ព័ត៍មានទាន់​ហេតុការណ៏
Search

UN ​៖ ​មួយថ្ងៃ​មាន​ទារក​ប្រហែល​៦០​នាក់​ បាន​កើត​ក្នុង​ជំរំ​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​នៅ​ប្រទេស ​បង់​ក្លា​ដែ​ស

ទីភ្នាក់ងារ​កុមារ​របស់​អង្គការសហប្រជាជាតិ​ឬ UNICEF បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ទារក​ប្រហែល​៦០​នាក់​ បាន​កើត​ក្នុង​មួយថ្ងៃ​នៅក្នុង​ជំរំ​ជនភៀសខ្លួន​ធំៗ​នៅ​ប្រទេស​បង់​ក្លា​ដែ​ស​។ ជំរំ​ទាំងនោះ​គឺជា​ទីជម្រក​របស់​ប្រជាជន​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​រាប់សែន​នាក់​ ដែល​បាន​ភៀសខ្លួន​ចេញពី​ប្រទេស​មី​យ៉ាន់​ម៉ា​។​

ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជិត​៧០០,០០០​នាក់​បាន​រត់​ភៀសខ្លួន​ទៅ​តំបន់ Cox’s Bazar នៃ​ប្រទេស​បង់​ក្លា​ដែ​ស​ក្នុង​រយៈពេល​ប្រាំបួន​ខែ​ចុង​ក្រោយនេះ​បន្ទាប់ពី​ការបង្ក្រាប​របស់​យោធា​មី​យ៉ាន់​ម៉ា​ដែល​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក​និង​ចក្រភព​អង់គ្លេស​បាន​ថ្កោលទោស​ថា​ជាការ​បោសសម្អាត​ជនជាតិភាគតិច​។ យ៉ាងណាក្តី មី​យ៉ាន់​ម៉ា​បាន​បដិសេធ​ចំពោះ​ការចោទប្រកាន់​នេះ​។​

អង្គការ UNICEF បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ចាប់តាំងពី​វិបត្ដិ​នេះ​បានចាប់ផ្តើម​មក​, ទារក​ជាង​១៦,០០០​នាក់​បានកើត​នៅក្នុង​ជំរំ​ទាំងនោះ​ដែល​ក្នុងនោះ​មាន​ត្រឹមតែ​៣,០០០​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវបាន​បញ្ជូន​ទៅកាន់​មណ្ឌល​សុខភាព​។​

លោក Edouard Beigbeder តំណាង​អង្គការ UNICEF ប្រចាំ​ប្រទេស​បង់​ក្លា​ដែ​សបាន​និយាយថា “​ទារក​ប្រហែល​៦០​នាក់​ក្នុង​មួយថ្ងៃ​បានចាប់កំណើត​នៅក្នុង​ស្ថានភាព​ដ៏​គួរ​ឲ្យ​ភ័យខ្លាច ឆ្ងាយ​ពី​ផ្ទះ ក្នុង​ម្តាយ​ដែល​បាន​រស់រានមានជីវិត​ពី​ការផ្លាស់​ទីលំនៅ អំពើ​ហឹ​ង្សា ការប៉ះទង្គិច​ផ្លូវចិត្ត​និង​ជួនកាល​មានការ​ចាប់រំលោភ​”​។​

បេសកជន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បាន​ទៅ​មើល​ជំរំ​ទាំងនេះ​ក្នុង​ខែមេសា​។​
​លោក Beigbeder បាន​និយាយថា “​វា​មិនអាច​ទៅរួច​នោះទេ​ដើម្បី​ដឹង​ពី​ចំនួន​ពិតប្រាកដ​នៃ​ទារក​ដែល​បានកើត​ឬ​នឹង​កើត​ដោយសារតែ​អំពើ​ហឹ​ង្សា​ផ្លូវភេទ​។ វា​ជាការ​សំខាន់​ណាស់​ដែល​ម្ដាយ​និង​កូនចិញ្ចឹម​ទាំងអស់​ទទួលបាន​ជំនួយ​និង​ការគាំទ្រ​ដែល​ពួកគេ​ត្រូវការ​”​។​

មន្ត្រីជាន់ខ្ពស់​ម្នាក់​មក​ពី​ក្រសួងសុខាភិបាល​បង់​ក្លា​ដែ​ស​ដែល​បដិសេធ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​កាលពី​សប្តាហ៍​មុន​ថា រហូតមកដល់​ពេលនេះ ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​១៨,៣០០​នាក់​ត្រូវ​បានកំណត់​អត្តសញ្ញាណ​នៅក្នុង​ជំរំ​ទាំងនោះ​ហើយ​មានការ​ប៉ាន់​ស្មានថា ចំនួន​សរុប​អាចមាន​ប្រហែល​២៥,០០០​នាក់​៕ REUTERS


TAG