ព័ត៍មានទាន់​ហេតុការណ៏
Search

ស្លាប់​ម្នាក់ និង​រង​របួស​មនុស្ស​ពីរ​នាក់ ​ដោយសារ​រន្ទះបាញ់​ និង​ខូចខាត​លំនៅដ្ឋាន​ពីរ​ខ្នង ​ដោយសារ​ខ្យល់​កន្ត្រាក់

​សៀមរាប៖ កាលពីវេលា​​ម៉ោង ​០១ ​និង ​១៥​ នាទី រសៀលថ្ងៃទី​១៦ ខែឧសភា ​ឆ្នាំ​២០១៨​​ មានភ្លៀង​ធ្លាក់លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ និង រន្ទះបាញ់ បានកើត​ឡើង​នៅក្នុង​ភូមិសាស្ត្រ​ ឃុំមុខប៉ែន និង ឃុំ​ព្រៃ​ជ្រូក ស្ថិតក្នុង​ស្រុក​ពួក បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ម្នាក់ ​និង​ពីរនាក់ផ្សេងទៀតបានរងរបួស ព្រមទាំង​ខូចខាត​លំនៅដ្ឋានចំនួន ០២ ខ្នង និង ងាប់​សត្វ​គោ​ចំនួន​ ០៣ ​ក្បាល ​រួមនឹងសត្វ​ឆ្កែ​ចំនួន​ ០១ ​ក្បាល ផងដែរ​។

​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការនគរបាល​ស្រុក​ពួក បាន​ឲ្យ​ដឹងថា នៅវេលា​ខាងលើ​មានភ្លៀង​លាយទ្បំ​នឹង​ខ្យល់​កន្ត្រាក់ ព្រមទាំង​មាន​ករណី​រន្ទះបាញ់​មនុស្សបណ្តាលអោយ​ស្លាប់​ម្នាក់ និង​រងរបួសពីរ​នាក់ នៅ​ចំណុច​ត្រពាំង​តា​អុក​ទឹក ភូមិ​គោក​រាំង ឃុំ​មុខ​ប៉ែន​ ​ក្នុងស្រុក​ពួក​។​

លោក​វរសេនីយ៍ឯកបាន​បន្តថា ជនរងគ្រោះ​ដោយសាររន្ទះបាញ់​ដល់​ស្លាប់​មានឈ្មោះ​ វឿន ដុស ភេទប្រុស អាយុ៤៩​ឆ្នាំ មុខរបរ​ធ្វើស្រែ ភូមិ​គោក​រាំង ឃុំ​មុខ​ប៉ែន​ ​ក្នុងស្រុក​ពួក និងឈ្មោះ ជន ន​ន់ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ធ្វើស្រែ បាន​រងរបួស​ធ្ងន់​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ខណៈជនរងគ្រោះ​ទាំងពីរ​នាក់​កំពុង​ដើរ​ឃ្វាលគោ។ ជនរងគ្រោះ​ទាំងពីរ​នាក់​រស់នៅ​ភូមិ​ស្វាហួល ឃុំ​មុខ​ប៉ែន។

​ករណី​រន្ទះបាញ់​ងាប់​គោ ០៣ ក្បាល កើតហេតុ​នៅ​ចំណុច​វាលស្រែ​ចម្ងាយ​ពី​ភូមិ​ផ្លាំ​ង ឃុំ​ព្រៃ​ជ្រូក ប្រហែល ១៥០ ម៉ែត្រ​ ជា​របស់​ឈ្មោះ រួន ពោរ ភេទ​ប្រុស អាយុ​៤៥ឆ្នាំ រស់នៅ​ភូមិផ្លាំ​ង ឃុំ​ព្រៃ​ជ្រូក និងករណី​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់ បណ្ដាល​ឲ្យ​ផ្ទះមួយ​ខ្នង ទំហំ​ ៦x៧ ​ម៉ែត្រ ដំបូល​ស័ង្កសី ជញ្ជាំង​ស័ង្កសី កម្ពស់ ​១.៧០​ ម៉ែត្រ ធ្លាក់​ពី​ជើងតាំង ជា​របស់​ឈ្មោះ លាប លួត ភេទ​ប្រុស អាយុ​៥០ឆ្នាំ រស់នៅ​ភូមិ​ប្រាសាទ ឃុំព្រៃ​ជ្រូក បណ្ដាល​ឲ្យ​រងរបួស​ស្រាល​មនុស្ស​ម្នាក់ ឈ្មោះ ទូច ស្រី​ឡី ភេទ​ស្រី អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ច​ន្ទោ​រ ឃុំព្រៃ​ជ្រូក និងផ្ទះ​ឈ្មោះ បេង លីន ភេទស្រី អាយុ៣៦ឆ្នាំ រស់នៅ​ភូមិស្វាយ​ច​ន្ទោ​រ ឃុំ​ព្រៃ​ជ្រូក ស្រុក​ពួក ខូចខាត​ស័ង្កសី​ចំនួន​ ១០​ សន្លឹក៕​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 016 877 684