ព័ត៍មានទាន់​ហេតុការណ៏
Search

កីឡាករ​ទើប​បង្ហាញមុខ​ថ្មី​របស់​ក្រុម​សូល​ទី​ឡូ​អង្គរ អាច​ចូល​លេង​វិញ​បាន​ ចាប់ពី​ចុង​សប្ដាហ៍​នេះតទៅ​

​ក្លិប​សូល​ទី​ឡូង​អង្គរ ទើបតែ​បង្ហាញមុខ​កីឡាករ​កូតា​បរទេស​ទី​៥ នៅក្នុង​ក្រុម​របស់ខ្លួនកាលពីពេលថ្មីៗ ក្រោយ​ចុះឈ្មោះ​ទុក​តាំងពី​ដើមរដូវ​កាល​មកម្ល៉េះ ខណៈ​កីឡាករ​រូបនេះអាចមាន​ឈ្មោះ​ចូលរួម​ប្រកួត​ក្នុង​លី​គ​កំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ​ ២០១៨ (Metfone Cambodian League 2018) ចាប់ពី​ចុង​សប្ដាហ៍​នេះ​តទៅ​ផងដែរ​។

​យោងតាម​ការបង្ហាញ​ជា​សាធារណៈ​របស់​ក្លិប​ ដែលមាន​មូលដ្ឋាន​នៅ​ខេត្តសៀមរាបមួយ​នេះ កីឡាករ​ថ្មី​រូបនេះ​ឈ្មោះ ABBAN JAMES KWAME ជា​ជនជាតិ​ហ្កា​ណា (​ប្រទេស​នៅ​ទ្វីបអាហ្វ្រិក​) មាន​អាយុ២៦ឆ្នាំ តួនាទី​ខ្សែប្រយុទ្ធ​។ រូបគេ​ទើបតែ​ធ្វើដំណើរ​មកដល់​ខេត្តសៀមរាប នៅ​ថ្ងៃ​ពុធ ទី​១៦ ខែឧសភា នេះ​នោះទេ​។ សមាជិក​ថ្មី​រូបនេះ​អាច​ចូល​ជួយ​ក្លិប​ពី​សប្ដាហ៍​ទី​៦​ ចុង​សប្ដាហ៍​នេះ​តទៅ ដោយ​ក្រុម​សូល​ទី​ឡូ​អង្គរ ត្រូវ​ប៉ះ​ក្រុម​ណាហ្គា​វើ​ល វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​២០ ខែឧសភា ឆ្នាំ២០១៨ លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ​ក្នុង​រាជធានី​ភ្នំពេញ​។​

​កីឡាករ ABBAN JAMES KWAME ធ្លាប់មាន​ប្រវត្តិ​ប្រកប​អាជីព​នៅ​ក្លិប Medeama S.C សមាជិក​លី​គកំពូល​ប្រទេស​ហ្គា​ណា ចាប់ពី​ឆ្នាំ​ ២០១៣ ដល់​ ២០១៧ មុន​ផ្លាស់​ទៅ​ចូលរួម​ជាមួយ​ក្លិប Al-Talaba SC របស់​លី​គ​កំពូល​អ៊ីរ៉ាក់ រយៈពេល​១​រដូវ​កាល​។ យោងតាម​គោល​ការ​របស់​សហព័ន្ធកីឡាបាល់ទាត់​កម្ពុជា ស្របតាម​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី កំណត់ថា​ក្លិប​ជា​សមាជិក​លី​គ​របស់ខ្លួន​អាច​ចុះបញ្ជី​កីឡាករ​បរទេស​បាន​ ៥ ​នាក់ ប៉ុន្តែ​ក្នុងនោះ​ត្រូវមាន​កីឡាករ​អាស៊ី ១​ រូប (​រូបមន្ត ៤+១)​។ ដូច្នេះ​កីឡាករ​បរទេស​ទាំង​៥​នាក់​របស់​សូល​ទី​ឡូ​អង្គរ មាន Yuta Kikuchi, Kento Fujihara, Unno Tomoyuki​ជា​ជនជាតិ​ជប៉ុន Dzarma Bata ជា​ជនជាតិ​នី​ហ្សេ​រី​យ៉ា និង​James Abban ជា​ជនជាតិ​ហ្គា​ណា​។

​ក្រុម​សូល​ទី​ឡូ​អង្គរ ជា​ក្រុម​លេខ​៤ ក្នុង​ពានរង្វាន់​លី​គ​លំដាប់​ទី​២ រដូវ​កាល​ឆ្នាំ ​២០១៧ ហើយ​ទទួលកៅអី​ឡើងទៅ​លេង​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ ​២០១៨ បន្ទាប់ពី​ក្រុមយុវជន​ក្រសួងការពារជាតិ និង​ក្រុម​សាលា​បាល់ទាត់​ជាតិ​បាទី មិនអាច​ឡើង​បាន​។ ក្លិប​នេះ​ប្រើប្រាស់​កីឡដ្ឋាន​ខេត្តសៀមរាប ជា​ទឹកដី​របស់ខ្លួន​។ លោកគ្រូ​បង្វឹក​ជនជាតិ​ជប៉ុន Yuki Matsuda ជា​គ្រូ​បង្គោល​ប្រចាំ​ក្រុម​ទើបតែ​បញ្ចប់​វគ្គ​សិក្សា​គ្រូបង្វឹក​បាល់ទាត់​កម្រិត AFC A License នៅ​ប្រទេស​សិង្ហ​បុរី​។​

​សូម​រំលឹកថា ​ក្លិប​មួយ​នេះ​បង្កើតឡើង​ដំបូង​មាន​ឈ្មោះថា​ សៀមរាប​អង្គរ តែ​ក្រោយ​មានការ​វិនិយោគ​ពី​សំណាក់​កីឡាករ Keisuke Honda សមាជិក​ក្រុម​ជម្រើសជាតិ​ជប៉ុន កំពុង​ប្រកប​អាជីព​នៅ​ក្លិប Pachuca លី​គ​កំពូល​ប្រទេស​ម៉ិចស៊ីកូ កាលពី​ចុងឆ្នាំ​២០១៦ បាន​ប្តូរ​ឈ្មោះ​ទៅជា សូល​ទី​ឡូ​អង្គរ (Soltilo Angkor FC) វិញ​រហូត​ដណ្តើមបាន​កៅអី​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​នេះ​។​

​ឆ្លងកាត់​៥​ប្រកួត​ដំបូង​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា​រដូវ​កាល​ឆ្នាំ​២០១៨ ក្រុម​សូល​ទី​ឡូ​អង្គរ​កំពុង​ឈរ​ចំណាត់ថ្នាក់​លេខ​១០ ក្នុងចំណោម​សមាជិក​ទាំង​១២ បន្ទាប់ពី​ឈ្នះ​១​ប្រកួត​ស្មើ​១​ប្រកួត​និង​ចាញ់​៣​ប្រកួត​។ ប្រកួត​បន្ទាប់​ក្រុម​នៅ​ខេត្តសៀមរាប មួយ​នេះ​ត្រូវ​ប៉ះ​ក្រុម​ណាហ្គា​វើ​ល នៅវេលា​ម៉ោង​៣:៣០​នាទី​រសៀល​លើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨៕