ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រើសជាតិ​កម្ពុជាឈរ​លេខ ​១៧០ ​ក្នុង​តារាង​ពិភពលោក​ប្រចាំ​ខែឧសភា​នេះ និង​បន្ត​ឈរលើប្រទេស​អាស៊ាន​៥​ ផ្សេងទៀត​

​សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ ឬ ហៅ​កាត់​ថា FIFA បាន​បញ្ចេញ​តារាង​ចំណាត់ថ្នាក់​ក្រុមបាល់ទាត់​ទាំងអស់​ជា​សមាជិក​របស់ខ្លួន (FIFA World Ranking) ដែលមាន ២០៦ ប្រទេសប្រចាំខែឧសភា ឆ្នាំ ​២០១៧ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៧ ខែឧសភា ថ្មីៗ​នេះ​ ស្របពេល​ក្រុមកម្ពុជា នៅ​ឈរ​ចំណាត់ថ្នាក់​ចំនួន​លេខ​ ១៧០ ពោលគឺ​ធ្លាក់​ចំណាត់ថ្នាក់​ ២ ​លេខ បើ​ធៀបទៅនឹង​ខែមេសា កន្លងទៅ​ឈរ​លេខ ​១៦៨​។​

​យោងតាម​វិ​ប​សាយ fifa.com បាន​បញ្ជាក់ថា​ តារាង​ចំណាត់ថ្នាក់​នេះ​គិត​ចាប់ពី​ថ្ងៃទី​១៧ ខែឧសភា រហូតដល់​ថ្ងៃទី​៧ ខែមិថុនា ឆ្នាំ​២០១៨ ខាងមុខ​។ តារាង​ចំណាត់ថ្នាក់​នេះ​មិនមាន​ការប្រែប្រួល​ច្រើន ព្រោះ​ក្រុម​ជម្រើសជាតិ​កម្ពុជា មិនមាន​សកម្មភាព​ប្រកួត​កាលពី​ខែមេសា កន្លងទៅ ពោល​គឺមានសកម្មភាព​តាំងពី​ខែមីនាម្ល៉េះ ​ក្រោយ​បាន​ប្រកួត​ឈ្នះ​លើ​ក្រុម​ឡាវ ក្នុង​ប្រកួត​មិត្តភាព​អន្តរជាតិ ១​ទល់​០ តែ​ចាញ់​ក្រុម​អា​ហ្វ​ហ្គា​នី​ស្ថាន ២​ទល់​១ ក្នុង​ប្រកួត​ជម្រុះ​ជើងឯក​ទ្វីបអាស៊ី (AFC Asian Cup 2019 UAE)​។​

​សរុប​តារាង​ចំណាត់ថ្នាក់​ប្រចាំ​តំបន់​អាស៊ាន ប្រទេស​វៀតណាម ឡើង​មកឈរ​កំពូល​តា​រាង​៥​ខែ​ជាប់​គ្នា ដោយ​ឈរ​លេខ​១០២​ពិភពលោក បន្ទាប់ពី​វ៉ា​ដាច់​ហ្វីលីពីន នៅ​លេខ​១១១ តាម​ពីក្រោយ​ក្រុម​ថៃ ឈរ​លេខ​១២២​ពិភពលោក ,​មី​យ៉ាន់​ម៉ា លេខ​១៣៥,​ឥណ្ឌូណេស៊ី លេខ​១៦៤, កម្ពុជា លេខ​១៧០, ម៉ាឡេស៊ី លេខ ១៧១, សិង្ហ​បុរី លេខ​១៧៣, ឡាវ លេខ​១៧៩,​ទី​ម័​រ​ខាងកើត លេខ​១៩០ និង​ប្រ៊ុយណេ លេខ​១៩៥​។​

​បើ​រាល់​តារាង​ចំណាត់ថ្នាក់​ក្រុម​ល្អ​ទាំង​១០ ប្រចាំ​ទ្វីបអាស៊ី ក្នុង​ខែឧសភា នេះ​មាន​អ៊ីរ៉ង់ ឈរ​លេខ​៣៦​ពិភពលោក​,​អូស្ត្រាលី លេខ​៤០, ជប៉ុន លេខ​៦០, កូរ៉េខាងត្បូង លេខ​៦១, អារ៉ាប៊ីសាអ៊ូឌីត លេខ​៦៧, ចិន លេខ​៧៣, គី​ហ្ស៊ី​ស្ថាន លេខ​៧៥, ស៊ី​រី លេខ ៧៦, អារ៉ាប់​រួម លេខ​៨១ និង​លី​ប៉ង់ លេខ​៨២​ពិភពលោក​។​

​សម្រាប់​ចំណាត់ថ្នាក់​ក្រុម​ខ្លាំងជាងគេ​ប្រចាំ​ពិភពលោក​ក្នុង​ខែឧសភា នេះ​មាន​អាល្លឺម៉ង់ ឡើង​មកឈរ​ចំណាត់ថ្នាក់​លេខ​១ ចំនួន​៩​ខែ​ជាប់​គ្នា ខណៈ​ក្រុម​ប្រេ​ស៊ី​ល បន្ត​ឈរ​លេខ​២ ហើយ​ប៊ែ​ល​ហ្ស៊ិ​ក ឈរ​លេខ​៣ ,​ព័រ​ទុយ​ហ្គា​ល់ ធ្លាក់​ទៅ​លេខ ៤, ប្រទេស​អា​ហ្ស​ង់​ទីន ឈរ​លេខ​៥, ស្វី​ស លេខ​៦ បារាំង លេខ​៧, អេ​ស្ប៉ា​ញ លេខ​៨, ឈី​លី ឡើងមក​លេខ ៩ និង ប៉ូ​ឡូង ឈរ​ចំណាត់ថ្នាក់​លេខ​១០៕