ព័ត៍មានទាន់​ហេតុការណ៏
Search

ពានរង្វាន់​សម្តេច​តេ​ជោ ចាប់ឆ្នោត​ជ្រើសរើស​គូប្រកួត​វគ្គ​១៦​ក្រុម​ថ្នាក់ជាតិ​រួចរាល់​ហើយ​

​ពានរង្វាន់​បាល់ទាត់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន លើក​ទី​១២ ​ឆ្នាំ​២០១៨ (Hun Sen Cup) ក្រោម​ការ​រៀបចំឡើង​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ (CNCC) សេនាធិការ​របស់សហ​ព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) បាន​ចាប់ឆ្នោត​ជ្រើសរើស​គូ​វគ្គ​១៦ក្រុមចុងក្រោយថ្នាក់ជាតិ​រួចរាល់​ហើយ​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែឧសភា ឆ្នាំ​២០១៨​។​

​ឆ្លងកាត់​តាមរយៈ​ការចាប់​ឆ្នោត​ឃើញថា​ គូ​ដែល​ត្រូវ​ប៉ះគ្នា​នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​នេះ មានស្វាយរៀង ជួប​ក្រុម​វិសាខា ហើយ​ក្រុម​ខេត្តកោះកុង ប៉ះ​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី ខណៈ​ក្រុម​សូល​ទី​ឡូ​អង្គរ ជួប​ក្រុម​អង្គ​រថា​យ​ហ្គឺ​រ ហើយ​ក្រុម​អគ្គីសនី​កម្ពុជា ប៉ះ​ក្រុម​ភ្នំពេញ​ក្រោ​ន ក្រុម​ណាហ្គា​វើ​ល ជួប​ក្រុម​កំពត ស្របពេល​ក្រសួងការពារជាតិ ជួប​អាស៊ី​អឺរ៉ុប ហើយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ប៉ះ​ក្រុម​គីរីវង់​អែ​ហ្វ​ស៊ី និង​ក្រុម​វេ​ស្ទើ​ន​ភ្នំពេញ ប៉ះ​ក្រុម​បឹងកេត​។​

​លោក ឆាំង ពិសិដ្ឋ លេខាធិការ​នៃ​គណៈកម្មការ​ប្រកួត​បាល់​ទាត់​ជាតិ​កម្ពុជា (CNCC) បាន​បញ្ជាក់ថា​ការប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយនេះ​ធ្វើឡើង​ចំនួន​២​ជើង ដោយ​ជើង​ទី​១ ធ្វើឡើង​នៅ​ថ្ងៃទី​១១ កក្កដា និង​ជើង​ទី​២ ធ្វើឡើង​១៨ កក្កដា ខាងមុខ​។ ក្រុម​ដែល​ឈ្នះ​ទាំង​២​ជើង​នេះ​ទទួលបាន​កៅអី​ឡើងទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ជា​បន្ត​។​

​ពានរង្វាន់​សម្តេច​តេ​ជោ​ឆ្នាំនេះ​នឹង​រៀបចំ​ចំនួន​២​វគ្គ​ដោយ​វគ្គ​ទី​១ ហៅថា​វគ្គ​ជម្រុះ​ថ្នាក់​ខេត្ត និង​វគ្គ​ទី​២​ហៅថា​វគ្គ​ជម្រុះ​ថ្នាក់ជាតិ ដែល​ការប្រកួត​ចាប់ពី​ថ្ងៃទី​៧ ខែមីនា រហូតដល់​ថ្ងៃទី​៦​ខែតុលា ឆ្នាំ​២០១៨​។ ចំពោះ​វគ្គ​ជម្រុះ​តាម​ថ្នាក់​ខេត្ត​បែងចែក ការប្រកួត​ជា​២​វគ្គ​ខុសគ្នា​ទៀត​គឺ​វគ្គ​ជម្រុះ​តាម​ពូ​ល​និង​ជម្រុះ​ចុងក្រោយ​។ វគ្គ​តាម​ពូ​ល​មាន​ក្រុម​ចំនួន​២៣​ខេត្ត​ចូលរួម​បូក​ជាមួយ​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​, ស៊ីម៉ាក់​, យុវជន​ក្រសួងការពារជាតិ និង​សាលា​បាល់ទាត់​ជាតិ​បាទី ទាំងអស់​២៧​ក្រុម​បែង​ចែកជា​៥​ពូ​ល​។ ក្រុម​លេខ​១​ដល់​លេខ​៣ បូក​ទាំង​ក្រុម​លេខ​៤​ល្អ​បំផុត​ក្នុងចំណោម​ពូ​ល​ទាំង​៥​មានឈ្មោះ​ឡើងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​។ ចំណែក​វគ្គ​ជម្រុះ​ជុំ​ចុងក្រោយ យក​ក្រុម​ទាំង​១៦​ចាប់​គូ​គ្នា​ប្រកួត​ប្តូរ​ទឹកដី​គ្នា រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ក្រុម​ដែល​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ (៤​ក្រុម​ខ្លាំងជាងគេ​) មានឈ្មោះ​ឡើងទៅ​ប្រកួត​ដណ្តើម​ជើងឯក​ថ្នាក់ជាតិ​។​

