ាប់ ភេទ​ប្រុស អាយុ​១៨ឆ្នាំ​ មុខរបរជាចោរ ស្នាក់នៅ​ម្ដុំ​សង្កាត់​ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។​ ទី​២ ​ឈ្មោះ ធឿន សុខ​ហេង ភេទ​ប្រុស​ អាយុ​១៨ឆ្នាំ ​មុខរបរកម្មករសំណង់ ស្នាក់នៅ​ម្ដុំ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​ ទី​៣ ​ឈ្មោះ អ៊ឹម ថន ហៅ ពៅ ភេទ​ប្រុស អាយុ​៣៨ឆ្នាំ​ មុខរបរ និង​ស្នាក់នៅ​មិន​ពិតប្រាកដ។ ​ចំណែក​ជនរងគ្រោះមានឈ្មោះ ម៉​ង សា​ម៉ុ​ច ភេទ​ប្រុស អាយុ​២២ឆ្នាំ​ មុខរបរកម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល ផ្លូវលំ ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

​លោក​បាន​បន្ដទៀតថា កាលពី​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៨​ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​មួយគ្រឿងម៉ាកហុងដា​ឌ្រី​ម ដែល​ពាក់​ស្លាក​លេខ​ ភ្នំពេញ ​1BV-0589 ពី​ផ្ទះជួល​ភូមិ​ត្រពាំង​ថ្លឹង ទៅលេង​ផ្ទះ​បងប្អូន​ជីដូនមួយ​នៅ​ភូមិ​ដំណាក់​ធំ​២ សង្កាត់​ស្ទឹងមានជ័យ​៣ រួច​ក៏​ទុក​ម៉ូតូ​ពីមុខ​បន្ទប់ហើយ​បាននាំគ្នា​ចូលក្នុង​បន្ទប់​បាត់អស់។ មួយ​ស្ទុះ​ក្រោយមក​ក៏​ចេញមក​មើល​ម៉ូតូ​ ក៏​ឃើញជនសង្ស័យ​ទាំង ​៣ ​នាក់ ​លួច​ម៉ូតូ​របស់ខ្លួន​បានសម្រេច ដោយ​យកទៅលក់​អោយ​បុរស​ម្នាក់​មិនស្គាល់ឈ្មោះ ​នៅ​ជិត​ផ្សារ​អង្គតាសោម ខេត្ដ​តាកែវ ក្នុងតម្លៃ​ ៣៥០​ ដុល្លារ រួច​នាំគ្នា​ចែក​លុយយកទៅ​ទិញ​ថ្នាំញៀន​ជក់​អស់។ លុះដល់​វេលា​ខាងលើ​ក៏ត្រូវ​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​នៅចំណុច​ផ្ទះ​ជួល ភូមិ​ដំណាក់​ធំ​២ ខណ្ឌមានជ័យ យកទៅ​ធ្វើការ​សាកសួរ​តែម្ដង។​

​ក្រោយពេល​សមត្ថកិច្ច​ធ្វើការ​សាកសួរ​រួច ​កម្លាំង​សមត្ថកិច្ច​ក៏បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួនជនសង្ស័យ​ទាំង​ ៣​ នាក់ ​ទៅកាន់​អធិការដ្ឋាន​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិ​ធី​ច្បាប់៕​