​ចំណែក​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​វិញ​ មាន​ក្រុម​ចំនួន​ ១២​ ជា​សមាជិក​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​នៅ​រង់ចាំ​បូក​ជាមួយ​ក្រុម​ចំនួន​៤ ​ខ្លាំងជាងគេ​មកពី​ការប្រកួត​ជម្រុះ​ជើងឯក​ថ្នាក់​ខេត្ត​។ ដោយ​ចាប់ឆ្នោត​រើស​គូប្រកួត​ប្តូរ​ទឹកដី​គ្នា (​ចំនួន​២​លើក​) ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​តែម្តង​។​យ៉ាងណាក្តី​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​និង​វគ្គ​ផ្ដាច់ព្រ័ត្រ​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ ទាំង​ក្នុង​វគ្គ​ជម្រុះ​ជើងឯក​ថ្នាក់​ខេត្ត​និង​វគ្គ​ជម្រុះ​ជើងឯក​ថ្នាក់ជាតិ​ក្នុង​ពានរង្វាន់​នេះ​។​

​សូម​រំលឹកថា​ ក្រុម​ជើងឯក​ឆ្នាំ​ចាស់​២០១៧ បាន​ទៅ​ព្រះខ័ន​រាជ​ស្វាយរៀង អមដោយ​ពានរង្វាន់​១ មេដាយ​ម្នាក់​១​គ្រឿង​និង​ទឹកប្រាក់ ៨០​លាន​រៀល ហើយ​ក្រុម​ណាហ្គា​វើ​ល ជា​ជើងឯក​រង បាន​មេដាយប្រាក់​ម្នាក់​១​គ្រឿង អមដោយ​ទឹកប្រាក់ និង​ទឹកប្រាក់​៤០​លាន​រៀល ខណៈ​ក្រុម​អគ្គីសនី​កម្ពុជា ឈរ​លេខ​៣ ទទួលបាន​មេដាយ​សំរឹទ្ធ​ម្នាក់​១​គ្រឿង អមដោយ​ទឹកប្រាក់​២០​លាន​រៀល​និង​ក្រុម​បឹងកេត ឈរ​លេខ​៤ ទទួលបាន​ទឹកប្រាក់​១០​លាន​រៀល​។​

​បើ​រាប់​បញ្ជី​ឈ្មោះ​ក្រុម​ដែល​ធ្លាប់​ឈ្នះ​ជើងឯក​ពានរង្វាន់​សម្តេច​តេ​ជោ តាំងពី​បង្កើត​ដំបូង​ក្នុង​ឆ្នាំ​២០០៧ មក​មាន​ក្រុម​ខេមរា​កីឡា ឆ្នាំ​២០១៧,​ភ្នំពេញ​ក្រោ​ន (​ឬ​ភ្នំពេញ​អ៊ី​ម​ផាយ​អ័​រ​) ឆ្នាំ​២០០៨,២០០៩, ក្រសួងការពារជាតិ ឆ្នាំ​២០១០, ព្រះខ័ន​រាជ​ស្វាយរៀង ឆ្នាំ​២០១១,២០១២, ណាហ្គា​វើ​ល ឆ្នាំ​២០១៣, អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ឆ្នាំ​២០១៤, ព្រះខ័ន​រាជ​ស្វាយរៀង ឆ្នាំ​២០១៥ និង​ក្រសួងការពារជាតិ ឆ្នាំ​២០១៦៕​